ជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា បានលួចចូលទៅក្នុងប្រព័ន្ធ
អេឡិចត្រូនិចផ្សាយពាណិជ្ជកម្ម រួចចាក់បញ្ចាំងភាពយន្ដសិចក្នុងម៉ោងដែលមានមនុស្សច្រើន
នៅលើដងផ្លូវក្នុងក្រុង Jakarta។
AFP ដកស្រង់ប្រភពពីនគរបាល បានឱ្យដឹងថា ខ្សែភាពយន្តសិចមួយរបស់ជប៉ុន បានត្រូវបញ្ចាំង
រយៈពេល ១០នាទី នៅលើអេក្រង់ផ្សាយពាណិជ្ជកម្មនៅផ្លូវបំបែកធំមួយរបស់ Jakarta កាលពីថ្ងៃ
ទី ៣០កញ្ញា ធ្វើឱ្យអ្នកដំណើរមានការភ្ញាក់ផ្អើល។
ផ្ទាំងអេក្រង់ផ្សាយពាណិជ្ជកម្មនោះ ក្រោយមក ត្រូវបានគេបិទ ប៉ុន្តែ អ្នកដំណើរទាំងឡាយបានថត
រូបភាព និងចែករំលែកនៅលើបណ្ដាញសង្គម។
នគរបាលបានចាប់ផ្ដើមស៊ើបអង្កេត ហើយកាលពីថ្ងៃទី ៤តុលា បានចាប់ខ្លួនអ្នកជំនាញខាង
បច្ចេកវិទ្យាម្នាក់អាយុ ២៤ឆ្នាំ នៅក្នុងការិយាល័យរបស់ជននេះ។
ជនសង្ស័យខាងលើបានសារភាពថា ខ្លួននៅពីក្រោយហេតុការណ៍ និងបានចូលទៅក្នុងប្រព័ន្ធ
អេឡិចត្រូនិច បន្ទាប់ពីបានរកឃើញឈ្មោះ និងលេខកូដសម្ងាត់ដែលអាចចូលទៅកាន់ប្រព័ន្ធ
ម៉ាស៊ីនផ្សាយពាណិជ្ជកម្មនេះ។
ជនសង្ស័យបានឱ្យដឹងថា ខ្លួនធ្វើសកម្មភាពតែម្នាក់ឯង ប៉ុន្តែ នគរបាលកំពុងតែស្រាវជ្រាវបន្ថែម
ដើម្បីរកជនល្មើសដែលជាប់ពាក់ព័ន្ធ។
Hacker ម្នាក់នេះ ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទបញ្ចាំងភាពយន្តសិច ហើយអាចនឹងជាប់
ពន្ធនាគាររយៈពេល៦ឆ្នាំ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ AFP