ភ្នំពេញ៖ មន្រ្តីនគរបាល ខណ្ឌឫស្សីកែវ បានទទួលរងនូវការស្តី បន្ទោសពីថ្នាក់លើ ក្រោយពីមានករណី ជនសង្ស័យ ៣នាក់ ជំនាញកាច់សោ ក ម៉ូតូ បានហែកគុក នៅអធិការដ្ឋាន នគរបាលខណ្ឌ រត់គេចខ្លួន ទាំងយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ បង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះ ជនសង្ស័យ ដែលហែកគុករត់ចេញ នោះមិនទាន់ត្រូវបានចាប់ខ្លួន នៅឡើយទេ។
មន្រ្តីនគរបាល ខណ្ឌឫស្សីកែវបានថ្លែងថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ក្រោយពីជនសង្ស័យ ៣នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាពកាច់ ក ម៉ូតូ បានលួចរត់ចេញពី មន្ទីរឃុំឃាំង នគរបាល ខណ្ឌឫស្សីកែវ តាមរយៈការកាត់ចង្រឹងដែករបស់គុក។ ពេលនោះ កម្លាំងនគរបាល ជាច្រើននាក់ បានបញ្ចេញប្រតិបត្តិការ ដេញចាប់ជនសង្ស័យទាំងនោះ ប៉ុន្តែមិនទាន់ត្រូវចាប់បាននៅឡើយនោះទេ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះ។
មន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យទាំង ៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយកាលពីព្រឹកថ្ងៃទី១១ ខែសីហា ត្រូវបានបញ្ជូនខ្លួនទៅកាន់ តុលាការដើម្បីធ្វើការសួរនាំ ។ ក្រោយការបញ្ចប់ការសួរនាំ ជនសង្ស័យទាំង ៣នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តទៀត។ ប៉ុន្តែនៅម៉ោងកើតហេតុ កាលពីយប់មិញ ស្រាប់តែជនសង្ស័យ លួចរត់ចេញតែម្តង។ ទាំងនេះមកពីនគរបាល បានអនុញ្ញាតឲ្យសាច់ញាតិ របស់ជនសង្ស័យចូលទៅសួរនាំ ហើយយកប៉ែលទៅជាមួយ ដើម្បីទុកឲ្យជនសង្ស័យអាចគាស់ ចង្រឹងដែកបាន៕