CamNews

កំសាន្ត 

ផាន វី​រ៉ា​ទី ហៅ​កញ្ញា ស្ពៃ​ជ្រក់ ត្រូវ​គេ​រិះគន់​យ៉ាង​ចាស់ដៃ លើ​ក្បាច់​រាំ​បទ "ចង់​តែ​នៅ​ក្រមុំ"

(​ភ្នំពេញ​)៖ តារាចម្រៀង​ស្រី កញ្ញា ផាន វី​រ៉ា​ទី ហៅ រ៉ាប៊ី ឬ​កញ្ញា ស្ពៃ​ជ្រក់ បច្ចុប្បន្ន​ជា​តារាចម្រៀង​ស្រី​លេចធ្លោ​ម្នាក់ ខាង​ក្បាច់​រាំ បែប​ញាក់​កន្ត្រាក់​អារម្មណ៍ ក្នុង​ផលិតកម្ម​ថោ​ន និង​ជា​ដៃគូ​ថ្មី​របស់ លោក សុគន្ធ ថេ​រ៉ាយុ ។ ថ្មីៗ​នេះ នាង​បាន​បង្ហើ​សំនៀង​មួយ​បទ​មាន​ចំណងជើង​ថា «​ចង់​តែ​នៅ​ក្រមុំ​» ជា​បទ​ចម្រៀង​មរតក​ដើម ដែល​បាន​យក​មក​បកស្រាយ​ឡើងវិញ ហើយក៏​ជា​បទ​ចម្រៀង​មួយ ធ្វើឲ្យ​គេ​ស្គាល់​នាង ក្នុងនាម​ជា​តារាចម្រៀង​ថ្មី​ផង​ដែរ​។

​ជា​ការពិត តារាចម្រៀង​បច្ចុប្បន្ន ម្នាក់ៗ​នាំគ្នា​កាត់បន្ថយ​បទ​ចម្រៀង​ចំឡង​ពី​បរទេស និង​បាន​ងាក​មក​យក​បទ​ចម្រៀង​ពី​សម័យមុន មក​ច្រៀង​សារជាថ្មី ដោយ​កែ​ភ្លេង​ថ្មី និង​ក្បាច់​រាំ​ថ្មី​។ ជា​ស្ដែង​ដូចជា ឱក សុគន្ធ កញ្ញា កំពុងតែ​ល្បី​នឹង​បទ «​ស្រះ​អួ​យ​» និង បទ «​ឌឹ​បៗ​អូយ​» ជា​សំនៀង​ដើម របស់​អ្នកស្រី សុង សេង​ហ៊​ន​។ ជាមួយគ្នានេះ ឱក សុគន្ធ​កញ្ញា ក៏​បាន​បន្ថែម​ជា​មួយ​ក្បាច់​រាំ​បែប​ទំនើប ធ្វើឲ្យ​បទ​ទទួល​ការគាំទ្រ បាក់ទឹកបាក់ដី​។ ដោយឡែក កញ្ញា រ៉ាប៊ី បទ​ចម្រៀង «​ចង់​តែ​នៅ​ក្រមុំ​» របស់​នាង ក៏​ត្រូវ​បាន​រាំ​បញ្ចូល​គ្នា​រវាង​ក្បាច់ សា​រ៉ា​វ៉ាន ជាមួយ​ក្បាច់​ទំនើប​ផង​ដែរ ។​

​ផាន វី​រ៉ា​ទី ទើបតែ​ឡើង​សម្ដែង ក្នុង​បទ​ចម្រៀង​នេះ​ជា​លើកដំបូង នៅ​ស្ថានីយ​ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហើយ​គេ​យក​ការសម្ដែង​មក​ផុស ដោយ​ទទួលបាន​ការរិះគន់ និង ប្រើ​សម្ដី​មិន​សមរម្យ​ជាច្រើន លើ​រូប​នាង ដោយ​មាន​អ្នកខ្លះ​និយាយថា «​ខ្មែរ​យើង​ឆ្កួត​វង្វេង​ទៀតហើយ យក​ចង្វាក់​សា​រ៉ា​វាន់ មក​រាំ​ជា​ចង្វា​ក់ញាក់ កាន់តែ​បាត់បង់​សតិ​អស់ហើយ ..»​។ ចំណែក​អ្នកខ្លះ​ទៀត​និយាយថា «​បន់ ​ឲ្យតែ​ធំ​ឆាប់​បាន​ប្ដី ហើយ​កុំ​យក​បទ​នេះ​មក​រាំ​របៀប​នេះ​អី ពួក​នេះ​ចង់​បំផ្លាញ​វប្បធម៌​ប្រពៃណី​ខ្មែរ​ហើយ​តើ ពួក​មី​ឆ្កួត​អា​ឆ្កួត​នេះ​..» ។ បុរស​ម្នាក់​បាន​និយាយថា «​ស្ដាយ​ខ្លួន​ក្រមុំ តែ​ស្លៀកពាក់​អត់​ខ្មាស់​គេ អនិច្ចារ​សីលធម៌​ខ្មែរ​តើ​នៅ​ឯណា​? »​។​

​ជុំវិញ​ការរិះគន់​ខ្លាំង​ខាងលើនេះ តារាចម្រៀង ផាន វី​រ៉ា​ទី មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​តបត​ឡើយ តែ​ប្រភព​ស្និទ្ធស្នាល​នឹង​នាង​បាន​ខ្សឹបប្រាប់ KhmerTalking​ថា តារា​ចម្រៀង​រូប​នេះ ក្ដៅចិត្ត​មិនតិច​ទេ ព្រោះ​នាង​ខិតខំ​ធ្វើ​អ្វី​ដែល​ថ្មី តែ​បែរជា ទទួលបាន​ការរិះគន់​យ៉ាង​ចាស់ដៃ​ទៅវិញ ព្រោះ​ខំ​បំបែក​ក្បាច់​រាំ ដោយ​ខ្លួនឯង ។ ម្យ៉ាង​នាង​ជា​គ្រូ​រាំ​ស្រាប់ សូម្បី​តែ​ការ​តុបតែង​ខ្លួន ក៏​នាង​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ភាព​ប្លែក​ភ្នែក​ដែរ មិនគួរណា​ទទួលបាន លទ្ធផល​បែប​នេះ​សោះ ។​

​កញ្ញា ផាន វី​រ៉ា​ទី ហៅ ស្ពៃ​ជ្រក់ មិនអាច​ទាក់ទង​បំភ្លឺ​បានទេ តាំងពី​នាង​ឈាន​ជើង​ចូល​ផលិតកម្ម ថោ​ន​មក ពោល​ជីវិត​របស់​នាង ហាក់​តែ​អាថ៌កំបាំង​ច្រើន ហើយ​កាន់តែ​វាយឫក​ជាង​មុន​ទៅទៀត ហើយក៏​មិន​សូវ​ខ្វល់ ជាមួយ​មនុស្ស នៅ​ជុំវិញ​ខ្លួន​នាង​ឡើយ ពេលខ្លះ​នាង​ក្ដៅចិត្ត​នឹង​ព័ត៌មាន​ណាស់ ៕

 




ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Phorn raty Star news local news