CamNews

តារា 

កែវ វាសនា ត្រូវគេ​ទម្លាយ​ថា ចេញ​ពីសាន់​ដេ ចូល ថោន តាមអ៊ីវ៉ា

ភ្នំពេញ៖ ក្រោយពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានកន្លងផុតទៅជិត៥ខែ គេមិនបានឃើញការងារថ្មី របស់តារាចម្រៀងល្បីល្បាញ ក្នុងស្រទាប់ មិត្តយុវវ័យ លោក កែវ វាសនា សោះឡើយ ខណៈដែលតារាចម្រៀង រួមផលិតកម្មជាមួយលោក បានចេញបទចម្រៀងព្រោងព្រាត មិនថា លោកខេមរៈ សិរីមន្ត លោក ខាន់ ជេមស៍ ឬ ក៏នីកូ ដែលបទចម្រៀងពួកគេ មានហូរហែ មិនស្ងាត់ ផ្ទុយស្រឡះពី កែវ វាសនា ដាច់តែម្ដង។
 
បើរំឭកដល់ដៃគូចម្រៀង ដ៏ស័ក្តិសមបំផុត ជាមួយ កែវ វាសនា កញ្ញា អ៊ីវ៉ា ត្រូវបានគេទំលាយថា នាងកំពុងតែត្រៀមបង្ហាញមុខមាត់ ក្នុងផលិតកម្ម ថោន ដែលនាងបានសំងំថតចម្រៀងជាច្រើនបទ និពន្ធដោយកវីល្បីឈ្មោះម្នាក់ និងមានវត្តមាន ដៃគូចាស់នាងផងទៀត ។ ប្រភពដ៏កក់ក្ដៅមួយ ពីផលិតកម្មថោន បាននិយាយថា វត្តមានតារាចម្រៀង សាន់ដេ រត់មកជ្រកកោន ក្នុងផលិតកម្មថោន មិនមែនតែ អ៊ីវ៉ាទេ ក្នុងនោះក៏មានវត្តមាន កែវ វាសនា ម្នាក់ផងដែរ តែទាំងម្ចាស់ផលិតកម្ម និង សាមីខ្លួនព្យាយាមលាក់បាំង ដើម្បីឲ្យល្បីល្បាញខ្លាំង ពេលបទចម្រៀងចេញលក់លើទីផ្សារ ។
 
ប្រភពដដែលបានបន្តថា លោក កែវ វាសនា បានថតបទចម្រៀងជាច្រើនបទ រួចមកហើយ ក្នុងផលិតកម្ម ថោន ហើយមូលហេតុ នៃការចាកពីផលិតកម្មចាស់ ដោយសារតែលោកផុតកុងត្រា ។ ម្យ៉ាងទៀត ដោយសារតារាចម្រៀងចំណូលថ្មី ក្នុងផលិតកម្មសាន់ដេ កើនឡើងច្រើន ធ្វើឲ្យបទចម្រៀងលោក មានកាន់តែតិចទៅៗ ក៏ងាកចេញពីផលិតកម្ម រកទ្រនំថ្មី ដែលលោកមិនបានសំឡឹងទៅណាឆ្ងាយ ក្រៅពីផលិតកម្មថោន ដែលជាផលិតកម្មមួយ ប្រជុំដោយតារាចម្រៀងប្រុសខ្លាំងៗ ។ ម្យ៉ាងលោកជឿជាក់ លើស្នាដៃនិពន្ធរបស់អ្នកនិពន្ធល្បី ក្នុងផលិតកម្មនេះ ។ កែវ វាសនា ក៏ប្រហែលជាបន្តចាប់ដៃគូ ជាមួយអ៊ីវ៉ា ក្នុងផលិតកម្មថ្មីនេះផងដែរ ព្រោះគេជឿជាក់ថា ជាការបង្កើតការចាប់អារម្មណ៍ថ្មី ដែលលោកនិងអ៊ីវ៉ា បានប្ដូរទ្រនំ ព្រមៗគ្នា ដើម្បីរកភាពល្បីល្បាញ ។
 
លោក កែវ វាសនា មិនអាចសុំកាតបំភ្លឺបន្ថែមបានទេ ព្រោះទូរស័ព្ទលោកខលចូល មិនមានអ្នកលើក ។ លោក កែវ វាសនា មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយបានចូលច្រៀងដំបូង ក្នុងផលិតកម្ម អេសអេសបី ក្រោយពីផលិតកម្មដួលរលំ ក៏លោកចូលមកច្រៀងក្នុងផលិតកម្ម អឹម បន្ទាប់មកទៀត គឺសាន់ដេ ហើយទ្រនំចុងក្រោយ តែមិនទាន់ចេញមុខគឺ ថោន ។ លោកមានបទចម្រៀងល្បីល្បាញ ជាច្រើនបទ តែបទដែលនិយមបំផុត មិនដែលហួសសម័យកាល គឺបទ «លែងហ៊ានប្រាថ្នា» ដែលកម្មវិធីជប់លៀងនានា ពិបាករំលងបទចម្រៀងនេះណាស់ ។ ទស្សនិកអ្នកគាំទ្រ កែវ វាសនា ពិតជាចង់ឃើញលោក មានបទចម្រៀងច្រៀងដូចមុន ព្រោះគេស្រឡាញ់ទឹកដមសំលេងពីរោះប្លែកគេ របស់លោក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh