ភ្នំពេញៈ ក្រោយពីស្វាមីភរិយា លោក យ៉ែម សំអូន និងភរិយា អ្នកនាង យ៉ាន លីនដា បានផ្ទុះជម្លោះរហូត ដល់ត្រូវរស់នៅ បែកគ្នា អស់រយៈពេលប្រមាណជិត១ខែមកនេះ គេសង្កេតឃើញថា ពួកគេទាំងពីរនាក់ បានជ្រើសរើសយកបណ្តាញ ទំនាក់ទំនងសង្គម Facebook ធ្វើជាធ្នាក់ដើម្បីផ្តោះផ្តង់គ្នា ជំនួសការជួបមុខនិយាយគ្នា ដោយផ្ទាល់ តាមរយៈការបង្ហោះសារ តបទៅតបមកជាមួយគ្នា ដោយកាលពីពេលថ្មីៗនេះ លោក យ៉ែម សំអូន បានបង្ហោះសារ សុំអភ័យទោស ពីភរិយាជាទីស្រលាញ់ ប៉ុន្តែក្រោយពីភរិយា អ្នកនាង លីនដា បានឃើញសារនេះហើយនាងក៏ប្រញាប់ ចេញមុខបដិសេធភ្លាមៗ ដោយមិនចាំបាច់ ចំណាយពេលគិតថា នាងនៅតែរក្សា ជំហរលែងលះដដែល ។
តារាស្រីកូនមួយ អ្នកនាង យ៉ាន លីនដា បានសរសេរសារយ៉ាងវែងអន្លាយថា “នៅក្នុងការឆ្លើយតបទៅនិងសំណេរដែលរ៉ាយរ៉ាប់ សេចក្តីសុំក្តីអភ័យទោសរបស់អ្នក ខ្ញុំសុំធ្វើការអធិប្បាយ ប្រកបដោយការសម្រេចចិត្តដ៏ច្បាស់លាស់មួយ សម្រាប់ជីវិតរបស់ខ្ញុំដែល តែងតែស្រែកទាមទារឲ្យខ្ញុំត្រូវតែធ្វើ ។ មនុស្សស្រីដូចខ្ញុំគិតៗទៅ គឺពូកែទ្រាំហួសហេតុពេកហើយ មកដល់ថ្ងៃនេះទើបខ្ញុំដឹងច្បាស់ថា ហេតុអីខ្ញុំធ្វើបាបខ្លួនម្ល៉េះ ? ដូច្នេះស្រីម្នាក់នេះឈប់ទ្រាំទៀតហើយ ខ្ញុំលែងមានកំលាំងសម្រាប់ទ្រទម្ងន់ទុក្ខ និងការឈឺចាប់ទៀតហើយ ទើបខ្ញុំត្រូវឲ្យតំលៃខ្លួនឯង ជាលើកចុងក្រោយដោយការដើរចេញ ប្រសើរជាងរង់ចាំឲ្យគេដោះលែង ហើយនៅតែទ្រាំឲ្យគេទន្រ្ទានចិត្តរាល់ថ្ងៃ រស់ក្នុងជីវិតបែបនេះតើសុភមង្គលស្ថិតនៅត្រង់ណា ? តើចាំឲ្យគេជាអ្នកទាត់ខ្ញុំចោលឬ? តើនៅពេលនោះតំលៃជាមនុស្ស តំលៃជាស្រ្តីស្ថិតនៅត្រង់ណា? វាច្បាស់ណាស់ហើយខ្ញុំប្រាកដថា មហាជនទូទៅពិតជាបានមើលឃើញយ៉ាងច្បាស់នៅសំណេរសុំអភ័យទោសរបស់គាត់នោះ ក៏ព្រោះតែគាត់បានដឹងថា ការភូតកុហកនិងលេសរបស់គាត់មិនទទួលបានជោគជ័យ ការលាងខ្លួនរបស់គាត់ពីមហាជន លាងមិនជ្រះ នៅតែជាប់ក្លិនជាមនុស្សអាក្រក់ ហិង្សា កាចសាហាវ ចុះក្រែងប្រកែកថាខ្លួនមិនបានធ្វើទេ ជាឧប្បទ្ទវហេតុ?” ។
អ្នកនាង យ៉ាន លីនដា បាននិយាយដោយវាយប្រហារស្វាមីទៀតថា “ប្រកែកដាច់ខាតថាជាការយល់ច្រឡំខ្លួនមិនបានធ្វើ? ចុះបើដឹងខ្លួនខុសទទួលថា ធ្វើម៉េចពីដំបូងប្រកែកម៉េ្លះ ? ពេលដឹងថាខ្លួនឯងមិនទទួលជោគជ័យក៏មកទទួលកំហុស ទាមទារយកការអាណិត ចុះនាងឈឺចាប់ទាំងកាយទាំងចិត្តពេញមួយជីវិតហើយ នរណាទៅដែលគួឲ្យអាណិត តែនាងដឹងថាអ្នកគ្មានក្តីអាណិតសម្រាប់នាងទេ ព្រោះបើមិនដូច្នោះទេ អ្នកក៏លើកដៃប្រើកំលាំងបាយមកលើនាង ជាស្រីទន់ខ្សោយមិនបានដែរ តើនរណាខ្លះទៅដែលដឹងថា មនុស្សមាត់ផ្អែមពីខាងក្រៅ ដូចអ្នកតែធាតុពិតវាបែបហ្នឹង សម្រាប់ខ្ញុំជាង១០ឆ្នាំមកនេះនាងស្គាល់ច្បាស់ហើយស្គាល់រហូត ស្បថសុំស្មារលា ព្រោះនាងស្គាល់ច្បាស់ខ្លាំងពេក ។ គាត់និយាយថាគាត់ស្រឡាញ់នាង ប៉ុន្តែអស់រយៈពេល14 ឆ្នាំមកហើយ គាត់គួរតែឲ្យតំលៃនាង ព្រោះនាងជាប្រពន្ធម្នាក់ មិនដែលដេកផ្ទះចាំតែហ៊ឺហារចាយលុយប្តីទេ នាងប្រឹងធ្វើការទាំឈឺទាំងជា ពេលខ្លះស្ទើរតែវាទៅធ្វើការ តើគាត់ដែលមានកូនចិត្តអាណិតនាងខ្លះទេ ចម្លើយគឺគ្មានសោះតែម្តង អ្វីដែលគាត់ផ្តល់ឲ្យនាង គឺមានតែការរំលោភបំពានដោយពាក្យសំដី ផ្លូវចិត្ត អារម្មណ៍និងរាងកាយ តាមចរិកធម្មជាតិរបស់គាត់ប៉ុណ្ណោះ” ។
តារាចម្រៀងដែលមានសញ្ជាតិអូស្ត្រាលីរូបនេះ បានបង្ហាញការតាំងចិត្តនិងមិនមានជំនឿចិត្តលើស្វាមីថា “គ្មានថ្ងៃគាត់កែដែរខ្ញុំសឹងតែភ្នាល់ដាក់ជីវិត ទង្វើររបស់គាត់គឺមិន អាចលើកលែងបានទេ មកដល់ពេលនេះគាត់បានប្តេជ្ញាចិត្ត សុំអភ័យទោស ដើម្បីបង្ហាញឱ្យមហាជនបានឃើញ តែគាត់គ្រាន់តែធ្វើឲ្យមហាជនមើល ចុះខ្ញុំនិងគ្រួសារខ្ញុំ? បើសិនជាខ្ញុំផ្តល់ឱ្យម្តងហើយម្តងទៀត គាត់និងមានមោទនៈភាពជាមួយការអភ័យទោសរបស់ខ្ញុំម្តងហើយ ម្តងទៀតដូចគ្នា ហើយក៏ច្បាស់១០០% ថានឹងមានរឿងនេះម្តងហើយម្តងទៀត រហូតដល់មានថ្ងៃមួយធ្វើទាល់តែខ្ញុំស្លាប់ ហើយក៏និយាយថាសុំទោសគ្មានចេតនាទេ គ្មានចេតនារហូតអីចឹងទៅ ? តើមានមនុស្សប៉ុន្មាននាក់ដែលធ្វើ រឿងអចេតនារាប់មិនអស់យ៉ាងនេះ ហើយរឿងគ្រប់យ៉ាងដែលបានកើតឡើង សុទ្ធតែខ្លួនគាត់ជាអ្នកប្រព្រឹត្ត ហើយបានគ្រោងទុកជាមុន ដល់ពេលខ្ញុំចាប់បាននៅតែប្រកែកថាទេ មិនដែលចេះទទួលកំហុស ។ គាត់បាននិយាយថាគាត់ ស្រឡាញ់កូនស្រីណាស់ ធាតុពិតគាត់មិនដែលបានទៅជួបកូនដោយស្ម័គ្រចិត្តទេ ទំនេរគាត់ទៅដើរលេងបាន ហ្នឹងហើយលោកឪពុកដែលស្រលាញ់កូន ។ លោកនិយាយថាលោកគឺជាមនុស្សម្នាក់ ដែលបានសាងនូវកំហុស ប៉ុន្តែរហូតមកដល់ថ្ងៃនេះ វិនាទីនេះ គាត់នៅតែជាមនុស្សកុហកដដែល
ហើយបានបន្តការនិយាយកុហក និងរៀបចំលាងខ្លួនឯង និពន្ធរឿងខ្លួនឯង ដឹងនាំរឿងខ្លួនឯង ហើយសម្តែងដោយខ្លួនឯង ឲ្យមនុស្សគ្រប់គ្នានៅជុំវិញខ្លួនគិតថា គឺរូបគាត់ទេទើបជាជនរងគ្រោះពិតប្រាកដ…”។
នៅក្នុងសារនោះដែលតារារូបនេះ បានទម្លាយអាថ៌កំបាំងដែលធ្វើឲ្យស្នេហាប្រះស្រាំថា “ គាត់និយាយ អំពីអតីតកាលរបស់ខ្ញុំ ដែលមិនស្គាល់អ្វីបន្តិចសោះពីសិល្ប: ហើយគាត់គឺជាបុរសម្នាក់ ដែលដឹកដៃខ្ញុំដើររហូតមកដល់ពេលនេះ សួរថាបើខ្ញុំគ្មានសមត្ថភាពគ្រប់យ៉ាងអាចទៅរួចទេ?គាត់បានចោទខ្ញុំថា ខ្ញុំមិនស្មោះត្រង់ ប៉ុន្តែអ្នកដែលមិនស្មោះត្រង់នោះ គឺជាគាត់ទៅវិញទេ ហើយការពិតវាបានបង្ហាញច្បាស់ទៅហើយ ថាអ្វីដែលគាត់ត្រូវការនោះ គឺមិនមែនខ្ញុំដែលជាប្រពន្ធនោះទេ ហើយក៏មិនមែនមនុស្សស្រីណាផ្សេងដែរ គឺគាត់ត្រូវការ « ប្រុស »។គាត់បានស្បថដាក់ជីវិតរបស់គាត់ថា គាត់មិនបានធ្វើឥចឹង ខ្ញុំចាប់បានហើយក៏នៅតែប្រកែក ហើយទៅជាមកលាបពណ៌ឲ្យ មហាជនគិតថាជាប្រហែលមកពីខ្ញុំក្បត់ប្តីទើបប្តីតាមទាន់ ហើយប្រើអំពើហឹង្សារ តើនរណាជាអ្នកតាមទាន់នរណា? តើគាត់នៅមានចិត្តស្រលាញ់ខ្ញុំស្អីទៀត គ្រប់យ៉ាងគ្រាន់តែជាការកុហក បំភ័ន្តភ្នែក ព្រោះនៅពីក្រោយខ្នងរបស់ខ្ញុំគាត់បានទាក់ទងបុរសជាច្រើន” ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល