CamNews

កីឡាជាតិ 

កូរ៉េ ជួយកីឡា​ល្បុក្កតោ​ខ្មែរ ដើម្បី​ចុះ​បញ្ជី​បេតិកភ័ណ្ឌ​អរូបិយ នៅ​អង្គការ UNESCO

ភ្នំពេញ៖ ដោយមើលឃើញពីសក្ដានុពលនៃកីឡាល្បុក្កតោកម្ពុជា ដែលមានប្រភព និងមូលដ្ឋានច្បាស់លាស់នោះ មន្ដ្រីមូលនិធិបេតិកភ័ណ្ឌវប្បធម៌ នៃសាធារណៈរដ្ឋកូរ៉េ បានធ្វើទស្សនៈកិច្ចមកប្រទេសកម្ពុជា ដើម្បីស្រាវជ្រាវ និងចូលរួម រៀបចំឯកសារចំនួន ពាក់ព័ន្ធនឹងកីឡា ក្បាច់គុនបុរាណខ្មែរនេះ ដើម្បីបញ្ជូនទៅអង្គការ UNESCO ស្នើរមានការចុះបញ្ជី បេតិកភ័ណ្ឌអរូបិយមនុស្សជាតិពិភពលោកនាពេលឆាប់ៗខាងមុខ ។

នៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ សហព័ន្ធកីឡាល្បុក្កតោកម្ពុជា ក្រោយការដឹកនាំរបស់លោក វ៉ាត់ ចំរើន ជាប្រធានសហ ព័ន្ធ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីសម្ដែងស្នៀតប្រយុទ្ធ និងមេគុនមួយ ចំនួនជូនដល់ក្រុមប្រតិភូកូរ៉េ ដែលបានធ្វើទស្សនៈកិច្ច នៅកម្ពុជាទស្សនា ។ ជាមួយគ្នានោះមន្ដ្រីប្រតិភូកូរ៉េខាងលើបានសម្ដែងការស្ងើចសរសើរ និងមោទនភាពជាខ្លាំង ចំពោះក្បាច់គុនបុរាណខ្មែរនេះ ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា នេះគឺជាឱកាសមួយសំខាន់ក្នុងការជំរុញឲ្យកីឡាក្បាច់គុន ដែលជាដួងព្រលឹង ជាតិខ្មែរនេះ មានសង្ឃឹម ក្នុងការចុះបញ្ជីបេតិកភណ្ឌអរូបិយមនុស្សជាតិពិភពលោក ។ លោកបន្ដថា ដំណើរទស្សនកិច្ច នៃក្រុមប្រតិភូកូរ៉េខាងលើ បានជួបជាមួយ អគ្គនាយកដ្ឋានក្រសួងវប្បធម៌កម្ពុជា សហព័ន្ធកីឡាល្បុក្កតោកម្ពុជារួចហើយ គឺក្នុងគោលដៅចូលរួមជួយ រៀបចំឯសារពាក់ព័ន្ធ នឹងកីឡាល្បុក្កតោខ្មែរ ឲ្យបានល្អប្រសើរឡើងវិញ ដើម្បីត្រៀមបញ្ជូនទៅ អង្គការ UNESCO ។

លោកបានបញ្ជាក់ថា «ជុំវិញការរៀបចំឯកសារពាក់ព័ន្ធនឹងកីឡាក្បាច់គុនប្រវត្តិខ្មែរនេះ កន្លងមកប្រមុខរាជរដ្ឋាភិបាល កម្ពុជា និងមន្ដ្រីថ្នាក់ ដឹកនាំជាច្រើន ក៏បានជំរុញឲ្យមានការរៀបចំផងដែរ ដូច្នេះយើងនឹងខិតខំឡើងវិញ ដោយធ្វើឲ្យបាន ហ្មត់ចត់ និងស៊ីជម្រៅ ហើយនៅពេលបញ្ជូន ឯកសារទៅប្រាកដជាទទួលបានការចុះបញ្ជីបេតិកភណ្ឌអរូបិយមនុស្សជាតិ ពិភពលោក ដែលទទួលស្គាល់ដោយអង្គការ UNESCO តែម្ដង» ។

អគ្គលេខាធិការ NOCC រូបនេះបានបន្ថែមថា សម្រាប់ទស្សនៈកិច្ចនៃក្រុមមន្ដ្រីមូលនិធិបេតិកភណ្ឌវប្បធម៌សាធារណៈ រដ្ឋកូរ៉េនេះដែរ ពួកគាត់ នឹងជួយផលិតជាឯកសាររស់ និងឯកសារសំណេរ ហើយក៏ជួយពិនិត្យ ផ្ដល់យោបល់ និងផ្ដល់ បទពិសោធន៍ ដើម្បីធ្វើយ៉ាងណា ពេលបញ្ជូនឯកសារ ទៅអង្គការ UNSCO នឹងទទួលស្គាល់ ហើយលោកសង្ឃឹមយ៉ាង មុតមាំថា ឯកសារចុងក្រោយនេះ នឹងទទួលបានជោគជ័យ ដោយភាគីពាក់ព័ន្ធគ្រោងនឹងចាប់ផ្ដើមផលិតនៅចុងឆ្នាំ ២០១៥ នេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Kore Khmer Bokator UNESCO