CamNews

កីឡាជាតិ 

ក្រុម Chinlone កម្ពុជា ឈ្នះ​មេ​ដាយ​មាស និង​មេដាយ​សំរិទ្ធ​​ជើងឯក​​អាស៊ាន នៅ​មីយ៉ាន់ម៉ា

(ភ្នំពេញ)៖ ក្រុម​កីឡាករ​​សី​ប៉ាក់តាក្រ​ និងកីឡាករ Chinlone (ឈិនឡូន) ជម្រើស​ជាតិ​កម្ពុជា ដណ្តើមបានមេដាយ​មាស និងមេដាយសំរឹទ្ធ ក្នុងព្រឹត្តិ​​ការណ៍ Asian Chinlone Champianship លើកទី២ ដែលរៀបចំនៅទីក្រុង​ Mandalay ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ រសៀល ម្សិលមិញនេះ ។

កីឡាការិនី ងួន ច័ន្ទបូរី បានឲ្យដឹងពីប្រទេសមីយ៉ាន់ម៉ាថា នៅថ្ងៃទី១៦ ខែកុម្ភៈ ក្រុមអត្តពលិកកម្ពុជា បានបញ្ចប់ការប្រកួតលើវិញ្ញាសាកីឡា Chinlone ហើយ ដោយក្នុងនោះលទ្ធផល គឺក្រុមកីឡាករកម្ពុជា ដណ្ដើមបានមេដាយមាស ក្រោយប្រកួតឈ្នះ​ក្រុមកីឡាករកូរ៉េខាងត្បូង និងក្រុមកីឡាករជម្រើសជាតិឥណ្ឌា ។ រីឯក្រុម​កីឡាការិនីកីឡា Chinlone កម្ពុជា គឺដណ្ដើមបានមេដាយសំរឹទ្ធ ។

កីឡាការិនីជម្រើសជាតិរូបនេះដដែលបានបន្ដថា ទោះជាយ៉ាងការប្រកួតមិនទាន់បញ្ចប់ទាំងស្រុងនោះទេ ពោលគឺនៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខ ក្រុមកីឡាការិនីកម្ពុជា នឹងធ្វើការប្រកួតលើវិញ្ញាសាប្រភេទកីឡាសីប៉ាក់តាក្រវិញម្ដង ។ រីឯក្រុមកីឡាករកម្ពុជាវិញ បន្ទាប់ពីឈ្នះមេដាយមាស លើវិញ្ញាសាកីឡា Chinlone ហើយនោះ ពួកគេត្រូវធ្វើការប្រកួតលើវិញ្ញាសាកីឡាសីប៉ាក់តាក្រវិញម្ដង ពោលគឺពួកគេនឹង​ធ្វើការប្រកួតនៅថ្ងៃទី១៧ ខែកុម្ភៈ រសៀលនេះតែម្តង ។

គួរបញ្ជាក់ដែរថា នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់ក្រុមកីឡា​​សី​ប៉ាក់តាក្រ​ និងកីឡា Chinlone ជម្រើស​ជាតិ​កម្ពុជា ដែលដណ្ដើមបាន ជយលាភីមេដាយមាស ក្នុងការប្រកួតកម្រិតអន្ដរជាតិខាងលើ ដើម្បីបង្ហាញឲ្យ​ពិភព​លោកបានស្គាល់ ពីភាពរីកចម្រើននៃវិស័យកីឡាកម្ពុជា​ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chinlone Local sport