CamNews

ព័ត៌មានអន្តរជាតិ 

តុលាការកំពូលថៃ កាត់ទោសមេបក្សប្រឆាំងពីបទបរិហារកេរ្ដិ៍ នាយករដ្ឋមន្ត្រី

តុលាការកំពូលថៃបានកាត់ទោសមេដឹកនាំគណបក្សប្រឆាំង លោក Jatuporn Prompan ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទបរិហារកេរ្ដិ៍នាយករដ្ឋមន្ត្រីថៃលោក Abhisit Vejjajiva ។ លោក Jatuporn ដែលជាមេដឹកនាំគណបក្សអាវក្រហម ដែលគាំទ្រដល់អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញតំណែងពីររូបរបស់ថៃនោះ ត្រូវបានផ្តន្ទាទោសពីបទហៅលោកអាភីស៊ីតថាជា«ឃាតក» ក្នុងអំឡុងបាតុកម្មមួយ។

លោក អាប់ភីស៊ីត បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោក Jatuporn បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់លោក។ តុលាការកំពូល បានបដិសេធសេចក្ដីសម្រេចរបស់តុលាការជាន់ទាបចំនួនពីរ ដោយនិយាយថា លោក Jatuporn មានពិរុទ្ធ ដោយសារតែសេចក្តីថ្លែងការណ៍របស់លោក មិនត្រូវបានពិនិត្យមើលឱ្យបានល្អិតល្អន់។



ការអនុវត្តន៍ច្បាប់របស់ប្រទេសថៃ ដែលរារាំងការបញ្ចេញមតិដោយសេរី បានរីករាលដាលកាន់តែខ្លាំងឡើង នៅក្នុងឆ្នាំនេះ។ នៅខែឧសភា ប្រទេសថៃបានបញ្ជាឱ្យក្រុមហ៊ុន Facebook លុបចោលការផុសអំពីព្រះមហាក្សត្រថៃ ចេញពីបណ្ដាញសង្គមនេះ។ នៅខែដដែលនោះ មេធាវីសិទ្ធិមនុស្សថៃ ត្រូវបានចោទប្រកាន់ពីបទប្រមាថដល់រាជត្រកូល ។ នៅខែកុម្ភៈ តុលាការកំពូលប្រទេសថៃ បានបដិសេធការប្ដឹងឧទ្ធរណ៍លើសេចក្ដីសម្រេចផ្តន្ទាទោសអតីតការីនិពន្ធទស្សនាវដ្តីម្នាក់ ដែលបានចុះផ្សាយអត្ថបទរិះគន់ ចំពោះក្រកូលរាជវង្សថៃ។

កាលពីដើមខែកុម្ភៈបណ្ដាអង្គការសិទិ្ធមនុស្ស បានជំរុញឱ្យកងទ័ពថៃ ទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងសកម្មជន ៣ រូប។ នៅមុនពេលនោះបន្ដិច អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក David Kaye បានអំពាវនាវដល់អាជ្ញាធរថៃ កាលពីថ្ងៃអង្គារ ដើម្បីឱ្យបញ្ឈប់ការប្រើប្រាស់ច្បាប់បរិហារកេរ្តិ៍របស់រាជវង្ស ដើម្បីប្រឆាំងនឹងសេរីភាពបញ្ចេញមតិ ដែលរិះគន់ដល់ត្រកូលរាជវង្ស៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news