(សេអ៊ូល)៖ ជនសង្ស័យជាស្ត្រីម្នាក់នៅក្នុងសំណុំរឿងឃាតកម្មលើបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ នឹងបង្ហាញខ្លួននៅចំពោះមុខតុលាការម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប៉ូលិសម៉ាឡេស៊ីទើបតែចាប់បាន អ្នកពាក់ព័ន្ធម្នាក់ទៀត រីឯរដ្ឋាភិបាល កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកជឿថាអំពើឃាតកម្មនេះត្រូវបានដឹកនាំដោយរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមប៉ូលិសម៉ាឡេស៊ី ស្ត្រីសង្ស័យទីមួយកាន់លិខិតឆ្លងដែនវៀតណាម មានឈ្មោះថា Doan Thi Huong កើតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៨៨ ក្នុងខេត្ត Nam Dinh ដែលត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃពុធ នៅឯកន្លែងរង់ចាំចេញដំណើរទី២ នៃអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរបន្ទាប់ពីមានការពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅទីនោះ មួយថ្ងៃមុនស្ត្រីទីពីរ ត្រូវបានចាប់ឃុំខ្លួន ប៉ុន្តែមិនទាន់មានការបញ្ជាក់អត្តសញ្ញាណនៅឡើយ។
គួរបញ្ជាក់ថានៅថ្ងៃព្រហស្បតិ៍នេះដែរស្ត្រីទីពីរដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីបំពុលសម្លាប់លោក គីម ជុងណាំ ក៏ត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ និងឃុំខ្លួនផងដែរក៏ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍លម្អិតទាក់ទិននឹងជនសង្ស័យនេះទេ៕
ប្រភព ៖ ខ្មែរថកឃីង