CamNews

តារា 

មាស សាលី ផ្ដើម​មាន​ទឹក​មាត់​លេប​ឡើង​វិញ បន្ទាប់​ពី៣ឆ្នាំ​មក​នេះ ជួប​តែ​មនុស្ស​កុហក​បោក​ប្រាស

(ភ្នំពេញ)៖ ក្រោយពីរឿងជ្រើលជ្រួលបាត់ តារាចម្រៀង​ យ៉ុង ចាន់សុធាវី បានស្ងប់ស្ងាត់ ព្រមទាំងលេចមុខមកវិញ យ៉ាងត្រឹមត្រូវ​ ក្នុងហេតុផលថា នាងដើរលេងមិនបានប្រាប់ម្ចាស់ស្ព័នស័រ រួចមក យ៉ាងហោចណាស់​តារាចម្រៀង ក្នុងប្រទេសកម្ពុជាពីរដួង មិនបានអាក់ខានដោយសារព័ត៌មានបាត់ខ្លួនរបស់ យ៉ុង ចាន់សុធាវី ឡើយ ពោលគឺលោក មាស សាលី និង កញ្ញា លីលី តារាសម្ដែងដ៏ស្រស់សោភា ប្រចាំប្រទេស នឹងត្រូវចេញទៅសម្ដែង នៅអាមេរិក ក្នុងពេលឆាប់ខាងមុខនេះ។

​លោក មាស សាលី គ្រាន់តែប្រកាស​លទ្ធផលថា ជាប់ភ្លាម លោកហាក់ដូចជាត្រូវឆ្នោតមហាសាល ព្រោះនេះជាលើកដំបូងរបស់លោក ក្នុងការឈានជើងចូល ទៅសម្ដែងលើទឹកដី​សម្បូរដុល្លារ ដែល​អ្នកសិល្បៈហៅថា ទឹកដីកើបលុយមកស្រុកកំណើត ។ លោកហាក់សង្ឃឹមយ៉ាងមុតមាំងថា ​នឹងរកប្រាក់ត្រឡប់មកស្រុកវិញ​ឲ្យបានច្រើន។ លោក មាស សាលីបាននិយាយថា បីឆ្នាំកន្លងមកនេះ លោកជួបតែមនុស្សកុហកបោកប្រាស់ សង្ឃឹមថា ឆ្នាំថ្មី២០១៦ លោកនឹងមាន​សំណាងល្អ ហើយសង្ឃឹមថា បងប្អូនខ្មែរនៅសហរដ្ឋអាមេរិក ជួយគាំទ្រ​លោក​ ។

ពាក្យសម្ដី មាស សាលី ហាក់ធ្វើឲ្យទស្សនិកជន អាណិតលោកខ្លោចចិត្ត ព្រោះតាំងពីមានវត្តមាន ខេមរៈ សិរីមន្ត ក្នុងផលិតកម្ម សាន់ដេ មក លោកមិនត្រូវបានគេលើកតម្កើងដូចមុនទេ សូម្បីតែបទចម្រៀង ស្ទើរតែគ្មានច្រៀងផង ។ អ្នកខ្លះស្ទើរភ្លេចទៅហើយថា លោកជាតារាចម្រៀងក្នុងផលិតកម្ម សាន់ដេ ។ តែថ្វីត្បិតតែ មាស សាលី មិនសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចពីមុន តែលោកមានក្រុមតន្ត្រីផ្ទាល់ខ្លួន​មួយ ដែលមានក្មេងៗកំព្រាជិត៣០នាក់ រស់ក្រោមដំបូលនៃឆាកតន្ត្រីនេះ ។ លោកតែងតែរៀបចំការសម្ដែង តាមខេត្តនានាជាច្រើន ហើយរៀប​ចំឲ្យមានតារាចម្រៀងផ្សេងៗចូលរួម ។

មាស សាលី មិនបានធ្វើដើម្បីប្រាក់ចំណេញ ចូលហោប៉ៅ​ទេ លោកធ្វើឡើងដើម្បីតែក្មេងៗប៉ុណ្ណោះ ហើយម្ដាយលោកព្យាយាមឲ្យឈប់ តែ​មិនដាច់ចិត្ត​ ព្រោះអាណិតក្មេងៗ បើលោកបិទអាជីវកម្មនេះ មិនដឹងថា ក្មេងៗនឹងទៅជាយ៉ាងណា​នោះទេ បើអត់ពីមុខរបរ​មួយនេះ ។ ចំណែកឯតារាមួយចំនួន ដែលលោកហៅមកច្រៀងជាមួយគ្នា មិនខ្វល់ថា លោកលក់សំបុត្របានច្រើនឬតិចទេ ​ដឹងតែយកលុយគ្រប់ចំនួន តែលោកមិនដែលហាមាត់ថ្ងូរឡើយ សំខាន់លោកសប្បាយចិត្ត ។

​ក្ដីរំពឹងលោក មាស សាលី មិនដឹងថា ត្រូវបានប៉ុន្មានភាគរយទេ ព្រោះសហរដ្ឋអាមេរិកពេលនេះ មានតារាជាច្រើនកំពុងតែគ​ជើងគ្នានៅទីនោះ មានដូចជា នាយក្រិន នាងប្រិមប្រិយ នាង យ៉ុង ចាន់សុធាវី និង តារាជាច្រើនដួងទៀត ហើយម្នាក់ៗថ្ងូរថា រកលុយមិនសូវបានគ្រប់គ្នា ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Meas saly Star news local news