CamNews

កីឡាអន្តរជាតិ 

Newcastle, Norwich និង Aston Villa ជ្រុះ​ចេញ​ពី Premier League ហើយ

(ក្រុងឡុងដ៍)៖ ក្រុម៣ មានសារិកាព្រៃ Newcastle United បក្សីចាំក្រុង Norwich City និង Aston Villa ត្រូវបានកាត់ ចេញ​ពី​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​ជា​ផ្លូវ​ការ​ហើយ ក្រោយបញ្ចប់ទៅដោយចំណាត់ថ្នាក់បាតតារាងក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ នេះ ។

សារព័ត៌មាន BBC បានផ្សាយថា ការទទួលបាន៣ពិន្ទុក្នុងទឹកដីនាយប់មិញនេះរបស់ក្រុម Norwich City ពេលឈ្នះ ក្រុមភ្ញៀវ Watford ៤-២ មិន​អាច​ជួយ​ក្រុម​នេះបាន​ដដែល គ្រាដែល Sunderland បានផុតទុក្ខភ័យ បន្ទាប់ពីបំបាក់ Everton ៣-០ ក្នុងទឹកដីរបស់ខ្លួននោះ ដែលជាក្រុមស្ថិតក្នុងតំបន់គ្រោះថ្នាក់ដូចគ្នា ដើម្បីឆ្លងផុតពីតំបន់កាត់ចោល និង បានលេងក្នុងក្របខណ្ឌទី១ នារដូវកាលក្រោយឆ្នាំ២០១៦-២០១៧ ដដែល ។

Norwich City រកបានតែ៣៤ពិន្ទុប៉ុណ្ណោះពី៣៧ប្រកួតរបស់គេ ឈរនៅលេខរៀងទី១៩ ក្រៅពីឈ្នះ៩ដង ស្មើ៧ដង និង​ចាញ់​២១​ដង ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​ត្រូវ​បាន​កាត់​ចោល​ដូច​គ្នា Newcastle United ដែលឈរនៅចំណាត់ថ្នាក់លេខ ១៨ និង Aston Villa ឈរនៅលេខរៀងទី២០ បាតតារាងដោយរកបានតែ១៧ពិន្ទុពី៣៧ប្រកួតរបស់គេ ឈ្នះ៣ដងគត់ ស្មើ៨ដង និងចាញ់២៦ដង ហើយក៏ជាក្រុមដែលដឹងខ្លួនធ្លាក់មុនគេផងដែរ កាលពីសប្តាហ៍ទី២៩មក ។

១ប្រកួតបង្រ្គប់កិច្ចនៅថ្ងៃទី១៥ ឧសភាចុងសប្តាហ៍នេះ គ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចមុន Bye Bye Bye ពី Premier League តែ​ប៉ុណ្ណោះ​ដោយ Aston Villa ត្រូវទៅផ្ទះរបស់ Arsenal, Norwich City ទៅផ្ទះរបស់ Everton និង Newcastle United ទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur គ្រា​ដែល​ក្រុម​ឈ្នះ​ពាន Premier League រដូវ កាលនេះ Leicester City ត្រូវជួបក្រុមម្ចាស់ផ្ទះ Chelsea ចុងសប្តាហ៍នេះដូចគ្នា ។

៣ក្រុមដែលត្រូវឡើងមកជំនួសកន្លែង៣ក្រុមដែលត្រូវបានកាត់ចោលនោះរួមមាន Burnley, Middlesbrough និង ១ក្រុមទៀតត្រូវឆ្លង​កាត់​វគ្គ​ជម្រុះ​សិន​គឺ Brighton & Hove Albion, Hull City, Derby County និង Sheffield Wednesday យកតែ១ក្រុមប៉ុណ្ណោះ ៕

ក្រុមកីឡាករ Norwich City

ក្រុមកីឡាករ Newcastle United

ក្រុមកីឡាករ Aston Villa

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង