CamNews

កីឡា 

លោក ឌី បូរីម៉ា៖ កីឡាការិនីប៉េតង់ កម្ពុជា កែ ឡេង បានឈ្នះ មេដាយមាស ទៀតហើយ នៅទីក្រុងបាងកក

បាងកក៖ លោក ឌី បូរីម៉ា អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទាំងកណ្តាលអាធ្រាត្រថា កីឡាការិនី ប៉េតង់ កែ ឡេង ទើបទទួលបានឈ្នះមេដាយមាស ពីរលើកជាប់ៗគ្នា លើវិញ្ញាសា វាយយកពិន្ទុក្នុង ព្រឹត្តិការណ៍ Women’s Petanque World Championship បន្ទាប់ពីបានឈ្នះកីឡាការិនីបារាំង និងទុយនេស៊ី ក្នុងលទ្ធផល៣៣ ទល់នឹង២៥ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅទីក្រុងបាងកក ប្រទេសថៃ។ ហើយនៅមុននេះបន្តិចទើបបញ្ចប់ ការទទួលរង្វាន់មេដាយ។

លោក ឌី បូរីម៉ា បានបន្តបញ្ជាក់ប្រាប់ថា ការប្រកួតកីឡាប៉េតង់ ដែលកម្ពុជាទទួលបានមេដាយមាសលើកនេះ មានរយៈពេល២ថ្ងៃហើយ គឺចាប់ពីថ្ងៃទី៥-៦ មានចំនួន៤៣ប្រទេសចូលរួម នៅទីក្រុងបាងកក ហើយនេះជាការ ទទួលបានមេដាយមាសពីរលើកជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍ពិភពលោករបស់កីឡាការិនី កែ ឡេង ដោយកាលពីឆ្នាំ២០១៣ គាត់បានឈ្នះរួចម្តងទៅហើយនាការប្រកួតនៅក្នុងទីក្រុង Montauban ប្រទេសបារាំង។

សូមជំរាបថា ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា កីឡាប៉េតង់ឈុតធំ បានចេញដំណើរទៅប្រកួត និងការពារតំណែងជើង ឯកមេដាយមាស ដែលកីឡាការិនី កែ ឡេង បានឈ្នះនៅប្រទេសបារាំង កាលពីចុងឆ្នាំ២០១៣ របស់ខ្លួននៅថៃហើយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ ក្រោមការដឹកនាំដោយលោក ឌី បូរីម៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

សូមបញ្ជាក់ដែរថា នេះជាការចេញដំណើរលើកទី២ ក្រោយពីក្រុមឈុតតូចទី១ ដែលមានកីឡាករ-កីឡាការិនីវ័យ ចំនូន៤រូប បានចាកចេញកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ទៅប្រកួតនៅប្រទេសថៃដូចគ្នា នៃការប្រកួតលំដាប់ថ្នាក់ពិភពលោក និងការពារតំណែងមេដាយមាស របស់ខ្លួនផងដែរ ប្រចាំឆ្នាំ២០១៥នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia Petong Khae Leng