CamNews

តារា 

ធ្លាយរឿង ក្រុមតារា ម៉ូដែលខ្មែរ អន់ចិត្តនឹងកន្លែង ស្នាក់នៅ ពេលទៅសម្ដែងនៅ វៀតណាម

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ក្រសួងទេសចរណ៍របស់កម្ពុជា តែងតែដឹកនាំ ក្រុមតារាសិល្បៈ ទៅសម្ដែងនៅប្រទេសវៀតណាម ដើម្បីរឹតចំណងមិត្តភាព និងបង្ហាញពីវប្បធម៌ប្រពៃណីរបស់ខ្មែរ ឲ្យមហាជនអន្តរជាតិបានដឹង និងយល់ពីវិស័យសិល្បៈគ្នាទៅវិញទៅមក។ តារាចម្រៀង និង តារាបង្ហាញម៉ូដល្បីៗ ក្នុងប្រទេសកម្ពុជា ហាក់ត្រូវប៉ាន់ជាងគេ ក្នុងចំណោមតារាបង្ហាញម៉ូដ ជាច្រើនក្រុម ត្រូវបានជ្រើសរើសឲ្យទៅសម្ដែង នៅក្នុងប្រទេសវៀតណាម ។ ប៉ុន្តែក្នុងឆ្នាំនេះ គេសង្កេតឃើញមានដល់ទៅបីក្រុម សម្រាប់ក្រុមតារាបង្ហាញម៉ូដ រួមមាន Cambodia super model , Khmer super model និង Sun model ។

ប្រភពពីតារាបង្ហាញម៉ូដម្នាក់ បានទម្លាយប្រាប់ LookingTODAY ថា ក្រុមរបស់នាងកំពុងតែ អាក់អន់ស្រពន់ចិត្ត ជាខ្លាំង ចំពោះការរៀបចំកន្លែង ឲ្យក្រុមតារាបង្ហាញម៉ូដស្នាក់នៅ ក្នុងពេលសម្ដែងនៅក្នុង ប្រទេសវៀតណាម ដោយសារតែក្រសួងរៀបចំមិនស្មើភាពគ្នា ទាល់តែសោះ។ តារារូបនោះ បានទម្លាយថា ក្រុម Cambodia super model និងក្រុម Khmer super model ត្រូវស្នាក់នៅក្នុងសណ្ឋាគារ តូចតាច នៅផ្លូវតូចចង្អៀត(ឌឿងហែម) ដែលអាចនិយាយបានថា ជាសណ្ឋាគារអន់បំផុត ។

ចំណែកឯក្រុម Sun Model វិញ ដែលមានសមាជិក ក្មេងៗ ស្អាតៗ ត្រូវបានស្នាក់នៅ សណ្ឋាគារលំដាប់ផ្កាយ ដែលបង្ហាញពីការឲ្យតម្លៃ មិនស្មើភាពគ្នា ទៅលើតារាបង្ហាញម៉ូដខ្មែរ ដែលបានទៅចូលរួមក្នុងកម្មវិធីសិល្បៈជាលក្ខណៈអន្តរជាតិមួយនេះ ។ ក្រុមតារាម៉ូដែលស្នាក់នៅ សណ្ឋាគារបែបអន់ៗ បានរអ៊ូរទាំថា សម្រាប់ការសម្ដែង នៅក្រៅប្រទេស ជាផ្លូវការតាមរយៈក្រសួងបែបនេះ មិនសូវបានប្រាក់ចំណូល ច្រើននោះទេ។ ម្យ៉ាងជាមុខមាត់ របស់ជាតិ ដូចនេះប្រាក់កាសមិនមែន ជារឿងសំខាន់ តែសុំឲ្យក្រសួង ជួយមើលការខុសត្រូវ លើតារាក្នុងភាពស្មើគ្នាផង.! មិនមែនមួយក្រុម ដេកនៅក្នុងសណ្ឋាគារ លំដាប់ផ្កាយ ឯមួយក្រុមទៀតដេកនៅក្នុងសណ្ឋាគារអន់ៗ ចូលតាមផ្លូវឌឿងហែមបែបនេះទេ ។ ពួកគេបានចោទជាសំណួរថា ហេតុអ្វីបានធ្វើបែបនេះ ចំពោះពួកគេ ?

ជុំវិញការបែកធ្លាយដំណឹង អាស្រូវរបស់ក្រុមតារាបង្ហាញម៉ូដខ្មែរ ពេលចេញទៅសម្ដែង នៅក្នុងប្រទេស វៀតណាម តាមរយៈក្រសួងទេសចរណ៍ នៅពេលនេះ LookingTODAY មិនទាន់អាចទាក់ទង ភ្នាក់ងាររៀបចំការងារ របស់ក្រសួងទេសចរណ៍ ដើម្បីបំភ្លឺបានទេ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នេះ ។ យ៉ាងណាមិញ រឿងរ៉ាវ នៃការរៀបចំកន្លែងស្នាក់នៅ មិនស្មើភាពគ្នា បន្សល់ទុកនូវការច្រណែន ឈ្នានីស ពីសំណាក់ក្រុមតារាខ្មែរ រហូតវិលមកប្រទេសវិញ មើលមុខគ្នាមិនត្រង់នេះ បានកើតឡើងយូរមកហើយ ។ ជាក់ស្ដែង ដូចកាលពីបុណ្យសមុទ្រឆ្នាំដំបូង តារាចម្រៀង សុន ស្រីពេជ្រ ត្រូវគេឲ្យទៅដេក ក្នុងតង់ក្បែរមាត់សមុទ្រ ។ តែក្រោយពីមានការសម្របសម្រួលមក ទើបនាង បានទៅសម្រាក ក្នុងសណ្ឋាគារត្រឹមត្រូវនឹងគេ..! ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh