(ភ្នំពេញ)៖ ខ្សែការពារដ៏រឹងមាំ Anthony Odion Obadina បានវិលត្រឡប់មកជួយក្លិបភ្នំពេញក្រោនវិញហើយ ក្រោយចាកចេញទៅប្រកបអាជីពបាល់ទាត់ជាមួយនឹងក្លឹបលំដាប់លីគទី២ នៅប្រទេសន័រវេអស់រយៈពេល ៤ខែកន្លងទៅ នេះបើយោងតាមប្រភពព័ត៌មានលើប្រព័ន្ធទំនាក់ទំនងសង្គមរបស់ក្លឹបជើងឯក ៦សម័យកាល នេះ ។
ជាមួយនឹងដំណើរវិលត្រឡប់ជាថ្មីមកកម្ពុជា ខណៈខ្លួនធ្លាប់ជួយភ្នំពេញក្រោន លើកពានលីគកំពូលកម្ពុជា ៣លើកផងនោះ Anthony Odion Obadina នៅមិនទាន់ច្បាស់លាស់ពីពេលវេលាជួយភ្នំពេញក្រោន ក្នុងរដូវកាលថ្មីនេះទេ ប៉ុន្ដែក្លឹបកំពុងតែពិចារណា ដើម្បីសម្រេចឲ្យខ្សែការពារនីហ្សេរីយ៉ារូបនេះ បានលេងក្នុងរយៈពេលខ្លីណាមួយ មុននឹងគេត្រឡប់ទៅប្រទេសន័រវេវិញ ។
យោងតាមប្រភពព័ត៌មានខាងលើបានបញ្ជាក់ដែរថា ទន្ទឹមជាមួយនឹងដំណើរវិលត្រឡប់របស់ខ្សែការពារឆ្នើមខាងលើ ភ្នំពេញក្រោន ក៏កំពុងធ្វើតេស្ដសមត្ថភាពអ្នកចាំទីជនជាតិជប៉ុន Jun Kochi ដើម្បីជំនួសតំណែងកីឡាករ Abel Yebenes ដែលទើបចាកចេញផងដែរ ។ Jun Kochi គឺធ្លាប់មានបទពិសោធន៍ជាមួយនឹងក្លឹបអាជីពនៃប្រទេសបង់ក្លាដេស, សិង្ហបុរី, ថៃ និងមីយ៉ាន់ម៉ាទៀតផង ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង