CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះគ្រាប់បែក នៅតំបន់លំហែកាយ ថៃឡង់ សម្លាប់មនុស្សម្នាក់ និងរបួស ១៩នាក់

ការបំផ្ទុះគ្រាប់បែកពីរករណីនៅក្នុងតំបន់លំហែកាយដ៏ល្បីឈ្មោះរបស់ថៃ កាលពីយប់មិញ បាន
សម្លាប់មនុស្សម្នាក់ និង ១៩នាក់ផ្សេងទៀត រងរបួស។



AFPដកស្រីសំដីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងប្រហែល២២
យប់ នៅទីរួមស្រុក Huahin។ គ្រាប់បែកពីរគ្រាប់ត្រូវបានគេបំផ្ទុះដោយការប្រើទូរស័ព្ទដៃ មាន
ចម្ងាយពីគ្នាប្រហែល ៥០ម៉ែត្រ ក្នុងរយៈពេល ៣០នាទី។ អ្នករងគ្រោះដែលបាត់បង់ជីវិតគឺជាស្ដ្រី
លក់បន្លែ ជនជាតិថៃ។ ក្រៅពីនេះ ក៏មានមនុស្សរងរបួស ១៩នាក់ផងដែរ។ នគរបាលម្នាក់ បាន
ឱ្យដឹងថា “ជនរងគ្រោះបីនាក់ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ក្នុងចំណោមជនរងគ្រោះ ក៏មាន
ជនបរទេស ៧នាក់ រួមមានស្ដ្រី ៤នាក់ និងបុរស ៣នាក់”។

បណ្ដារូបភាពបានបង្ហាញថា បុគ្គលិកសង្គ្រោះបន្ទាន់កំពុងតែជម្លៀសអ្នករងគ្រោះចេញពីកន្លែង
កើតហេតុដោយប្រង់ការ ហើយអ្នកទេសចរណ៍បរទេសកំពុងប្រមូលផ្ដុំគ្នានៅឯមន្ទីរពេទ្យមួយ។



Mark Gainsford ជាជនជាតិអង់គ្លេស និយាយថា ខ្លួនកំពុងនៅក្នុងបារ ពេលនោះស្រាប់តែលឺ
សម្លេងស្រែក។ បុរសនេះបន្តថា “ខ្ញុំបានឃើញ និងលឺមនុស្សទាំងឡាយស្រែថា “គ្រាប់បែកៗ” ប៉ុន្តែ
ខ្ញុំមិនបានលឺសម្លេងផ្ទុះទេ។ ខ្ញុំរត់ចេញទៅក្រៅមើល ពេលនោះឃើញមនុស្សពី ៨ទៅ១០នាក់ រង
របួស កំពុងដេកនៅលើឥដ្ឋ។ នគរបាល ភ្លាមនោះ ក៏មកដល់កន្លែងកើតហេតុ”។

នាយនគរបាលម្នាក់ឈ្មោះ Sitthichai Srisopacharoenrat បានឱ្យដឹងថា “យើងខ្ញុំកំពុងស្រាវ
ជ្រាវ និងកំណត់ឱ្យដឹងថា វាជាគ្រាប់បែកប្រភេទណា”។

សូមបញ្ជាក់ថា Huahin គឺជាទីរួមស្រុក និងជាកន្លែងលំហែកាយលំដាប់ខ្ពស់ មានទីតាំងស្ថិតនៅ
ចម្ងាយពីទីក្រុងបាងកកប្រហែល ២០០គីឡូម៉ែត្រ។ Huahin ទទួលបានការគាំទ្រយ៉ាងច្រើន ពី
សំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។



ប្រទេសថៃ កន្លងមក មានការបំផ្ទុះគ្រាប់បែកប្រភេទតូចកើតឡើង នៅពេលនយោបាយមាន
ភាពតានតឹង ប៉ុន្តែ ការបំផ្ទុះគ្រាប់បែកក្នុងឆ្នាំកន្លង មិនមានច្រើននោះទេ តែតំបន់សេដ្ឋកិច្ច
គឺជាគោលដៅនៃការបំផ្ទុះគ្រាប់បែក។

ប្រែសម្រួល ៖ បុត្រា


Tags: គ្រាប់បែក ថៃ ផ្ទុះគ្រាប់បែក