CamNews

គ្រោះថ្នាក់ 

យុវតី​ម្នាក់ ត្រូវ​បាន​ដុត​ទាំង​រស់ ដោយ​ម្តាយ​របស់​នាង បន្ទាប់​ពី​រៀប​​ការ​​ប្តី​ដោយ​ចិត្ត​ឯង

(ប៉ាគីស្ថាន)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ​២០១៦​ បាន​ឲ្យ​ដឹង​ថា យុវតី​ជន​ជាតិ​ប៉ាគីស្ថាន​ម្នាក់ ត្រូវ​បាន​ដុតសម្លាប់ទាំងរស់ ដោយម្តាយរបស់នាង នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ បន្ទាប់​ពី​រៀប​ការ​ជា​មួយ​បុរស​ម្នាក់ ដែល​ជ្រើស​រើស​ដោយ​ចិត្ត​ខ្លួន​​នាង ដោយនេះគឺជាហេតុការណ៍ សម្លាប់មនុស្សយ៉ាងឃោរឃៅ ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប្រទេស​។

យុវតីរងគ្រោះ ឈ្មោះ Zeenat Bibi អាយុ១៦ឆ្នាំ ត្រូវបានដុតដោយម្តាយរបស់នាងឈ្មោះ Perveen Bibi នៅ​ភាគ​ខាង​កើត​ទី​ក្រុង Lahore ក្រោយជាង១សប្តាហ៍ បន្ទាប់ពីរៀបការរួច។

«Perveen Bibi បានសម្លាប់កូនស្រីនាង ឈ្មោះ Zeenat Bibi ដោយដុតទាំងរស់ វេលាម៉ោងប្រមាណ៩​ព្រឹក​ថ្ងៃ​ពុធ បន្ទាប់​ពី​រៀប​ការ​ជា​មួយ​បុរស​ម្នាក់​ឈ្មោះ Hasan នៅថ្ងៃទី២៩ ខែឧសភា» នេះ​បើ​តាម​សម្តី​លោក Haidar Ashraf មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ប៉ាគីស្ថាន បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ។

វាគឺជាហេតុការណ៍ សម្លាប់មនុស្ស លើកទី៣ នារយៈពេលប៉ុន្មានខែនេះ។ គួរជម្រាបថា មានស្ត្រីរាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់ ដោយ​សាច់​ញាតិ​របស់​ពួក​គេ នៅក្នុងប្រទេសប៉ាគីស្ថាន ជារៀងរាល់ឆ្នាំ លើ​ហេតុ​ផល​ដែល​ពួក​គេ​ថា ជា​ការ​ការ​ពារកិត្តិ​យស​គ្រួសារ​៕



រូបភាពតំណាង


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Zeenat Bibi Perveen Bibi