ភ្នំពេញ ៖ មន្រ្តីនៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ស្អែកនេះ ស្ពានជ្រោយចចង្វារ ឬក៏ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នឹងមិនឲ្យរថយន្តធុនធំ ធ្វើដំណើរទៅវិញទៅមកនោះទេ ព្រោះស្ពានមួយនេះ មានអាយុកាលច្រើនឆ្នាំហើយ និងមានសភាព ទ្រុឌទ្រោមខ្លាំង។
ការមិនអនុញ្ញាតនេះ ដោយសារស្ពានមានសភាពទ្រុឌទ្រោមខ្លាំងផ្នែកកំណល់នៃទម្រស្ពាន ពុំអាចឲ្យរថយន្តធុនធ្ងន់ធ្វើចរាចរឆ្លងកាត់បាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែសីហា ដើមខែនេះ សាលារាជធានីភ្នំពេញ បានចេញ សេចក្តីជូនដំណឹងមួយ ស្តីពីការហាមឃាត់រថយន្ត ដឹកជញ្ជូនធុនធ្ងន់ ឆ្លងកាត់ស្ពានជ្រោយចង្វារ ស្ថិតនៅក្នុងភូមិសាស្រ្ត ខណ្ឌដូនពេញ និង ខណ្ឌជ្រោយចង្វារ ។
សេចក្តីជូនដំណឹងបានបន្តទៀតថា ដើម្បីរក្សាការពារ និងអាចប្រើប្រាស់ស្ពានបានជា បណ្តោះ អាសន្ន កុំឲ្យបង្កការគ្រោះថ្នាក់ជាយថាហេតុនោះ សាលារាជធានី ហាមឃាត់ និង មិនអនុញ្ញាត ឲ្យរថយន្តដឹកទំនិញធុនធ្ងន់ធ្វើចរាចរឡើយហើយរថយន្តធុនធំទាំងនោះ អាចបង្វែរការដឹកជញ្ជូនទៅឆ្លងកាត់ស្ពានព្រែកព្នៅជាបណ្តោះអាសន្នវិញ៕