ព័ត៌មានអន្តរជាតិ ៖ សពខ្មោច ២២នាក់ ត្រូវបានប្រទះនិងរកឃើញនៅនឹងទូកដឹកជនអន្តោប្រវេសន៍ នៅដែនមហាសមុទ្រ Mediterranean នេះបើយោងតាមភ្នាក់ងារជំនួយមនុស្សធម៌គ្មានព្រំដែល ដែល ហៅកាត់ថា MSF ឬ the aid group Medecins Sans Frontieres ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា សពខ្មោចសរុប ២២នាក់ ក្នុងនោះ ស្រ្តី ២១នាក់ និងបុរស ១នាក់ ត្រូវ បានក្រុមការងារដែនសមុទ្រប្រទះឃើញនៅក្នុងថ្លុកប្រេងលាយទឹកសមុទ្រ ដែលមាននៅបាតទូក។ ឆ្មាំសមុទ្រប្រទេសល៊ីប៊ីបន្តឲ្យដឹងថា ពួកគេបានធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង លើទូកជន អន្តោប្រវេសន៍ដ៏តូចមួយនៅលើផ្ទៃសាគរដ៏ធំធេង ស្ទើរតែគ្មានកោះគ្មានត្រើយ ។ ក្រុមជនអន្តោប្រវេ សន៍ច្រើនជាង ២០០នាក់ ដែលបានរស់រានមានជីវិត ពីទូកខាងលើ ត្រូវបានក្រុមការងារឆ្មាំសមុទ្រ ជម្លៀសទៅកាន់ទូកមានសុវត្ថិភាព ក្នុងនោះ ៥០នាក់ គឺជាក្មេងៗតូចៗ ។ មន្រ្តីផ្លូវការ Jens Pagotto ពី MSF គូសបញ្ជាក់ដល់សារព័ត៌មាន Reuters ឲ្យដឹងថា ពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ មានរឿង អ្វីកើតឡើងឲ្យប្រាកដ ប៉ុន្តែ ការស្លាប់របស់ពួកគេ គួរឲ្យរន្ធត់ និង សង្វេគជាខ្លាំង ។ ពិតណាស់ ការ លាយឡំបញ្ជូលគ្នារវាងទឹក ប្រេង និងចំហាយផ្សែង អាចជាចលករបណ្តាលឲ្យពួកគេ ថប់ដង្ហើម សន្លប់បាត់បង់ស្មារតី ឈានទៅស្លាប់បាត់បង់ជីវិត ក៏ថាបាន ។ ភាគច្រើននៃក្រុមជនអន្តោប្រវេសន៍ លើកនេះ គឺមកពីប្រទេសភាគខាងលិច អាហ្វ្រិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី