CamNews

តារា 

សាសា ត្រូវ​មហាជន​រិះ​គន់​ថា ខ្លួន​ឯង​ចេះ​ទាម​ទារ​រក​យុត្តិធម៌ តែ​ពេល​ជិះ​រថយន្ត​បង្ក​គ្រោះ​ថ្នាក់

ភ្នំពេញ៖ នៅក្នុងបណ្ដាញសារព័ត៌មាន ក្នុងរយៈពេលថ្មីៗ ចុងក្រោយនេះ ត្រូវបានមហាជន ចាប់អារម្មណ៍ខ្លាំងទៅលើ សំណុំរឿង របស់អតីតពិធីការិនី ឯក សុជាតា ហៅសាសា ក្នុងអំពើហិង្សា ជាមួយនឹងលោកឧកញ៉ា សុខ ប៊ុន រហូតលោកឧកញ៉ាសម្បូរលុយរូបនេះ បាត់បង់នូវតំណែងជាឧកញ៉ា បាត់បង់កិត្តិយស ចូលខ្លួនមកទទួលទោសតាមច្បាប់ជាធរមាន ខណៈដែលខ្លួនបានប្រព្រឹត្តទង្វើ មិនគប្បីជាមួយនឹង សាសា ។

សំណុំរឿងហិង្សារបស់លោក សុខ ប៊ុន ដែលកញ្ញាសាសា ទាមទារឲ្យមានភាពយត្តិធម៌ តាមផ្លូវច្បាប់ ដោយបានអះអាងដាច់ខាត មិនទទួលយកសំណង កំពុងស្ថិតនៅក្នុងដៃតុលាការ មិនទាន់ទាំងដោះស្រាយចប់ស្រួលបួលផង ថ្មីៗនេះ បានផ្ទុះរឿងកក្រើកមួយទៀត សម្រាប់កញ្ញា សាសា គឺការបង្កគ្រោះថ្នាក់ចរាចរ ពេលខ្លួនជិះជាមួយមិត្តភក្តិ នៅកណ្ដាលក្រុងបាត់ដំបង ក្នុងស្ថានភាពស្រវឹង ដោយបានបើករថយន្តបុក ជាមួយនឹងរ៉ឺម៉កដឹកទឹកកក បង្កឲ្យអ្នកបើករ៉ឺម៉ករបួសធ្ងន់ ។ ប៉ុន្តែអ្វីដែលមហាជន និងអ្នកឃើញហេតុការណ៍ សម្ដែងការហួសចិត្តនោះ គឺក្រុមបក្សពួករបស់កញ្ញា សាសា បានសម្របសម្រួលរឿងនេះ ក្រៅប្រព័ន្ធច្បាប់ ខណៈដែលខ្លួនឯងកំពុងតែទាមទារ រកយុត្តិធម៌តាមផ្លូវច្បាប់ ក្នុងជម្លោះហិង្សាជាមួយលោក សុខ ប៊ុន ។

មហាជន ដែលបានឃើញហេតុការណ៍នេះ បាននាំគ្នាលើកឡើងថា ក្នុងរឿងគ្រោះថ្នាក់ចរាចរនេះ គឺជាទោសព្រហ្មទណ្ឌ ដែលអ្នករួម ដំណើរជាមួយខ្លួន បានបង្កឡើង បណ្ដាលឲ្យអ្នកដទៃរបួស ត្រូវចូលទទួលទោស តាមច្បាប់ មិនអាចអត់ឱនបានឡើយ តែសម្រាប់កញ្ញាសាសា ក៏ដូចជាបក្សពួក បែរជាគេចវេស មិនទទួលខុសត្រូវ និងបានចរចាជាមួយជនរងគ្រោះ ក្រៅប្រព័ន្ធច្បាប់ទៅវិញ។

មតិរបស់មហាជន បានលើកឡើងថា ពេលខ្លួនឯងមានបញ្ហា ក្លាយជាជនរងគ្រោះ បានអះអាងថា មិនទទួលយកការសម្របសម្រួលណាមួយ ជាមួយភាគីលោក សុខ ប៊ុន ក្រៅច្បាប់នោះឡើយ ពោលខ្លួនបានទាមទារឲ្យលោក សុខ ប៊ុន ចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ រហូតលោកឧកញ៉ា មានលុយរាប់លានដុល្លារម្នាក់នេះ បានលះបង់នូវអ្វីៗគ្រប់យ៉ាង ក្នុងមួយប៉ប្រិចភ្នែក ដើម្បីទទួលកំហុស និងផ្ដល់ភាពយុត្តិធម៌ដល់ សាសា ពោលគឺសុខចិត្តដើរចូលគុកតាមអ្វី ដែលនាងទាមទារ។

ចុះពេលបក្សពួក សាសា បង្កគ្រោះចរាចវិញ តើជនរងគ្រោះទទួលបានយុត្តិធម៌ តាមច្បាប់ហើយឬនៅ ? តើសំណងក្រៅផ្លូវច្បាប់ អាចជាគំរូល្អ ដល់អ្នកសិល្បៈដទៃដែរឬទេ ? គេនៅចំបានថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះថា នៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី២ ខែសីហា នេះ រថយន្តមិត្តរបស់ កញ្ញា សាសា ដោយនាងបានរួមដំណើរជាមួយផងនោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ បុករ៉ឺម៉កដឹកទឹកកកកំពិត រថយន្តទំនើបពណ៌ស ផ្នែកខាងមុខ នៅម្តុំទល់មុខក្លឹប កម្សាន្តមួយឈ្មោះ «ស្តាឡាយ» នៅក្រុងបាត់ដំបង ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងទៀតថា ក្រោយពេលបុកគ្នាភ្លាម កញ្ញា សាសា ដែលជិះរថយន្តមានគ្នា២នាក់ ត្រូវបានជម្លៀសចេញភ្លាមៗដែរ ដោយមានរថយន្តមួយទៀត ដឹកចេញទៅ ហើយស្លាកលេខរថយន្ត ក៏ត្រូវបានដោះចេញពីរថយន្តដែរ ។ រឿងគ្រោះថ្នាក់នេះ មិនបានអូសបន្លាយវែងឆ្ងាយទេ ព្រោះរវាងភាគីទាំង២ បានដោះស្រាយគ្នាបញ្ចប់ មិនពិបាកដល់នគរបាល ដោះស្រាយឡើយ ។
គ្រាន់តែចេញផ្សាយព័ត៌មាននេះភ្លាម អតីតអ្នកសិល្បៈ ដែលសម្បូរបញ្ហា កញ្ញា សាសា បានចេញមុខ បកស្រាយយ៉ាងខ្លី នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook របស់នាង ដោយទទួលស្គាល់ថា មានគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបងនោះ ប្រាកដមែន តែនាងបដិសេធន៍ថា រថយន្តនោះ មិនមែនជា របស់នាងឡើយ ពោលជារបស់មិត្តភក្តិនាង នៅឯខេត្តបាត់ដំបង។ សាសា សរសេរថា« ឡាននោះជាឡានរបស់មិត្ត ខ្ញុំនៅខេត្តបាត់ដំបងទេ…»៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh