(ភ្នំពេញ)៖ កីឡាករ Narubadin Weerawatnodom ដែលខ្សែការពារស្លាបស្ដាំដ៏រឹងមាំរបស់ក្លឹបជើងឯកលីកកំពូលថៃ Buriram United បានរងរបួសបាក់ឆ្អឹងកដៃ និងត្រូវធ្វើការវះកាត់ព្យាបាលថ្ងៃនេះ បន្ទាប់ពីរូបគេបានប៉ះទង្គិចក្នុងការ ប្រកួតជាមួយក្រុម Cambodia All Star របស់កម្ពុជា កាលពីចុងសប្ដាហ៍មុន ។
យោងតាមប្រព័ន្ធទំនាក់ទំនងសង្គមរបស់ក្លឹប Buriram United បានឲ្យដឹងថា Narubadin Weerawatnodom ត្រូវបានបញ្ជូនតាមយន្ដហោះ ឆ្ពោះទៅថៃ ដើម្បីព្យាបាលភ្លាមៗ បន្ទាប់ពីគេរបួសបាក់ឆ្អឹងកដៃ អំឡុងពេលជួយក្រុមប្រកួតជាមួយក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជាខាងលើ ប៉ុន្ដែដោយរបួសធ្ងន់ធ្ងរ គ្រូពេទ្យបានសម្រេចចិត្តធ្វើការវះកាត់គេថ្ងៃនេះ ។
ប្រភពព័ត៌មានខាងលើបានបន្ដថា បើពិនិត្យមើលរបួសជាក់ស្ដែង ខ្សែការពារវ័យ២១ឆ្នាំរូបនេះ នឹងត្រូវអវត្តមានពីក្លឹប មិនក្រោម២ខែឡើយ ដើម្បីសម្រាក ព្យាបាលឲ្យជាសះស្បើយ មុននឹងបន្ដចូលរួមជាមួយមិត្តរួមក្រុមដូចធម្មតាវិញ ។
គួរបញ្ជាក់ថា សម្រាប់ជំនួបមិត្តភាពខាងលើនេះ គឺក្រុម Cambodia All Star បានយកឈ្នះក្រុម Buriram United ដោយលទ្ធផល ៦-៥ ជាមួយ នឹងការទាត់ បាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីក្រុមទាំងពីរបញ្ចប់ការប្រកួតពេញម៉ោងធម្មតាស្មើគ្នា ២-២ ។ ប៉ុន្ដែនេះគ្រាន់តែជាការប្រកួតមិត្តភាព លក្ខណៈសប្បុរសធម៌ រកប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ឋា និងអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី