ប៉េកាំង៖ តាមប្រភពព័ត៌មានពី សំណាក់ក្រុមស៊ើបអង្កេត របស់សហរដ្ឋអាមេរិក បានធ្វើសេចក្តី
រាយការណ៍ថា ប្រទេសកូរ៉េខាងជើង មានគម្រោងធ្វើការបាញ់ សាកល្បងគ្រាប់មីស៊ីលរបស់ខ្លួន
មិនត្រឹមតែមួយគ្រាប់នោះទេ ប៉ុន្តែជាច្រើនគ្រាប់។ នេះគឺជាសកម្មភាព ដែលបង្កភាពតានតឹងខ្លាំង
ក្លាបំផុត របស់មេដឹកនាំវ័យក្មេងរូបនេះ។
ដោយសារស្ថានភាព ក្នុងពេលបច្ចុប្បន្ន កំពុងមានភាពតឹងតែងខ្លាំង ជម្រុញឲ្យអ្នកវិភាគមួយចំនួន
ពិចារណាពីភាពអាចទៅរួច នៃការប្រឈមមុខដាក់គ្នា រវាងប្រទេសកូរ៉េទាំងពីរ ដែលនៅតែបន្ត
មានវិវាទគ្នា រហូតដល់ពេលបច្ចុប្បន្ន បន្ទាប់ពីការផ្ទុះសង្គា្រម ឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ ដោយ
បានបញ្ចប់ទៅ ដោយពុំមានសន្ធិសញ្ញា សន្តិភាពរួមគ្នាឡើយ។
មេដឹកនាំកូរ៉េខាងជើង បានបង្ហាញឥរិយាបទបដិសេធ មិនស្តាប់តាមសហគមន៍អន្តរជាតិ ឡើយ
ដែលនាំឲ្យមានការចោទ ជាចម្ងល់ថាតើមានអ្នកណា អាចដោះស្រាយបញ្ហា និងចរចា ជាមួយ
មេដឹកនាំវ័យ ៣០ឆ្នាំរូបនេះបាន។ ក្នុងស្ថានភាពបែបនេះ មនុស្សគ្រប់គ្នាបានគិត ដល់មេដឹកនាំ
ចិន ហើយចោទសួរថា តើកូរ៉េខាងជើង អាចស្តាប់បង្គាប់តាមប្រទេស ចិនដែរឬទេ?
អ្នកវិភាគជាច្រើនបានលើកឡើងថា ក្នុងចំណោមអ្នកមហាអំណាច នានាក្នុងតំបន់ ប្រទេសចិន
ជាប្រទេសដែលមានអនុភាព ទៅលើប្រទេសកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ខ្លាំង
ជាងគេ។ ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងទៅនេះ ប្រទេស ចិន បានផ្តល់ជំនួយជាច្រើន ទៅ
ប្រទេសកូរ៉េខាងជើង ក្នុងនោះ មានដូចជា ប្រេង ស្បៀងអាហារ និងប្រភពថាមពលផ្សេងៗ
ទៀត។ ប្រទេសចិន អាចបញ្ឈប់សកម្មភាព ផ្តល់ជំនួយបែបនេះ បានគ្រប់ពេលវេលា ប៉ុន្តែ
មហាអំណាចមួយនេះ កម្រជ្រើសជម្រើសបែបនេះណាស់។
អ្នកវិភាគម្នាក់បានលើកឡើងថា ប្រសិនបើយើងជ្រើសរើស ជម្រើសរឹតបន្តឹងប្រទេស កូរ៉េខាង
ជើង ក្នុងរយៈពេលមួយសប្តាហ៍ តើយើងត្រូវធ្វើមានជម្រើសបែបណា នៅក្នុងសប្តាហ៍បន្ទាប់?
ជម្រើសមានតែមួយគត់គឺ ត្រូវកាត់បន្ថយសម្ពាធវិញ ព្រោះថាយើងមិនអាចបណ្តោយ ឲ្យប្រជា
ជនក្នុងប្រទេសនេះ ត្រូវដាច់ខ្យល់ស្លាប់បានឡើយ។ ហេតុនេះបានជាមាន ការលើកឡើងថា
មធ្យោបាយបែបនេះ ត្រូវបរាជ័យតាំងពី ចាប់ផ្តើមដំបូងមកម្ល៉េះ។
លោក Sunny Lee អ្នកនិពន្ធ និងជាអ្នកវិភាគរបស់ កូរ៉េខាងត្បូងបាន ឲ្យដឹងថាប្រទេសចិន ធ្លាប់
បានដាក់សម្ពាធប្រទេស កូរ៉េខាងជើង ក្នុងឆ្នាំ២០០២ម្តង និងក្នុងឆ្នាំ២០០៦ម្តងទៀត។ ពួកគេ
បានព្យាយាមធ្វើបែបនេះ ហើយបានទទួលស្គាល់ថា វាជាមធ្យោបាយដែលគ្មាន ប្រសិទ្ធភាព
ឡើយ។ ហេតុផលដោយសារតែ ប្រទេស ចិនមិនចង់ឃើញ ប្រជាជនកូរ៉េខាងជើង ជួបប្រទះ
គ្រោះអត់អាហារ ហើយភៀសខ្លួនទៅកាន់ប្រទេសចិន តាមបន្ទាត់ព្រំដែនដែលមាន ចម្ងាយប្រ-
មាណ ១.៤០០គីឡូម៉ែត។
អ្វីដែលសំខាន់បំផុត ប្រទេសចិន ភ័យខ្លាចប្រទេសកូរ៉េទាំងពីរ បង្រួបបង្រួមគ្នា ហើយស្ថិតក្រោម
ឥទ្ធិពល របស់កូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច របស់សហរដ្ឋអាមេរិក។ ហេតុ
នេះជម្រើសនៃការ ដាក់សម្ពាធរបស់ចិន មិនអាចជម្រុញឲ្យកូរ៉េខាងជើង ផ្លាស់ប្តូរឥរិយាបទរឹង
ទទឹង របស់ខ្លួនបានឡើយ។
វាអាចស្តែងឲ្យឃើញថា ទោះបីជាប្រទេស ចិនដែលជាសម្ព័ន្ធមិត្ត និងជាម្ចាស់ជំនួយសំខាន់បំផុត
នៅតែមានភាពពិបាកក្នុងការចរចាជាមួយកូរ៉េខាងជើង ដើម្បីឈានទៅរកដំណោះស្រាយ ខណៈ
ដែលប្រទេសកុម្មុយនីសមួយនេះ កំពុងបង្កការព្រួយបារម្ភខ្ពស់ ទាក់ទិននឹងបញ្ហាអាវុធនុយក្លេអែរ
នេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល