ភ្នំពេញ៖ អ្នកលេងក្បាច់គុនបុព្វបុរសខ្មែរ គឺកីឡាល្បុក្កតោ២នាក់ រួមមានកីឡាកររ ហត សេងហ៊ន និងកីឡាការិនី សំ ថារ័ត្ន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីពួកគេប្រជែងបានកៅអីវគ្គផ្ដាច់ព្រ័ត្រនៅក្នុងព្រឹត្តិការណ៍ មហាស្របកីឡាយុទ្ធសិល្ប៍ចម្រុះពិភពលោក (World Martial Art Union) លើកទី១៤ ដែលកំពុងរៀបនៅទីក្រុង Chungiu សាធារណៈរដ្ឋកូរ៉េ ។
លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យ ដឹងនៅព្រឹកថ្ងៃទី២៩ ខែសីហានេះថា កាលពីម្សិលមិញ កីឡាករ ហត សេងហ៊ន និងកីឡាការិនី សំ ថារ័ត្ន បានប្រកួត ឈ្នះអ្នកលេងក្បាច់គុនបុរាណ មកពី៨ប្រទេសនៅ ក្នុងការប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ ព្រ័ត្រលើវិញ្ញាសាសម្ដែងជាគូបុរស-នារី ។ ដូច្នេះថ្ងៃនេះអត្តពលិកតំណាងឲ្យក្បាច់គុនបុរាណខ្មែរទាំង ២នាក់ នឹងបន្ដការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវ ជួបក្រុមកីឡាករ-កីឡាការិនីមកពី ៤ប្រទេសផ្សេងទៀត ដែលសុទ្ធតែក្បាច់គុនបុរាណដូចគ្នា ។
ប្រធានសហព័ន្ធរូបនេះ បានបន្ដថា លទ្ធផលដ៏ល្អនាពេលនេះ គឺបានបញ្ជាក់ឲ្យឃើញពីភាពអស្ចារ្យនៃកីឡាក្បាច់គុន បុរាណខ្មែរ ដែលបន្សល់ទុកដោយ បុព្វបុរសជំនាន់ដើម បង្ហាញឲ្យពីពិភពលោកបានដឹង និងបានស្គាល់កាន់តែច្បាស់ អំពីវប្បធម៌អរូបិយតំណាងឲ្យប្រទេសជាតិកម្ពុជា ។ ជាងនេះទៅទៀត លោកក៏បានប្ដេជ្ញាធ្វើឲ្យណា ជំរុញឲ្យកីឡាល្បុក្កតោខ្មែរ ក្លាយទៅជាកីឡាបុរាណជាងគេក្នុងបញ្ជីបេតិកភ័ណ្ឌអរូបិយរបស់មនុស្សជាតិ ដែលទទួលស្គាល់ដោយ អង្គការ UNESCO ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍ World Martial Art Union លើកទី១៤នេះ គឺមានការចូលរួម ពីបណ្ដាប្រទេស ដែលមានក្បាច់គុនបុរាណចំនួន ២៦ប្រទេស ប៉ុន្ដែក្នុងនោះមានតែ ២៤ប្រទេសប៉ុណ្ណោះ ដែលជាសមាជិករបស់សហព័ន្ធកីឡាយុទ្ធសិល្ប៍ចម្រុះពិភពលោក ។ លោកបានសង្កត់ធ្ងន់ថា «ចំពោះការប្រកួត ខាងលើ គឺគ្រាន់តែជាការបង្ហាញឲ្យគេបានឃើញ និងបានស្គាល់អំពីការក្បាច់គុនបុរាណតំណាងឲ្យប្រទេសនីមួយៗ ប៉ុន្ដែការ កាត់សេចក្ដីរកលទ្ធផលឈ្នះ-ចាញ់ វាអាស្រ័យលើការសម្ដែងស្រុះគ្នា និងមានមូលដ្ឋានក្បាច់គុណច្បាស់លាស់ឬក៏អត់ ។ តែបើកាត់សេចក្ដីដោយវិភាគពីក្បាច់គុណ គឺមិនអាចនោះទេ ព្រោះកីឡាក្បាច់គុនបុរាណ សុទ្ធតែជាតំណាង និងជា ដួងព្រលឹងនៃប្រទេសជាតិនីមួយៗដែលមិនអាចឲ្យតម្លៃបានឡើយ» ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល