CamNews

កីឡាជាតិ 

ប្រកួត​កីឡា​វាយ​សី​ រក​ជើង​ខ្លាំង​វ័យ​ក្មេង ត្រៀម​ប្រកួត World Youth Games 2018 នៅ​អាហ្សង់​ទីន

(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានសហការជាមួយគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា រៀប​ចំ​ការ​ប្រកួត​ជម្រុះ​កីឡា​វាយ​សី​យុវជន​អាយុក្រោម ១៥ឆ្នាំ ដើម្បី​ចម្រាញ់​រក​ជើង​ខ្លាំង​វ័យ​ក្មេង ១០​នាក់​មក​បំប៉ន់​សមត្ថ​ភាព​ត្រៀម​ចូល​រួម​ប្រកួត​កីឡា​វាយ​យុវជន​កម្រិត​​ពិភព​លោក World Youth Games 2018 នៅប្រទេសអាហ្សង់ទីន ។

ការប្រកួតជម្រុះនេះ នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅលើទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​មាន​ការ​ចូល​រួម​ពី​កីឡាករ-កីឡាការិនីអាយុក្រោម ១៥ឆ្នាំចំនួន ២៥នាក់ ក្នុងនោះមានកីឡាការិនី ២នាក់ ដែល​មក​ពី​តាម​បណ្ដា​ក្លឹប​កីឡា​វាយ​សី​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងចំណោមអ្នក​កីឡា​​ករ​វ័យ​​ក្មេង​​ទាំង២៥​នាក់ ដែល​ចូល​រួម គឺជម្រុះយកតែ ១០នាក់ប៉ុណ្ណោះ សម្រាប់​បំប៉ន​សមត្ថ​ភាព​​ពួក​​គេ ត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​វាយសី​កម្រិត​ពិភព​លោក​ខាង​លើ ប៉ុន្ដែក្នុងនោះកីឡាការិនី ២រូប ដែល​ចូល​រួម​ត្រូវ​បាន​សហព័ន្ធ​ផ្ដល់​សិទ្ធិ​ពិសេស​ឲ្យ​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង ។

លោកបន្ដថា ការប្រកួតនេះបែងចែកជា ៤ពូល សម្រាប់ផ្នែកយុវជន ដោយត្រូវឆ្លងកាត់ប្រកួតវិលជុំ ដើម្បីជម្រុះយកកីឡាករលេខ១ និង​លេខ២ ឡើងទៅវគ្គបន្ដ ។ ជាមួយគ្នានេះ សហព័ន្ធក៏មានរៀបចំប្រាក់រង្វាន់​លើក​ទឹក​ចិត្ត ដល់អ្នកដណ្ដើមបានជ័យលាភីផងដែរ ដោយ​លេខ​១ ទទួល​បាន ២០​ម៉ឺន​រៀល, លេខ២ ទទួលបាន ១២ម៉ឺនរៀល និងលេខ៣ ទទួលបាន ៨ម៉ឺនរៀល ៕


ផ្តល់សិទ្ធិដោយ ​៖ ខ្មែរថកឃីង


Tags: Sport news Local news