(ឡុងដ៍)៖ ទីបំផុតរដ្ឋាភិបាលអង់គ្លេស បានបើកភ្លើងខៀវឲ្យក្រុមហ៊ុនពីរ ធ្វើការកសាងរោងចក្រ នុយក្លេអ៊ែរ Hinkley Point ដែលមានតម្លៃ ១៨ពាន់លានអឺរ៉ូ ស្មើនឹងជាង ២០ពាន់លានដុល្លារអាមេរិក ក្រោយពីបានផ្អាកគំរោងការណ៍ជាបណ្តោះអាសន្នកាលពីខែកក្កដា។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
រដ្ឋាភិបាលបារាំង និងចិន បានថ្លែងជុំវិញបញ្ហានេះថា គំរោងកសាងរោងចក្រនុយក្លេអ៊ែរ Hinkley Point នឹងត្រូវដំណើរការទៅមុខ ប៉ុន្តែវានឹងត្រូវអនុវត្តន៍តាមលក្ខខណ្ឌមួយចំនួន។ សម្រាប់ក្រុមហ៊ុនដែលបាន សហការក្នុងគំរោងនេះគឺ ក្រុមហ៊ុន EDF ដែលបានព្រមព្រៀងចំណាយហិរញ្ញវត្ថុចំនួន ពីរភាគបី នៃគំរោងទាំងមូល ខណៈក្រុមហ៊ុនចិនបានសម្រេចថាខ្លួន នឹងចំណាយមួយភាគបីប៉ុណ្ណោះ ក្នុងគំរោងការណ៍អភិវឌ្ឍន៍រយៈពេល ២០ឆ្នាំ។
គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ ដែលនឹងត្រូវពង្រីកបន្ថែមខាងលើនេះ គ្រាន់តែបានចេញគំរោងភ្លាម ក៏បានទទួលការរិះគន់ពីសំណាក់ប្រជាជនអង់គ្លេសភ្លែត ក៏ព្រោះតែការសាងសង់នឹងត្រូវធ្វើឡើងដោយ ក្រុមហ៊ុនបរទេស ដែលប្រជាជនអង់គ្លេសមានការព្រួយបារម្ភចំពោះគុណភាព។ សម្រាប់ប្រទេសចិន (CGNPG) វិញ បានចាត់ទុកការវិនិយោគលើរោងចក្រ ខាងលើនេះគឺជា កិច្ចព្រមព្រៀងបីនៅក្នុងរោងចក្រតែមួយ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី