(ភ្នំពេញ)៖ តារាសម្តែង និងបង្ហាញម៉ូដវ័យក្មេង កញ្ញា សុវណ្ណ រ៉ាផា ក្រោយពីនាងប្រឡូកចូលក្នុង អាជីពសិល្បៈបានរយៈជាង២ឆ្នាំមក គេសង្កេតឃើញថា កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់ នាងបានហក់ស្ទុះឡើង យ៉ាងលឿន តាមរយៈការបង្ហាញវត្តមាននៅក្នុង កម្មវិធីដើរម៉ូដ សម្តែងភាពយន្ត ជាពិសេសនោះក៏មានបណ្តា ផលិតកម្មមួយចំនួន បានទំនាក់ទំនងមកនាង ហៅសម្តែងឈុតកាយវិកា ខារ៉ាអូខេ ហូរហែ។
ដោយសារសង្កេតឃើញពីភាពរីកចំរើន លើអាជីពជាអ្នកសិល្បៈនេះហើយ ទើបធ្វើឲ្យតារាសម្តែងស្រី កញ្ញា សុវណ្ណ រ៉ាផា កំពុងតែមានហាងឆេងខ្ពស់ សម្រាប់ទីផ្សារសិល្បៈ ក្នុងស្រុកនាពេលនេះ។ តាមការកត់សម្គាល់ ចាប់តាំងពីចូលសិល្បៈរហូតមកទល់ពេលបច្ចុប្បន្ន តារាសម្តែងស្រីកញ្ញា សុវណ្ណ រ៉ាផា បាននឹងកំពុងបញ្ហាញវត្តមានជាច្រើន តាមរយៈការសម្តែងរឿងដុំ ដែលត្រូវបានចាក់បញ្ចាំង នៅតាមបណ្តាស្ថានីយទូរសទ្សន៍នានា និងនៅតាមបណ្តារោងកុនមួយចំនួនទៀត។ ម្យ៉ាងទៀតថ្មីៗនេះ នាងក៏ទើបទទួលបានតំណែងតួឯកខ្មោច ក្នុងខ្សែរឿង«ទង់ព្រលឹង»ថតឲ្យផលិតកម្ម Red Picture។
តារាសម្តែងស្រស់ស្អាតកញ្ញា សុវណ្ណ រ៉ាផា បាននិយាយប្រាប់ Khmer TALKING ក្នុងជំនួបសម្ភាន៍ផ្ទាល់ថា «សម្រាប់សាច់រឿងថ្មី ដែលកំពុងត្រៀមនឹងដំណើរការ ចាប់ផ្តើមថតឆាប់ៗនេះ ខ្ញុំបានតំណែងជាតួឯកហើយត្រូវសម្តែងធ្វើខ្មោច។ វាជាលើកដំបូងសម្រាប់ខ្ញុំ ហើយដែលបានតំណែងជាតួឯក នឹងត្រូវសម្តែងធ្វើខ្មោច បែបនេះ»។
កញ្ញា សុវណ្ណ រ៉ាផា បាននិយាយទៀតថា «ខ្ញុំហាក់មានអារម្មណ៍ភ័យខ្លះដែរ ព្រោះជាលើកទី១ ដែលបានតំណែង តួឯកនឹងត្រូវសម្តែងជាតួអង្គខ្មោច ។ តែយ៉ាងណាក៏មិនសូវមានផលលំបាកខ្លាំងប៉ុន្មានទេ ព្រោះកន្លងមកខ្ញុំក៏ធ្លាប់ឆ្លងកាត់សម្តែងខ្សែភាពយន្ត បានចំនួន៣រឿងរួចមកហើយ។ រឿងដែលកំពុងសម្ដែងជាតួឯកនេះជារឿងទី៤របស់ខ្ញុំ។ ដូច្នេះយ៉ាងក៏ដោយគឺត្រូវតែខិតខំប្រឹង សម្តែងឱអស់ពីសមត្ថភាព និងកាន់តែល្អថែមទៀត»។
តារាស្រីដែលត្រូវជាក្មួយបង្កើត របស់អ្នកនាង សែម ឆវី ប្រពន្ធរបស់តារាប្រុសលោកសាវិន ហ្វីលីប កញ្ញា សុវណ្ណ រ៉ាផា បានបន្ថែមថា តាមរយៈរឿងមុនៗភាគច្រើន ខាងអ្នកដឹកនាំជ្រើសឲ្យសម្តែងធ្វើជាតួកាច់ឆ្នាស់ឆ្នើម ទើបតែពេលនេះទេ ដែលគេតម្រូវឲ្យនាងសម្តែងបែបកំសត់ធ្វើជាខ្មោច។ បើតាមការដឹងសម្រាប់រឿងនេះ គឺនាងត្រូវចំណាយរយៈពេលថតប្រហែលជាង១០ថ្ងៃ ក្នុងការចេញសម្តែងជាមួយតួប្រុស-ស្រីផ្សេងៗទៀត។ សុវណ្ណ រ៉ាផា ក៏បានដាក់ក្តីរំពឹងថា នឹងទទួលបានការ គាំទ្រពីសំណាក់ទស្សនិជន នៅពេលរឿងនេះត្រូវបានចាក់បញ្ចាំ នៅក្នុងរោងកុន៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញ៉ូវអាស៊ី