ភ្នំពេញ៖ មន្រ្តីក្រសួង សាធារណការកម្ពុជា បាននិយាយថា ប្រទេសជប៉ុន បានសន្យាជាមួយកម្ពុជាថា ខ្លួននឹង បញ្ជូន អ្នកបច្ចេកទេសជំនាញ មកត្រួតពិនិត្យ មើលស្ថានភាពស្ពានជ្រោយចង្វា មុននឹង ផ្តល់ជំនួយ ជួសជុល ស្ពាននេះ តាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ការសន្យានេះ បានធ្វើក្នុងជំនួបរវាងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ លោក អាគីហ៊ីរុ អូតា រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរជប៉ុន ក្នុងពេលដែលលោក ដឹកនាំ គណៈប្រតិភូ ធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅនេះ។
លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានកិច្ចសហបត្របត្តិការអន្តរជាតិ ទទួលបន្ទុកលើគម្រោងជួសជុល ស្ពាន ជ្រោយចង្វារ បានឱ្យដឹងថា រដ្ឋមន្រ្តីដែនដីរបស់ជប៉ុន បានគាំទ្រចំពោះ គម្រោងជួសជុល ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វា) របស់កម្ពុជា ព្រមទាំងសន្យាបញ្ជូន អ្នកជំនាញ បច្ចេកទេស មកពិនិត្យមើលពីស្ថាន ភាពស្ពាននេះ ឱ្យបានហ្មតចត់ ប៉ុន្តែមុននឹងការផ្តល់ជំនួយ មកដល់ កម្ពុជាត្រូវមានវិធានការសិន។
លោកថា “មុននឹងជំនួយមកដល់ រាជរដ្ឋាភិបាលយើង ត្រូវមានវិធានការជាបន្ទាន់មួយ ។ វិធានការ របស់យើង គឺបិទឡានធំទាំងអស់ មិនឱ្យឆ្លងកាត់ រង់ចាំដល់ពេលស្ពានធ្វើហើយ និងបើកឱ្យប្រើប្រាស់ ឡើងវិញ ហើយខាង រដ្ឋាភិបាលយើង កំពុងតែមានវិធានការដែរ ឥឡូវនេះយើងកំពុងធ្វើសសរជំនួយ ដើម្បីទល់ ពីក្រោមស្ពាន” ។
ទោះជាយ៉ាងណា សម្រាប់ជំនួយខាងបច្ចេកទេស ដែលស្នើដោយភាគីកម្ពុជានេះ ត្រូវបានលោក ឈឹម ផល្លា អះអាងថា ជប៉ុនបានទទួលយកសំណើពីកម្ពុជា ប៉ុន្តែវេលាផ្តល់ជំនួយ នៅមិនទាន់ មានការឆ្លើយតប ភ្លាមៗ នៅឡើយ ។
សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជាជំនួយឥតសំណង របស់ជប៉ុន មានអាយុជិត៥០ឆ្នាំ ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញ បិទមិនឲ្យរថយន្តធុនធំ ធ្វើដំណើរឆ្លងកាត់ ចាប់តាំងពីថ្ងៃទី១៥ ខែសីហា មកម្ល៉េះ បន្ទាប់ពីមានសភាព ទ្រុឌទ្រោមខ្លាំង ជាពិសេស ទម្រផ្នែក ខាងក្រោមស្ពាន៕