CamNews

កំសាន្ត 

មង្គល ទីណា ជិះរថយន្ត Range Rover បុក​ រនាំងដែក ទាំងកណ្ដាលយប់

ភ្នំពេញ៖ នៅកណ្តាលរាត្រី យប់មិញនេះ មានគ្រោះថ្នាក់ ចរាចរណ៍មួយ ដែលបង្កឡើងដោយ បុរសម្នាក់ជិះរថយន្តស៊េរីទំនើប ម៉ាក Range Rover ដែលទស្សនិកជន ស្គាល់យ៉ាងច្បាស់ថា ជាតារាចម្រៀង ប្រចាំផលិតកម្ម ថោន គឺ លោក មង្គលទីណា បានធ្វើឲ្យប្រជាពលរដ្ឋ រស់នៅម្តុំមុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង បន្ទាប់ពីលោកបានបើក រថយន្ត បុករនាំងដែក ពុះចែកទ្រូងផ្លូវមួយទំហឹងបណ្តាលឲ្យ រនាំងដែក ប្រមាណ៤-៥ផ្ទាំង រងការខូចខាត។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង នៅវេលាម៉ោងជិត១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ទល់មុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ ។ មុនពេលកើតហេតុ គេឃើញតារាចម្រៀង ប្រចាំផលិតកម្ម ថោន លោក មង្គល ទីណា បានបើក រថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-9993 បើកបរពីលិច ទៅកើតបាន បុករះរនាំងដែក ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យទាំងរនាំងដែក និងរថយន្តទទួល រងការខូចខាត យ៉ាងដំណាំ ។

ជួបជាមួយគេហទំព័រ LookingTODAY នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ម្ចាស់បទ "ស្វារាំគ្រវីលីអូ" លោក មង្គលទីណា បានប្រាប់ឲ្យដឹងថា នៅរាត្រីយប់មិញនេះ លោកពិតជាបានជួបគ្រោះ ថ្នាក់ចរាចរណ៍មួយ ប្រាកដមែន ដោយមុនពេលកើតនោះ លោកបានបើករថយន្ត Range Rover ពណ៌ស ចេញពីកន្លែងធ្វើការ តម្រង់ទៅផ្ទះ តែពេលមកដល់កន្លែង កើតហេតុ លោកក៏ធ្វើធ្លាក់របស់មួយ នៅក្នុងរថយន្ត ហើយលោកឱនរើស ក៏បណ្តាលឲ្យរេចង្កូតទៅ បុករនាំងដែក តែម្តងទៅ ។

តារាចម្រៀងរូបនេះ បានប្រាប់ឲ្យដឹងថា “នៅរាត្រីយប់មិញនេះ ខ្ញុំជិះរថយន្តនោះ តែម្នាក់ឯង ប៉ុណ្ណោះ គ្មានអ្នករួមដំណើរឡើយ ហើយម្យ៉ាងទៀត ការដែលជួបឧបទ្ទេហេតុនោះ ក៏មិនមែនដោយសារតែខ្ញុំ សេពគ្រឿង ស្រវឹងអ្វីទេ គឺដោយសារតែខ្ញុំមានបញ្ហា ដូចប្រាប់ខាងលើនេះ ក៏បណ្តាលឲ្យរថយន្តខ្ញុំរេ ទៅបុករនាំងដែក មួយផ្ទាំង ក៏ជ្រុលទៅបុកបន្តបន្ទាប់ទៀត ធ្វើឲ្យរនាំងដែក ប្រមាណ៤-៥ផ្ទាំង ខូចខាត។ ក្រោយកើតហេតុខាង សមត្ថកិច្ច បានស្ទូចយករថយន្ត ខ្ញុំទៅរក្សាទុក នៅស្នងការក្រុង ដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ ” ។

ជាមួយគ្នានោះ មង្គល ទីណា បានប្រាប់ឲ្យដឹង បន្ថែមទៀតថានេះ ជាកំហុសអចេតនា របស់លោកដូច្នេះលោកត្រូវតែទទួលខុសត្រូវ ដោយនៅវេលា ថ្ងៃត្រង់នេះ លោកនឹងទៅស្នងការក្រុង ដើម្បីធ្វើការដោះស្រាយ រឿងរថយន្តនេះ ។ សម្រាប់ការខូចខាតនោះ លោកនៅមិនទាន់ដឹងថា ត្រូវផ្តល់សំណងប៉ុន្មាន និងទំហំខូចខាតច្រើន កម្រិតណាទេ ព្រោះ ថាបើតាមប្អូនលោក ទៅមើលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ខូចខាតរនាំង ដែកប្រមាណ៤-៥ផ្ទាំង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh