CamNews

យល់ដឹង 

ហេតុ​អ្វី មនុស្ស​មាន​អបិយ​ជំនឿ ?

ក្រុម​អ្នកវិទ្យាសាស្ដ្រ បានឱ្យដឹងថា អ​បិ​យ​ជំនឿ កើតឡើង​នៅលើ​មនុស្ស​ស្ទើរ​គ្រប់​ប្រភេទ ពិសេស​គឺ​បណ្ដា​មនុស្ស​ដែល​ចេះតែ​ព្រួយបារម្ភ និង​មិនអាច​ធ្វើជា​ម្ចាស់ការ​ខ្លួនឯង។

យ័ន្ដ Nazar ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅក្នុង​តំបន់ ម​ជ្ឈឹ​ម​បូព៌ា ដោយ​ជឿថា នឹង​អាច​បណ្ដេញ​ការ​ច្រណែន និង​លោភៈ។


អ​បិ​យ​ជំនឿ បានកើត​ឡើងជា​មួ​យម​នុស្ស​ជាតិ តាំងពីដើម​រហូតមក​ដល់​បច្ចុប្បន្ន និង​នៅក្នុង​វប្បធម៌ ទំនៀម​ទំលាប់ផ្សេងៗគ្នា។ សូម្បីតែ​ស្ថិតនៅក្នុង​យុគសម័យ​ដែលមាន​បច្ចេកវិទ្យា​ជឿនលឿន ប៉ុន្ដែ អ​បិ​យ​ជំនឿ នៅតែមាន​ក្នុង​ផ្លូវចិត្ត​របស់​មនុស្ស។

ទំព័រ Live Science ដកស្រង់​សំដី​របស់ Stuart Vyse សាស្ដ្រាចារ្យ​ចិត្តសាស្ដ្រ​នៅ​សកល​វិទ្យាល័យ Connecticut ឱ្យដឹងថា ៖ “ការស្ទង់មតិ​មួយ​របស់​អាមេរិក បង្ហាញថា ប្រជាជន​អាមេរិក ប្រមាណ​ជា​ពាក់កណ្ដាល និយាយថា ពួកគេ​មាន​អារម្មណ៍​ថា ជឿ​ទៅលើ​រឿង​អ​បិ​យ​ជំនឿ។ ក្នុងចំណោម​​ការ​ស្ទង់មតិ​កាលពី​ឆ្នាំ ២០០៧ មាន​ការស្ទង់មតិ​មួយ​ឱ្យដឹងថា ជនជាតិ​អាមេរិក ១៣% មាន​អារម្មណ៍​ថា ពិបាក​ទ្រាំ​ក្នុង​ចិត្ត នៅពេល​ពួកគេ​ស្ថិតនៅ​ជាន់​ទី ១៣នៃ​សណ្ឋាគារ​មួយ ហើយ ៩% ក្នុងចំណោម​ពួកគេ នឹង​ស្នើ​ប្ដូរ​បន្ទប់ ប្រសិន​ចាំបាច់” ។

Stuart Vyse បន្ដថា ៖ “ឫសគល់​នៃ​អ​បិ​យ​ជំនឿ គឺ​ការខ្វះ​ទំនុកចិត្ត និង​ខ្វះ​ការគ្រប់គ្រង។ មនុស្ស​តែង​តែ​​ចង់​គ្រប់គ្រង​ឱ្យ​បានល្អ​បំផុត ក្នុង​រាល់​ស្ថានភាព​អសន្ដិសុខ។ នៅពេល​កំពុង​ជួប​បញ្ហាសំខាន់​អ្វីមួយ ប៉ុន្ដែ​មិនមាន​ភាពប្រាកដប្រជា​ក្នុង​ចិត្ត ពេលនោះ អ​បិ​យ​ជំនឿ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​បំបាត់​ភាពភ័យខ្លាច និង​ជួយ​ធ្វើឱ្យ​យើង​មាន​អារម្មណ៍ល្អ​ជាង​មុន” ។


យ័ន្ដ​របស់ខ្មែរ

អ​បិ​យ​ជំនឿ មិនមែន​កើតមាន​តែ​ចំពោះ​បណ្ដា​កុលសម្ព័ន្ធ​បុរាណ ឬ​អ្នកស្រុក​សាមញ្ញ​នោះទេ សូម្បីតែ​អ្នកល្បីឈ្មោះ ឬ​អ្នក​ដែល​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ក៏​ជឿ​ទៅលើ​រឿង​ដែល​មិនមាន​មូលដ្ឋាន​​ច្បាស់​លាស់។ មានការ​សង្ស័យថា អ​បិ​យ​ជំនឿ​មួយចំនួន អាច​ជាប់​ទាក់ទិន​នឹង​អាការៈរោគ​ផ្លូវចិត្ត ប៉ុន្ដែ មាន​ភ័ស្ដុ​តាំង​តិច​ណាស់​ដែល​អះអាងថា ចំពោះ​រឿងនេះ។ សាស្ដ្រាចារ្យ Vyse អះអាងថា ៖ “មិនមាន​ការជាប់​ទាក់ទិន​ផ្ទាល់​រវាង​អ​បិ​យ​ជំនឿ និង​ជម្ងឺផ្លូវចិត្ត​នោះឡើយ” ។

ក្រុម​អ្នកវិទ្យាសាស្ដ្រ​ឱ្យដឹងថា អ​បិ​យ​ជំនឿ មាន​ផលប៉ះពាល់​ដល់​មនុស្សម្នាក់ៗ ក្នុង​កម្រិតផ្សេងៗគ្នា។ មនុស្ស​ដែល​តែងតែមាន​ការព្រួយបារម្ភ ឬ​យល់ថា​ខ្លួនឯង​មិនអាច​គ្រប់គ្រង​វាសនា​របស់ខ្លួន​បាន គឺ​ជឿ​ទៅលើ​អ​បិ​យ​ជំនឿ​ច្រើនជាងគេ ក្នុងនោះ ស្ដ្រី​ក៏មាន​ច្រើនជាង​បុរស។

ជាង​នេះ បណ្ដា​មនុស្ស​ដែលមាន​ខួរក្បាល គំនិត​រឹងត្អឹង ក៏​អាច​ធ្លាក់​ទៅក្នុង​អ​បិ​យ​ជំនឿ ក្នុងករណី​មួយចំនួន។ កត្តា​សង្គម ក៏​រួមចំណែក​ក្នុងការ​ធ្វើឱ្យ​មនុស្ស​មានគំនិត​អ​បិ​យ​ជំនឿ ឧទាហរណ៍ ក្នុង​គ្រួសារ​មួយ​ដែល​ពោរពេញ​ដោយ​អ​បិ​យ​ជំនឿ នោះ​សមាជិក​នៅក្នុង​គ្រួសារ​អាច​ក្លាយជា​អ្នកមាន​ជំនឿ​បែបនេះ។

សាស្ដ្រាចារ្យ Vyse ថ្លែងបន្ដថា ៖ “អ​បិ​យ​ជំនឿ មាន​ប្រយោជន៍ ឬ​មិនមាន​ប្រយោជន៍ វា​​អាស្រ័យ​ទៅលើ​គោលដៅ​នៃ​ការប្រព្រឹត្ត និង​កម្រិត​នៃ​ជំនឿ​របស់​មនុស្សម្នាក់។ អ​បិ​យ​ជំនឿ ពេលខ្លះ​ក៏​ជួយ​ឱ្យ​មនុស្ស​មាន​ភាពជឿជាក់​ក្នុង​ការធ្វើ​អ្វីមួយ ដូចជា​ការប្រកួត​កីឡា​ជាដើម។ ប៉ុន្ដែ ប្រសិន​អ​បិ​យ​ជំនឿ ត្រូវបាន​ប្រើប្រាស់​ហួស​ពី​សមត្ថភាព​របស់ខ្លួន ដូចជា​ការលេង​ល្បែងស៊ីសង​ជាដើម នោះ​វា​នឹង​នាំឱ្យ​គ្រោះថ្នាក់​ដល់​អ្នក​ជឿ។

យ័ន្ដ​ការ​ពារ​ផ្ទះ​របស់​ចិន

ជាងនេះទៅទៀត អ​បិ​យ​ជំនឿ​ពេលខ្លះ ក៏​ជា​ប្រការ​មួយ​ត្រូវបាន​គេ​យកមក​ធ្វើជា​លេស​ដើម្បី​សម្រេច​បំណង​អ្វីមួយ ដូចជា​បដិសេធ​មិនឱ្យកូនៗរៀបការ ដោយ​ថា​ខុស​ឆ្នាំ​ខែ​គ្នា។ល។


ដោយ ៖ តារា
ប្រភព ៖ Live Science