CamNews

ព័ត៌មានជាតិ 

បុរស២នាក់ជិះម៉ូតូយកទារិកាអាយុ៣ខែ ទើបរំលូតទៅបោះចោល តែត្រូវរថយន្តកុងតឺន័របុកឲ្យរបួសធ្ងន់ធ្ងរ

(ភ្នំពេញ)៖ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសាររថយន្តកុងតឺន័របុក នៅម៉ោង ៨៖៣០នាទីយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៥នៅលើផ្លូវអូរដឹម-កប់ស្រូវ មុខរោងចក្រប៊ឺរី ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោម​ចៅ ខណ្ឌពោធិសែនជ័យ ខណៈពេលជិះម៉ូតូយកទារិកាអាយុ៣ខែ ដែលជាកូនរបស់សង្សាខ្លួន ទើប​តែលេបថ្នាំទម្លាក់ចោល​។

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតគេឃើញបុរស២នាក់ជិះម៉ូតូ ស្មាសរីវ៉ូ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពត 1G-0130 ជិះតាម បណ្តោយផ្លូវអូរដឹម កប់ស្រូវ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រម៉ាក ហ៊ីយាន់ដាយក្បាលពណ៍ទឹកប៊ិច១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-4156 បើកចេញពីផ្លូវលំ ទល់មុខរោងចក្រប៊ឺរី ឆ្លងផ្លូវបេតុងបាន បន្តិចក៏ទៅបុកចំម៉ូតូ បុរសទាំង២នាក់ បណ្តាលឲ្យដួលបោកក្បាលទៅថ្នល់ហូរ ឈាម សន្លប់ស្តូកស្តឹង ហើយនៅក្បែរខ្លួនបុរសរងគ្រោះទាំង២នាក់ គេឃើញមានទារិកា អាយុប្រហែល​​៣ខែ ខ្ចប់កន្សែងសច្រកក្នុងថង់ ធ្វើឲ្យប្រជាពលរដ្ធដែលចោមរោមមើលហេតុមានការងើយ​ឆ្លល់គ្រប់ៗគ្នា។

បើតាមសម្តីសាក្សីដែលស្គាល់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះម្នាក់មានប្រពន្ធ ហើយមានផ្ទៃពោះ៦ខែ និងជនរងគ្រោះម្នាក់ទៀត មានសង្សារជានារីបំរើការ ក្នុងក្លឹបកំសាន្តម្នាក់ ហើយឮសូរថាមានផ្ទៃពោះ៣ទៅ៤ខែ ហើយទារិកានេះសង្ស័យជាកូន របស់ជនរងគ្រោះជាមួយសង្សារ ដែលទើបនិងលេបថ្នាំទម្លាក់ ហើយប្រហែលជាចង់យកទៅបោះចោល ពីព្រោះជនរងគ្រោះ និងសង្សាររួម និងស្រ្តីនាក់ដែលរៀបរាប់ប្រាប់ជាអ្នកជួលបន្ទប់ក្បែរគ្នា។

ប្រភពព័ត៌មានបន្តថា ក្រោយពេលកើតហេតុ រថយន្តក្លីនិកឯកជន គីម សុង បានដឹកជនរងគ្រោះយកទៅសង្គ្រោះ ហើយសមត្ថកិច្ចជំនាញចរាចរក្រុង បានធ្វើការវាស់វេងនាំយកម៉ូតូ និងរថយន្តបង្ករទៅទុកនៅការិយាល័យចរាចរផ្លូវគោក ដើម្បីរងចាំការដោះស្រាយ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP