ភ្នំពេញ ៖ ជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយកទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវបានឃាត់ខ្លួន ។
ប្រតិបត្តិការនេះបានធ្វើឡើងដោយសហការគ្នារវាងកម្លាំងនគរបាលខេត្តកណ្តាល និងកម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ ខណ:នេះបានចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលហើយ គឺមានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ករណីឃាតកម្មនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រែកតាមាក់ ។
សូមចុចនៅទីនេះដើម្បីស្តាប់ចម្លើយសារភាពជនសង្ស័យសម្លាប់នារីម្នាក់ ញាត់ចូលធុងទឹកកក ៕
ដោយ ៖ គន្ធា