CamNews

កំសាន្ត 

ឆាយ វីរៈយុទ្ធ បាក់មុខនៅ​លើ​ឆាក​ខនសឺត​ ដោយ​សារ​បទ​ “ស្មោះ​បង​អូន​ស្លាប់​អី”

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ច្រៀងតែបទចម្រៀងដែលតឹង និងស្រែក លោក ឆាយ វីរៈយុទ្ធ កាលពីយប់មិញនេះ លោកបានបង្ហាញ វត្តមាន ច្រៀងនៅក្នុងកម្មវិធីខនសឺតមួយ នៅក្រុងតាខ្មៅ ដោយលោកបានបកស្រាយ បទចម្រៀងមួយបទ ដែលមានចំណងជើងថា “ស្មោះបងអូនស្លាប់អី ” ខណៈពេលដែលលោក កំពុងបកស្រាយបទចម្រៀងនោះ ស្រាប់តែលោកស្រែកឡើងភ្លាត់ធ្វើឲ្យបាក់មុខយ៉ាងខ្លាំង នៅលើឆាកខនសឺតនោះ ។

កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ម្សិលមិញនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បានបង្ហាញវត្តមាន នៅក្នុងការប្រគំតន្ត្រីមួយ ដែលចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ MY TV លោក វីរៈយុទ្ធ បានលើកយកបទចម្រៀង៣បទ មកបកស្រាយ នៅលើឆាក អង្រួនបេះដូងទស្សនិកជន ឲ្យអណ្តែតអណ្តូងទៅតាមសំឡេង ពិរោះរណ្តំចិត្តរបស់លោក ។

ប៉ុន្តែនៅពេលដែលលោក បកស្រាយបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ស្មោះបងអូនស្លាប់អី?” នៅពេលដែលច្រៀងបានពាក់កណ្តាល លោកបែរជាស្រែកភ្លាត់សំឡេង ខុសបច្ចេកទេសធ្វើឲ្យលោក បាក់មុខយ៉ាងខ្លាំងនៅលើឆាក ប៉ុន្តែដើម្បីសម្រួលស្ថានការឡើងវិញ លោកខំប្រឹងសម្រួលអារម្មណ៍ ហើយបែរជាបង្វែរហុចមេក្រូទៅឲ្យទស្សនិកជន ច្រៀងបន្ទរនៅចំណុចដែលស្រែក ជំនួសលោកទៅវិញ ។

នេះជាលើកទី១ហើយ សម្រាប់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ដែលទទួលរងភាពអាម៉ាស នៅកណ្តាលឆាកបែបនេះ ព្រោះថាកន្លងមកលោកធ្លាប់ ជាតារាចម្រៀងមួយដួង ដែលមានទឹកដមសំនៀងពិរោះរណ្តំចិត្ត ហើយបទចម្រៀងរបស់លោកភាគច្រើន សុទ្ធសឹងតែជាបទចម្រៀងស្រែក ហើយបទចម្រៀងនីមួយៗរបស់លោកនៅ ពេលដែលចេញលក់គឺទទួលបានការគាំទ្រច្រើនមិនតិចទេ។

ទាក់ទងនិងព័ត៌មានថា តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ទទួលរងភាពអាម៉ាស នៅលើឆាកប្រគំតន្ត្រី នៅក្រុងតាខ្មៅ កាលពីយប់មិញនោះ គេហទំព័រ Looking TODAY បានព្យាយាមទាក់ទងទៅលោក ដើម្បីសាកសួរ ប៉ុន្តែមិនអាចទាក់ទងលោកបានទេ នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។ ប៉ុន្តែយើងរង់ចាំស្វាគមន៍ ការចេញមុខបកស្រាយរបស់លោក នៅពេលក្រោយ ៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh