CamNews

ព័ត៌មានអន្តរជាតិ 

ពេលសុំឱ្យរៀបរាប់ពីលោក Trump ពលរដ្ឋអាមេរិកភាគច្រើនតបថា លោកល្ងីល្ងើ និងអសមត្ថភាព

ព័ត៌មានអន្តរជាតិ ៖ ការស្ទង់មតិថ្មីបំផុតរបស់សាកលវិទ្យាល័យ Quinnipiac ឆ្លុះបញ្ចាំងនូវការស្ទង់មតិកន្លងមក ពីអង្គភាពមួយ នៅក្នុងរបបកាន់តំណែងរបស់លោក Donald Trump ដែលថា៖ លោកប្រធានាធិបតី រូបនេះ មិនមានប្រជាប្រិយភាពណាស់ណា ក្នុងការដឹកនាំប្រទេសនោះទេ។

ក្រុមអ្នកស្ទង់មតិ បានរកឃើញថា មានតែអ្នកឆ្លើយតបប្រមាណ ៣៦ ភាគរយប៉ុណ្ណោះ  ដែលវាយតម្លៃប្រតិបត្ដិរបស់លោក Trump ជាវិជ្ជមាន ដែលគ្រាន់តែ មានចំនួនខ្ពស់ជាងលទ្ធផលស្ទង់មតិកម្រិតទាបរបស់សាកលវិទ្យាល័យ Quinnipiac  ប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក្នុងការស្ទង់មតិថ្មីបំផុតនេះ សាកលវិទ្យាល័យ Quinnipiac បានរួមបញ្ចូលសំណួរបើក ច្រើនជាងសំណួរជ្រើសរើសដូចជាថា៖ " តើពាក្យអ្វី ដែលអ្នកនឹងលើកយកមកពិពណ៌នា អំពីលោក Donald Trump" ?

 

ចម្លើយឆ្លើយតបដ៏សាមញ្ញបំផុតនៃការស្ទង់មតិលើការប្រតិបត្ដិរបស់ លោក Trump គឺមានរៀបរាប់តាមលំដាប់លំដោយដូចខាងក្រោមនេះ៖

១. ល្ងីល្ងើ ៣៩ ដង

២. អសមត្ថភាព ៣១ ដង

៣.  ពូកែកុហក ៣០ ដង

៤. អ្នកដឹកនាំ ២៥ ដង

៥. គ្មានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ២៥​ ដង

៦. ប្រធានាធិបតី ២២ ដង

៧. ខ្លាំង ២១ ដង

៨. អ្នកជំនួញ ១៨ ដង

៩. ល្ងង់ ១៦ ដង

១០. ពូកែអួត ១៥ ដង

 

វាជាការល្អ ដែលថា យើងបានយកពាក្យកំពូលៗទាំង ១០ នេះមកធ្វើការស្ទង់មតិ ព្រោះពាក្យទូទៅបំផុតទី ១១  គឺមិនសមស្របសម្រាប់សារព័ត៌មានឡើយ។

ពាក្យថា"អសមត្ថភាព"  និង"ពូកែកុហក"   ដែលទទួលបានចំណាត់ខ្ពស់នេះ មិនគួរជារឿងភ្ញាក់ផ្អើលឡើយ ។ នៅទីបញ្ចប់ ការស្ទង់មតិនេះ បានរកឃើញថា អ្នកឆ្លើយសំណួរប្រមាណ ៦១ ភាគរយគិតថា លោក Trump មិនមានភាពស្មោះត្រង់នោះទេ ហើយជាថ្មីម្តងទៀត អ្នកឆ្លើយសំណួរប្រមាណ ៥៨ ភាគរយ មិនពេញចិត្ដនឹងការងារដឹកនាំប្រទេស ដែលលោក កំពុងធ្វើនោះទេ។

លោក ទទួលបានចំណាត់ប្រសើរជាងមុនបន្ដិច នៅពេលអ្នកឆ្លើយសំណូរ ត្រូវបានស្នើសុំឱ្យធ្វើការវាយតម្លៃថា តើលោក មានការដឹកនាំប្រទេសល្អប្រសើរ ឬយ៉ាងណា។ អ្នកឆ្លើយសំណួរប្រមាណ ៦៥ ភាគរយ និយាយថា គាត់មិនមានការដឹកនាំល្អនោះទេ ប៉ុន្ដែអ្នកគាំទ្រគណបក្សសាធារណរដ្ឋប្រមាណ ៨៤ ភាគរយ និយាយថា លោក មានការដឹកនាំល្អ៕



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ Washington


Tags: International news