CamNews

ព័ត៌មានអន្តរជាតិ 

អ្នកផ្ទុកវីរុស HIV មានសង្ឃឹមហើយ! អ្នកវិទ្យាសាស្រ្ដបង្កើតអង់ទីគ័រថ្មី អាចសម្លាប់វីរុស HIV បាន ៩៩%

ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្កើតអង់ទីគ័រ ដែលអាចសម្លាប់មេរោគអេដស៍បាន ៩៩% ហើយអាចការពារការឆ្លង ចំពោះសត្វស្វាទៀតផង។

អង់ទីគ័រនេះ ត្រូវបានបង្កើតឡើងដើម្បីវាយប្រហារវីរុសសំខាន់ៗចំនួន ៣  ដែលធ្វើឱ្យវីរុសកាន់តែពិបាក ក្នុងការទប់ទល់នឹងប្រសិទ្ធភាពរបស់អង់ទីគ័រនោះ។ ការងារនេះ គឺជាកិច្ចសហការរវាងវិទ្យាស្ថានជាតិសុខាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនឱសថ Sanofi ។

សមាគមប្រយុទ្ធប្រឆាំងជំងឺអេដស៍អន្តរជាតិ បានឱ្យដឹងថា ការបង្កើតអង់ទីគ័រនេះ គឺជា"ភាពជោគជ័យដ៏រំភើប"មួយ ។ ការធ្វើតេស្ដអង់ទីគ័រថ្មីនេះ ទៅលើខ្លួនមនុស្ស នឹងចាប់ផ្តើមអនុវត្ដ នៅឆ្នាំ ២០១៨ ដើម្បីពិសោធន៍ឱ្យឃើញថា តើអង់ទីគ័រនេះ អាចការពារ ឬព្យាបាលការឆ្លងមេរោគអេដស៍បានដែរ ឬទេ។


រាងកាយរបស់មនុស្សយើង អាចតស៊ូប្រឆាំងនឹងមេរោគអេដស៍បាន ដោយសារតែសមត្ថភាពកាចសាហាវរបស់វីរុស នឹងផ្លាស់ប្តូរសណ្ឋានរបស់វា។ ប្រភេទវីរុស HIV ឬមេរោគអេដស៍នៅក្នុងខ្លួនរបស់អ្នកជំងឺតែម្នាក់ អាចប្រៀបធៀប ទៅនឹងអ្នកជំងឺ ដែលកើតជំងឺផ្តាសាយ ក្នុងអំឡុងពេលរដូវគ្រុនផ្ដាសាយទូទាំងពិភពលោក។ ដូច្នេះប្រព័ន្ធភាពស៊ាំរបស់រាងកាយ រកឃើញសមត្ថភាពដោយខ្លួនឯង ក្នុងការប្រយុទ្ធប្រឆាំងនឹងចំនួននៃវីរុសហ៊ីវ ដែលមិនអាចគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព។

អង់ទីគ័រដ៏អស្ចារ្យ

ប៉ុន្ដែបន្ទាប់ពីការចម្លងមេរោគជាច្រើនឆ្នាំ អ្នកជំងឺមួយចំនួនតូច បានបង្កើតនូវអាវុធដ៏ខ្លាំងក្លាដែលហៅថា " broadly neutralising antibodies "ដែល មានសមត្ថភាពសម្លាប់ឫស្សគល់វីរុស HIV ហើយអាចសម្លាប់មេរោគអេដស៍បានយ៉ាងច្រើន។

ក្រុមអ្នកស្រាវជ្រាវ បាននិងកំពុងព្យាយាមប្រើអង់ទីគ័រ “broadly neutralising antibodies” ធ្វើជាមធ្យោបាយព្យាបាលជំងឺអេដស៍ ឬការពារការឆ្លងមេរោគដំបូងបង្អស់។

ការស្រាវជ្រាវ ដែលចុះផ្សាយ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត បានដាក់អង់ទីឡ័របីប្រភេទបញ្ចូលគ្នា ដើម្បីឱ្យវាក្លាយអង់ទីគ័រពិសេស មានប្រសិទ្ធភាពខ្លាំងជាងមុន។

លោកវេជ្ជបណ្ឌិត Gary Nabel ប្រធានផ្នែកវិទ្យាសាស្ត្រ នៅក្រុមហ៊ុន Sanofi និងជាអ្នកសរសេររបាយការណ៍ស្រាវជ្រាវនេះ បានប្រាប់គេហទំព័រ BBC News ថា៖ "អង់ទីគ័រទាំងនេះ មានប្រសិទ្ធភាពខ្លាំងជាងមុន និងមានវិសាលភាពធំជាងអង់ទីគ័រមួយប្រភេទ កើតមានដោយធម្មជាតិក្នុងខ្លួនមនុស្ស ដែលធ្លាប់បានរកឃើញ" ។

ការពិសោធន៍ អង់ទីគ័រពិសេសថ្មី ទៅលើសត្វស្វាចំនួន ២៤ ក្បាល កន្លងមកនេះ ពុំឃើញសត្វស្វាមួយណា បានឆ្លងមេរោគអេដស៍នោះទេ នៅពេលដែលពួកវា ត្រូវបានគេចាក់បញ្ចូលវីរុស HIV ទៅក្នុងខ្លួនតាមក្រោយ។

សូមបញ្ជាក់ផងដែរថា ការងារបង្កើតអង់ទីគ័រនេះ មានការចូលរួមសហការ ពីអ្នកវិទ្យាសាស្ត្រនៅសាលាវេជ្ជសាស្ត្រ Harvard  វិទ្យាស្ថានស្រាវជ្រាវ Scripps និងវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news