ក្រុងឡុងដ៍៖ អតីតក្រុមបិសាចក្រហម Manchester United បានធ្វើឲ្យក្រុមកំពូលតារាងតោខៀវ Chelsea និងក្រុម ការពារតំណែងជើងឯកមេឃខៀវ Manchester City ស្ថិតក្នុងក្តីបារម្ភជាថ្មី ក្រោយពេលដែលឃើញវត្តមាន Man Utd តាមពីក្រោយយ៉ាងប្រកៀក បន្ទាប់ពីឈ្នះក្រុមម្ចាស់ផ្ទះ Southampton ២-១ យប់មិញនេះទៀត ។
ការប្រកួតសប្តាហ៍ទី១៥នៃ Premier League រដូវកាលឆ្នាំ២០១៤-២០១៥នេះក្រុមរបស់លោក Louis van Gaal លេងមិនដែលចាញ់ និងស្មើ ពោលគឺឈ្នះរហូតចំពោះ៥ប្រកួតចុងក្រោយនេះជាមួយនឹងការទទួលបានពេញៗរហូត ទោះស្ថិតក្នុង និងក្រៅទឹកដីក្តី ។ កីឡាករខ្សែប្រយុទ្ធជួរមុខវ័យ៣១ឆ្នាំ Robin van Persie បាននាំសំណាងឲ្យ បិសាច ក្រហមទទួលបាន៣ពិន្ទុបន្ថែមក្រៅទឹកដីតាមរយៈស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯងនៅនាទី១២ និង ៧១ ដោយបាន របូត១គ្រាប់វិញផងដែរនៅនាទី៣១ពីការធ្វើបានសម្រេចដោយកីឡាករ Southampton, Graziano Pelle ។
៣ពិន្ទុបន្ថែមនេះបានធ្វើឲ្យ Man Utd ហក់ចេញពីលេខ៥ឡើងទៅឈរនៅលេខរៀងទី៣បណ្តោះអាសន្នវិញ ដោយមាន ២៨ពិន្ទុចាញ់ Man City ៥ពិន្ទុ និងក្រុមកំពូលតារាង Chelsea ៨ពិន្ទុប៉ុណ្ណោះ ដែលធ្វើឲ្យការប្រកួត នាសប្តាហ៍ក្រោយៗ ទៀតរឹតតែស្វិតស្វាញ និងល្អមើលខ្លាំងឡើង ជាមួយនឹងការត្រូវការ ឈ្នះរៀងៗខ្លួន ដូចគ្នា ដើម្បីប្រជែងយកពាន Premier League នារដូវកាលនេះ ៕
ផ្ដល់សិទ្ធដោយ៖ looking today