CamNews

ព័ត៌មានជាតិ 

មេខ្លោងឈ្មោះ ពៅ សិទ្ធិ ដែលក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង រងការប្តឹងពីទេសរដ្ឋមន្រ្តី អឹុម ឈុនលឹម

ភ្នំពេញ)៖ ឈ្មោះ ពៅ សិទ្ធិ ត្រូវបានតំណាងអយ្យការ​ អមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង បន្ទាប់ពីមានបណ្តឹង របស់លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅកំឡុងខែ កក្កដា ឆ្នាំ ២០១៥ ហើយត្រូវបានចៅក្រម សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ កាលពីប៉ុន្មានថ្ងៃមុននេះ។

មូលហេតុ នៅចុងឆ្នាំ ២០០៧ និងដើមឆ្នាំ ២០០៨ឈ្មោះ ពៅ សិទ្ធិជាមេខ្លោងរៀបចំឯកសារក្លែង និងប្រើប្រាស់ឯកសារក្លែង ដោយចេតនា ជាមួយអ្នករួមគំនិតជាច្រើននាក់ ពិសេសពួកគេហាក់បីដូចជាយកគំនិតរបស់ ក្រុមអ្នកជំនាញឲ្យយោបល់មួយចំនួន ដែលគ្មានមាគ៌ាច្បាប់ និងគ្មានសីលធម៌ ដោយលាក់ការពិត និងមានចេតនាបិតបាំង នូវអំពើលើ្មសរបស់ឈ្មោះ ពៅ សិទ្ធិ និងគូកន ដើម្បីធ្វើទុក្ខបុកម្នេញនិងរឹបអូសដោយខុសច្បាប់ យកដីគេជាង ១០០០ (មួយពាន់) ហិកតាដោយមានលក្ខណៈជាប្រព័ន្ធ ដែលមានទីតាំងស្ថិតនៅ ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលជាកម្មសិទ្ធិស្របច្បាប់របស់ ក្រុមហ៊ុន​ វិនិយោគទុន ជប៉ុនដ៏ធំមួយ ដោយបានដាក់ទុនវិយោគ រាប់សិបលានដុល្លារអាមេរិក នៅប្រទេស​កម្ពុជា នៅកំឡុងឆ្នាំ ១៩៩៥/១៩៩៦។

ឈ្មោះ ពៅ សិទ្ធិត្រូវបានលោកចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥ រួចម្តងហើយ។ រយៈពេលជាង ០១ ខែក្រោយមក ពោលគឺថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៥ ឈ្មោះ ពៅ សិទ្ធិត្រូវបានលោកចៅស៊ើសួរ សម្រេចឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន ប៉ុន្តែកាលដែលលោកចៅក្រម សម្រេចឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ននោះ បានភ្ជាប់នូវលក្ខខណ្ឌតាមផ្លូវច្បាប់មួយចំនួន។

ប៉ុន្តែ បន្ទាប់ពីឈ្មោះ ពៅ សិទ្ធិបាននៅក្រៅឃុំ ជាបណ្តោះអាសន្ន គឺឈ្មោះនេះ មិនបានគោរពតាមលក្ខខណ្ឌ ជាធរមានរបស់តុលាការនោះទេ ពោលគឺឈ្មោះ ពៅ សិទ្ធិ មិនបានចូលបង្ហាញខ្លួនតាមការកំណត់របស់តុលាការ និងមិនបានចូលឆ្លើយបំភ្លឺ តាមការកោះហៅ របស់​តុលាការ ដោយមូលហេតុលើកទី១. ថាខ្លួនឈឺពោះ ចំណុចនេះ ពិតជាមានភាពអស្ចារ្យមែន គ្រាន់តែឈឺពោះ ក៏មិនអាចចូលបំភ្លឺតាមការកំណត់ របស់តុលាការដែរ។ នៅពេលតុលាការកោះ ហៅម្តងទៀត ឈ្មោះ ពៅ សិទ្ធិមិនបានចូលខ្លួន ជាលើកទី២ ដោយយកលេះ ដាក់ពាក្យសុំពន្យារពេល ដោយមូលហេតុថា​ ខ្លួនឈឺ។

ទាក់ទិននឹងការពន្យាពេលម្តងហើយម្តងទៀតនេះ គឺឈ្មោះ ពៅ សិទ្ធិ ពិតជាមានចេតនាគេចវះ មិនបំភ្លឺឲ្យបានច្បាស់ អំពីចេតនាទុច្ចរិតរបស់ខ្លួន និងក្រុមគូកននោះទេ ដែលហាក់បីដូច ជាមានអាថ៌កំបាំងដោយលាក់បាំង នូវការពិតជាច្រើន ក្នុងកលល្បិចរំលោភយកដី ខាងលើនេះ ជាប្រព័ន្ធ ក្នុងន័យនេះ ឈ្មោះ ពៅ សិទ្ធិពិតជាមានចេតនាមិនគោរពច្បាប់​ និងមើលស្រាលតុលាការ។

ម្យ៉ាងទៀត នៅពេលទន្ទឹមគ្នានោះដែរ ឈ្មោះ ពៅ សិទ្ធិនិងប្រពន្ធឈ្មោះ ស៊ួរ សុខខេងជាកូនស្រីបង្កើត របស់លោកឧកញ៉ា ស៊ួរ ស្រ៊ុន ដែលមានឈ្មោះដ៏ល្បីល្បាញ នៅប្រទេសកម្ពុជា បានរៀបចំឈុតឆាកលែងលះគ្នា ដោយមានកិច្ចព្រមព្រៀងលែងលះ ក្នុងកំឡុង ខែសីហា ឆ្នាំ ២០១៥ ហើយឈ្មោះ ស៊ួរ សុខខេង បានដាក់ពាក្យស្នើសុំ ទៅសាលាដំបូងរាជធានីភ្នំពេញ ជាផ្លូវការដើម្បីសុំលែងលះបី្តឈ្មោះ ពៅ សិទ្ធិតាមការព្រមព្រៀងគ្នា ក៏ប៉ុន្តែ តាមការពិតគ្មានការលែងលះនោះទេ គឺពួកគាត់នៅរួមរស់ជាមួយគ្នា ជាប្តីប្រពន្ធ រហូតមកដល់សព្វថ្ងៃនេះ។ នេះសបញ្ជាក់ឲ្យឃើញថា ឈ្មោះ ពៅ សិទ្ធិ ពិតជាមនុស្សពូកែល្បិចមែន។

ដោយមានមូលហេតុគ្រប់គ្រាន់ តាមច្បាប់ពីព្រោះឈ្មោះពៅ សិទ្ធិមិនគោរពតាមលក្ខខណ្ឌ ដែលតុលាការបានកំណត់ និងមានអាកប្បកិរិយាព្រហើន ដោយចង់បង្ហាញខ្លួនថា ជាអតីតសមាជិកព្រឹទ្ធសភាហ៊្វុន ស៊ីនប៉ិច ទើបលោកចៅស៊ើបសួរ បានចេញដីកាបង្គាប់​ ឲ្យចាប់ខ្លួនសារជាថ្មី ហើយឈ្មោះ ពៅ សិទ្ធិត្រូវបានចាប់ខ្លួនរួចហើយ នៅថ្ងៃសៅរិ៍កន្លងមកនេះ។

កន្លងមកបញ្ហានេះធ្លាប់ត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន ដោយសំណូមពរ សុំឲ្យសាលាដំបូងរាជធានីភ្នំពេញ ចាប់ខ្លួនឈ្មោះ ពៅ សិទ្ធិ ដាក់ពន្ធធនាគារឡើងវីញ។ ដូច្នេះ ឥឡូវនេះ មជ្ឈដ្ឋានអ្នកច្បាប់ទាំងនោះ មានការកោតសរសើរ អំពីចំណាត់ការដ៏ត្រឹមត្រូវ របស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការចាប់ខ្លួនឈ្មោះ ពៅ សិទ្ធិ ឡើងវិញ ដើម្បីឲ្យការស៊ើបសួរ ក្នុងសំណុំរឿងនេះមានប្រសិទ្ធភាព និងដោយយុត្តិធម៌។ ម្យ៉ាងទៀត ដើម្បីឲ្យអ្នកនៅពីក្រោយឈ្មោះពៅ សិទិ្ធ នេះ យល់ច្បាស់អំពីគតិ​ច្បាប់ និងការស្មោះត្រង់នូវវិជ្ជាជីវៈ និងសតិសម្បជញ្ញៈ របស់ពួកគេ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP