(ភ្នំពេញ)៖ អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោន នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ បានបង្ហាញសមាសភាពសមាជិកថ្មី ២រូប ដែលសុទ្ធតែជាជនជាតិថៃ គឺមានលោក Somchart Yimsiri អតីតគ្រូបង្វឹកក្រុមយុវជន U-17ថៃ និងអតីតកីឡាករជនជាតិនៃក្លឹប Leicester City គឺកីឡាករ Somkiat Kunmee។
យោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន បានបញ្ជាក់ថា លោក Somchart Yimsiri ដែលធ្លាប់មានបទពិសោធន៍ដឹកនាំក្លឹប Sisaket និងក្រុមយុវជនអាយុក្រោម ១៧ឆ្នាំថៃ កាលពីឆ្នាំ១៩៩៨ មុនបន្ដដឹកនាំក្លឹប Roi Et សមាជិកលីគលំដាប់ទី២ កាលពីរដូវកាលមុននោះ នឹងត្រូវផ្លាស់មកដឹកនាំក្រុមយុវជនភ្នំពេញក្រោន។
ប៉ុន្ដែការបង្ហាញវត្តមានរបស់បុរសជនជាតិរូបនេះ ក្លឹបភ្នំពេញក្រោន មិនបានបញ្ជាក់ថា លោក Somchart Yimsiri ត្រូវទទួលតំណែងជាគ្រូបង្វឹកយុវជនក្រោមអាយយុ ១៤ឆ្នាំជំនួសគ្រូថ្នាលយុវជនជនជាតិអង់គ្លេសលោក Christopher Grant ដែលបានចាកចេញកាលពីចុងខែតុលាកន្លងទៅ ឬក៏យ៉ាងនោះទេ ដោយគ្រាន់តែបញ្ជាក់ថា លោកត្រូវធ្វើជាគ្រូបង្វឹកក្រុមយុវជនប៉ុណ្ណោះ។
រីឯកីឡាករវ័យ ១៨ឆ្នាំ Somkiat Kunmee បានក្លាយជាសមាជិកវ័យក្មេងម្នាក់ទៀត ដើម្បីត្រៀមជួយក្លឹបភ្នំពេញក្រោន ប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មី។ អតីតកីឡាករ U-16 និង U-19 ថៃរួបនេះ ធ្លាប់ហាត់ជាមួយក្រុមយុវជនក្លឹប Muangthong United ហើយក៏ធ្លាប់ចំណាយពេល ១ឆ្នាំជាមួយក្រុមយុវជន Leicester City ផងដែរ មុននឹងគេផ្លាស់មកលេងឲ្យក្លឹប Roi Et៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង