CamNews

ព័ត៌មានជាតិ 

ព្រឹកនេះតុលាការបើកសវនាការ ជំនុំជម្រះក្តីអ្នកស្រី ឡាយ ហួង ជនជាប់ចោទផ្តើមគំនិតប៉ុនប៉ងរំលោភសម្លាប់ភរិយា

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ៨ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ បើកសវនាការជំនុំជម្រះក្តីលើជនជាប់ចោទអ្នកស្រី ឡាយ ហួង អតីតស្រីកំណានរបស់ឧក ញ៉ា ខូវ ផល្លាបុត្រ ពីបទផ្តួចផ្តើមគំនិតប៉ុនប៉ងរំលោភសម្លាប់ ភរិយា និងកូនស្រី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល។

លោក ជា ចាន់រ៉ាវី មេធាវីការពារក្តីឲ្យលោកស្រី ឡាយ ហួង បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះថា សវនាការជំនុំជម្រះទោសកូនក្តីរបស់ខ្លួន នឹងប្រព្រឹត្តទៅនៅម៉ោង៨ ដោយមានការអញ្ជើញចូលរួមពីលោក សាន សុផាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ។

អ្នកស្រី ឡាយ ហួង ត្រូវបានតុលាការចោទប្រកាន់ថា បានផ្តើមគំនិតក្នុងបទប៉ុនប៉ងរំលោភសេពសន្ធវៈ និងប៉ុនប៉ងឃាត កម្មគិតទុកជាមុន ទៅលើអ្នកស្រី ស៊ុន សូត្ថា ភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុល ដែលបានប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០។

អ្នកស្រី ឡាយ ហួង ត្រូវបានប៉ូលិស Interpol ឃាត់ខ្លួនក្នុងទឹកដីប្រទេសថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ តាមសំណើ របស់សមត្ថកិច្ចកម្ពុជា បន្ទាប់ពីបានព្យាយាមរត់គេខ្លួនអស់ជាច្រើនឆ្នាំ។

អ្នកស្រី ឡាយ ហួង ធ្លាប់បានដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នជាច្រើនលើកផងដែរ តែត្រូវបានតុលាការទាំង ៣ថ្នាក់ បដិសេធចោល។

នៅក្នុងសំណុំរឿងប៉ុនប៉ងរំលោភ-សម្លាប់ ភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុល នេះ មនុស្ស៤​នាក់ហើយត្រូវបានតុលាការផ្តន្ទាទោស រួមមាន៖ លោកស្រី សេង ចិន្តា ប្រពន្ធលោកឧកញ៉ា ខូវ ជឺលី ជាមេខ្លោង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ, សន្តិសុខ របស់អ្នកស្រី សេង ចិន្តា ដាក់ពន្ធគារ ២០​ឆ្នាំ រីឯអ្នកបម្រើ ២នាក់ទៀត ដាក់ពន្ធនាគារ ១៨ឆ្នាំ។ សាលាក្រមរបស់ពួកគេបានចូលជាស្ថាពរអស់ហើយ។

បើតាមមន្រ្តីតុលាការក៏បានឲ្យដឹងផងដែរថា ឧកញ៉ា ខូវ ផល្លាបុត្រ ក៏ត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងរំលោភសម្លាប់ភរិយា និងកូនស្រី របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលផងដែរ។

សំណុំរឿងដដែលនេះ កូនប្រុស-ស្រី របស់ឧកញ៉ា ខូវ ជឺលី បានចេញមកបញ្ជាក់អំពីទង្វើទុច្ចរិតរបស់អ្នកស្រី សេង ចិន្តា និង អ្នកស្រី ឡាយ ហួង គឺពិតជាបានរួមគំនិតគ្នារៀបចំគម្រោងសម្លាប់ និងរំលោភ ទៅលើភរិយា និងកូនស្រី របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ថុល ពិតប្រាកដមែន។

ឧកញ៉ា ខូវ ផល្លាបុត្រ បានអះអាងចេញនៅក្នុងលិខិតបំភ្លឺ របស់ខ្លួនថា «ឡាយ ហួង ជាមនុស្សស្រី ដែល មានភាពលោភលន់ និងមហិច្ឆតាខ្ពស់ណាស់ បានប្រើកលល្បិចសព្វបែបយ៉ាង ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ខ្ញុំ និងគ្រួសារខ្ញុំ។ ដូច្នេះ រឿងអ្វីៗ ក៏ ឡាយ ហួង ហ៊ានធ្វើដែរ។ ករណីផ្សំគំនិតរបស់ឈ្មោះ សេង ច័ន្ទដា និង ឈ្មោះ ឡាយ ហួង រៀបចំគម្រោងរំលោភ និង សម្លាប់លោកជំទាវ ស៊ុន សុត្ថា និងកូនស្រី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ នៅភូមិគ្រឹះ ឯកឧត្តម ស៊ុន ចាន់ថុល គឺជាការពិតមិន មែនប្រឌិតទេ»។

បើតាមឧកញ៉ា ខូវ ផល្លាបុត្រ ទង្វើដ៏ឃោរឃៅរបស់ ឡាយ ហួង មិនមែនទើបតែធ្វើទៅលើភរិយា និង កូនស្រីរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នោះឡើយ ឡាយ ហួង ក៏ធ្លាប់បានគំរាមសម្លាប់ រំលោភ និងជះទឹកអាស៊ីត លើភរិយាទីពីររបស់លោក ខូវ ផល្លាបុត្រ រហូតភរិយាទី២នោះ រត់គេចខ្លួនចេញពីស្រុកខ្មែរ ទៅរស់នៅប្រទេសម៉ាឡេស៊ី។

សាធារណជនដែលបានតាមដានសំណុំរឿងប៉ុនប៉ងឃាតកម្មសម្លាប់ និងរំលោភ ក្នុងត្រកូលអភិជននៅកម្ពុជា បាននិងកំពុងរង់ចាំមើល គ្រប់គ្នាទៅលើចំណាត់ការរបស់សាលាដំបូង រាជធានីភ្នំពេញលើមេផ្តើមគំនិត ឡាយ ហួង ខណៈមានព័ត៌មានជាច្រើនទម្លាយពីសាលាដំបូងមកថា ឡាយ ហួង បានជះលុ យរាប់លានដុល្លារ ដើម្បីរត់ការបន្ធូរបន្ថយទោស ឬជាថ្នូរបាននៅក្រៅឃុំ។

សាធារណជនបានសម្តែងការរំពឹងទុក្ខថា តុលាការកន្លែងដល់ផ្តល់សច្ចធម៌ យុត្តិធម៌ នឹងមិនបន្តធ្វើឲ្យតម្លៃ នៃស្ថាប័នមួយនេះ ធ្លាក់កប់ ក្នុងដីឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងជាមួយវប្បធម៌ និទណ្ឌភាពនៅកម្ពុជា ព្រមទាំងបានធ្វើកំណែទម្រង់យ៉ាងច្រើន មានដូចជាការចាប់ប្រធានតុលាការដាក់ពន្ធនាគារជាដើម ក្នុងបំណងធ្វើ ឲ្យកន្លែងផ្តល់យុត្តិធម៌នេះ ផ្តល់យុត្តិធម៌ប្រកបដោយភាពសច្ចបានកាន់តែច្រើនជូនជនរងគ្រោះ។

សាធារណជនសង្ឃឹមយ៉ាងមុតមាំថា ការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នឹងមិនត្រូវបានមន្រ្តីតុលាការធ្វើឲ្យសាបសូន្យ អសារ បង់ ព្រោះតម្លៃលុយសូកប៉ាន់នោះឡើយ៕


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP