ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតសមជើង ជាមួយក្រុមជើងខ្លាំងលំដាប់ លីកកំពូលកម្ពុជា មួយប្រកួតទៀត នាវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី១៣ ខែមីនានេះ នៅលើទីលានបាល់ទាត់ទន្លេបាទី មុននឹងចេញដំណើរទៅប្រទេសម៉ាកាវ ដើម្បីធ្វើការប្រកួតជើងទី២ នៃវគ្គជម្រុះពាន World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី ។
សម្រាប់ជំនួបជើងទី១ នៅលើទឹកដីកម្ពុជា នៃទីលានពហុកីឡដ្ឋានស្ដាតចាស់ កាលពីម្សិលមិញ ទស្សនិកជនច្បាស់ជាបានជ្រាប អំពីលទ្ធផលហើយ គឺក្រុមជម្រើសជាតិកម្ពុជា បំបាក់ម៉ាកាវ មិនឲ្យតដៃរួចឡើយ ជាមួយនឹងលទ្ធផលបច្ចេកទេស ៣-០ ។ ប៉ុន្ដែដើម្បីស្វែងរក កៅអីវគ្គបន្ដ ក្នុងយុទ្ធនាការជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ប្រចាំទ្វីបអាស៊ីនេះ ក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹក ជនជាតិកូរ៉េ គឺលោក Lee Tae Hoon មិនបានធ្វេសប្រហែសនឹងការហ្វឹកហាត់ ក៏ដូចជាមើលងាយ សមត្ថភាពរបស់កីឡាករម៉ាកាវឡើយ ។
ដើម្បីជាការកម្ដៅសាច់ដុំ និងបន្ថែមយុទ្ធសាស្រ្ដថ្មីឲ្យកីឡាករកម្ពុជា កាន់តែមានសមត្ថភាពខ្ពស់ ក្នុងការស្វែងរកជ័យជំនះក្នុងជំនួបជុំទី១ ជើងទី២ នៅលើទឹកដីម៉ាកាវ នាថ្ងៃទី១៧ មីនាខាងមុខ លោក Lee ក៏បានណាត់ក្រុមបឹងកេតអង្គរ ធ្វើការប្រកួតលក្ខណៈមិត្តភាព ប៉ុន្ដែការប្រកួតនេះគ្រូបង្វឹកជនជាតិកូរ៉េខាងលើ បានត្រៀមផ្ដល់នូវបទពិសោធន៍ថ្មីៗជាច្រើន ជុំវិញការត្រៀមប៉ះក្រុមម្ចាស់ផ្ទះម៉ាកាវ ព្រោះលោកក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទៅប្រកួតនៅម៉ាកាវម្ដងរួចមកហើយ កាលពីឆ្នាំ២០១១ កន្លងទៅ ។
គួរបញ្ជាក់ថា ក្នុងជំនួបមិត្តភាពនេះដែរ សម្រាប់ក្រុមបឹងកេតអង្គរ ក៏ជាឱកាសធ្វើតេស្ដសមត្ថភាពកីឡាករ Mohammad Reza Niknahal ដែលជាខ្សែប្រយុទ្ធជនជាតិអ៊ីរ៉ង់ ទើបមកធ្វើតេស្ដជាមួយបឹង កេតអង្គរផងដែរ ។ លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លឹបបឹងកេត បានបញ្ជាក់ថា Mohammad នឹងបង្ហាញវត្តមានក្នុងជំនួបជាមួយក្រុមជម្រើសជាតិកម្ពុជា ប៉ុន្ដែលទ្ធផលមានសំណាងអាចជួយក្លឹបបឹងកេត ក្នុងពាន MCL រដូវកាលថ្មី បានឬក៏អត់នោះ គឺអាស្រ័យទៅលើការសម្រេចរបស់លោក ប្រាក់ សុវណ្ណារ៉ា ដែលកំពុងបំពេញបេសកកម្មនៅប្រទេសឥណ្ឌូនេស៊ី ដូច្នេះពេលលោកត្រឡប់មកកម្ពុជាវិញ លទ្ធផលយ៉ាងណាៗនោះ ប្រាកដជាបានដឹង ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល