(បាត់ដំបង)៖ មន្រ្តីតុលាការ និងសមត្ថកិច្ចខេត្តបាត់ដំបង បានលួចឆ្មក់ចូលបង្រ្កាប កន្លែងបម្រើសេវាផ្លូវភេទមួយកន្លែង នៅស្រុកកំរៀង ឃាត់ខ្លួននារី បម្រើសេវាផ្លូវភេទ១៣នាក់ មានជនជាតិវៀតណាម ៩នាក់ និងមេការចំនួន៣នាក់ កាលពីម៉ោង៧៖៣០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ ក្នុងក្រុមទី១៣ ភូមិដូង ឃុំបឹងរាំង ស្រុងកំរៀង ខេត្តបាត់ដំបង។
ប្រតិបត្តិការឆ្មក់បង្រ្កាប កន្លែងរកស៊ីបម្រើសេវាផ្លូវភេទនេះ ដឹកនាំដោយ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ ដំបង។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នារីរកស៊ីផ្លូវភេទបាន ១៣នាក់នេះ មានជនជាតិវៀតណាម៩នាក់ ខ្មែរ៤នាក់ ក្នុងនោះមានអនីតិជនអាយុ១៤, ១៥ឆ្នាំ ២នាក់។
មេការដែលសមត្ថកិច្ចឃាត់ខ្លួនចំនួន ៣នាក់នោះ មានទី១. ឈ្មោះ សេង ឡិក ភេទប្រុស អាយុ ៤៣ឆ្នាំ, ទី២. ឈ្មោះ អ៊ិន សុភាព ភេទ ស្រីអាយុ ៣៦ឆ្នាំ និងទី៣. ឈ្មោះ អ៊ីប គង់ ភេទប្រុស អាយុ ២៦ឆ្នាំ។ នៅក្នុងរបាយការណ៍ បានបញ្ជាក់ទៀតថា ស្រ្តីរកស៊ីផ្លូវភេទទាំង ១៣នាក់ រួមនិង មេការ ត្រូវបាននាំយកទៅ ការិយាល័យជំនាញទាំងយប់។ លុះព្រឹកឡើង មន្រ្តីការិយាល័យសាកសួរចម្លើយ និងធ្វើកំណត់ហេតុ តែមិនទាន់ មានការសម្រេចយ៉ាង នៅឡើយនោះទេ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី