CamNews

ព័ត៌មានអន្តរជាតិ 

HRW ៖ ប៉ូលីស Chechen ដេញវាយ​ដើម្បីលុបបំបាត់បុរសស្រឡាញ់ភេទដូចគ្នា និងបុរសស៊ីមពីរចេញពីសង្គម

ព័ត៌មានអន្តរជាតិ ៖ យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានឱ្យដឹងថា ប៉ូលីស Chehen បានឡោមព័ទ្ធ វាយដំ និងបំបាក់មុខ បុរសរាប់សិបនាក់ ដែលសង្ស័យថា ជាក្រុមបុរសស្រឡាញ់ភេទដូចគ្នា ឬបុរសស៊ីមពីរ នៅក្នុងការប៉ុនប៉ងមួយដើម្បីលុបបំបាត់ពួកបុរសទាំងនេះចេញពីសង្គម។ របាយការណ៍នោះ មាននូវបទសម្ភាសន៍ជាច្រើនជាមួយជនរងគ្រោះ ដែលរងការបៀតបៀនផ្លូវកាយ និងផ្លូវចិត្ដ ក្រោមយុទ្ធនាការមួយប្រឆាំងនឹងបុរសស្រឡាញ់ភេទដូចគ្នា ដែលចាប់ផ្តើមធ្វើឡើង នៅដើមនិទាឃរដូវ។



បុរសស្រឡាញ់ភេទដូចគ្នា និងបុរសស៊ីមពីរមួយចំនួន ត្រូវបង្ខំចិត្ដលាក់ខ្លួនពួនអាត្មា ខណៈពេលដែលអ្នកផ្សេងទៀត ត្រូវបង្ខំឱ្យវិលត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញ ព្រមទាំងត្រូវបង្អត់អាហារស្ទើរតែមិនរស់ទៀតផង។ បុរសស្រឡាញ់ភេទដូចគ្នា គឺជាបញ្ហាដ៏រសើប នៅតំបន់ Chechnya ជាតំបន់អភិរក្សប្រពៃណីមូស្លីមយ៉ាងតឹងរ៉ឹង។



លោក Ramzan Kadyrov ប្រមុខសាធារណរដ្ឋ Chechnya បានបដិសេធចំពោះការចោទប្រកាន់ពីបទឡោមព័ទ្ធវាយដំបែបរំលោភបំពាននេះ ប៉ុន្ដែរបាយការណ៍ ដែលចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបង្ហាញថា ពួកគេត្រូវបាន ដាក់ទណ្ឌកម្ម ដោយអាជ្ញាធរថ្នាក់កំពូល។ ក្រុមមេដឹកនាំ Chechnya បាននិយាយថា ខ្លួនមានឆន្ទៈក្នុងការគោរពតាមការស៊ើបអង្កើតរបស់សភាសហព័ន្ធ ខណៈក្នុងពេលដំណាលគ្នានេះ ក្រុមមេដឹកនាំទាំងនេះ ច្រានចោលអត្ថិភាពនៃបុរសស្រឡាញ់ភេទដូចគ្នា នៅក្នុងប្រទេស និងជេរប្រមាថអ្នកកាសែត សម្រាប់ការសាកសួរពីស្ថានភាពនេះ។

ដើម្បីឆ្លើយតបនឹងសម្ពាធជាអន្តរជាតិ ដែលកំពុងកើនឡើង ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin  និយាយថា លោកនឹងនិយាយទៅកាន់រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងអគ្គរដ្ឋអាជ្ញាអំពីរបាយការណ៍នេះ។ បុរសជាច្រើន ដែលត្រូវបានដោះលែងឱ្យរួចខ្លួន បានភេសខ្លួនចេញពីសាធារណរដ្ឋ Chechnya ប៉ុន្តែពួកគេ នៅតែស្ថិត នៅក្នុងហានិភ័យនៅឡើយ ខណៈពេលដែល នៅក្នុងប្រទេសរុស្ស៊ី ក៏ជាកន្លែង ដែលកងកម្លាំងសន្តិសុខ Chechen  អាចរកពួកគេឃើញ និងក្រុមគ្រួសាររបស់ពួកគេផ្ទាល់ ចាប់ពួកគេប្រគល់ឱ្យកងកម្លាំងសន្ដិសុខនេះ។

ព័ត៌មានស្ដីពីស្ថានភាព ដែលត្រូវប្រឈមដោយក្រុមបុរស ដែលត្រូវបានគេដឹងថា ជាផ្នែកមួយនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា LGBT នៅសាធារណរដ្ឋ Chechnya ត្រូវបានរាយការណ៍ជាលើកដំបូង ដោយសារព័ត៌មាន Novaya Gazeta  ។ កាលពីខែកក្កដា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ  បានបោះឆ្នោតតែងតាំងអ្នកជំនាញឯករាជ្យមួយរូបដើម្បីរាយការណ៍ និងស៊ើបអង្កេតអំពីអំពើហិង្សា និងការរើសអើងនៅទូទាំងពិភពលោក ប្រឆាំងនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។



 ចាប់តាំងពីពេលនោះមក អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានផ្ដល់របាយការណ៍នៃប្រទេសផ្សេងៗទៀត ដោយសរសេរបរិយាយពីគោលនយោបាយរើសអើងប្រឆាំងនឹងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នារបស់ពួកគេ ដូចជារបាយការណ៍ ដែលធ្វើឡើងនៅប្រទេសថៃ កាលពីខែវិច្ឆិកា។ នៅក្នុងខែជាមួយគ្នានោះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភ  ចំពោះប្រទេសដែលប៉ុនប៉ងរារាំងយ៉ាងប្រតិសកម្ម ចំពោះអាណត្តិរបស់អ្នកជំនាញការឯករាជ្យ ក្នុងការស៊ើបអង្កេតពីនិន្នាការភេទ និងការរំលោភសិទ្ធិមនុស្ស ដោយផ្អែកលើអត្តសញ្ញាណយេនឌ័រ ៕



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ jurist


Tags: International news