ព័ត៌មានកីឡា៖ រឿងរ៉ាវបានកើតឡើងវែងឆ្ងាយមកហើយ បើនិយាយពីប្រវត្ដិចាកចេញរបស់កីឡាករ Paul Pogba ពីក្លឹប Man United ដែលស្ថិតក្នុងកំលុងពេល នៃការដឹកនាំរបស់លោក Sir Alex Ferguson ។ ខ្សែបម្រើវ័យក្មេង ជនជាតិ បារាំងម្នាក់ ត្រូវបាន ផ្ទេរចេញពីក្លឹប Man United កាលពីឆ្នាំ ២០១២ ទៅកាន់ ក្លឹប Juventus ក្នុងតម្លៃមិនច្បាស់លាស់ ប៉ុន្ដែបើតាមការអះអាងកន្លងមក គឺមិនបាន អ្វីនោះទេ ហើយបើយោងតាមការអះអាងរបស់គេហទំព័រខ្លះ គឺ ក្លឹប បានទទួលខ្លះដែរ ពីក្លឹប Juventus គឺត្រឹមតែ ៨០ ម៉ឺនផោន តែប៉ុណ្ណោះ ។
មួយរយៈមុន កាលពីទីផ្សារកីឡាករកំពុងតែមានសន្ទុះខ្លាំង ដែលក្លឹបល្បីៗក្នុងវិស័យបាល់ទាត់ជាច្រើន ចោមរោមទិញដេញថ្លៃយក ហើយតម្លៃខ្លួនកីឡាករឡើងដល់ទៅ ៧០ លានផោន ក៏មានការចុះផ្សាយរបស់គេហទំព័រជាច្រើន បង្ហាញថា លោក Sir Alex Ferguson មានការសោកស្ដាយនឹងលក់កីឡាករ ទៅឲ្យ ក្លឹប Juventus ប៉ុន្ដែទន្ទឹមនឹងការអះអាងនោះ ក៏មានពាក្យសម្ដីរបស់ លោក Sir Alex Ferguson ថ្លែងថាប្រសិនជា គាត់មាន ឱកាសជាថ្នាក់ដឹកនាំ របស់ Paul Pogba ថ្មីនោះគាត់នឹង លក់គេម្ដងទៀត។
កាលពីម្សិលមិញ លោក Sir Alex Ferguson បានទម្លាយមូលហេតុ ទាក់ទងនឹងរឿងរ៉ាវកាលពីពេលនេាះ ថា មនុស្សពិតប្រាកដដែលគាត់ មិនចូលចិត្ដនោះគឺ មិនមែនកីឡាករនោះទេ គឺជាជនទី ៣នៃជើងសារទីផ្សារកីឡាករ ឈ្មោះថា Mino Raiola ដែលជាភ្នាក់ងារផ្ទាល់របស់កីឡាករ Paul Pogba។ មានភ្នាក់ងារទីផ្សារកីឡាករ ពីរនាក់ដែល គាត់មិនចូលចិត្ដ រហូតមកទល់ពេលនេះ ។ ប្រភពដដែលបានបន្ដទៀតថា គាត់គ្មានបំណងអនុញ្ញាតឲ្យ Paul Pogba ចាកចេញនោះទេ ប៉ុន្ដែ គេស្ដាប់តាមការអូសទាញរបស់ Mino Raiola ទាំងកីឡាករកំពុងតស្ថិតក្នុងការសម្រេចផ្ដល់កិច្ចកុងត្រាថ្មី បន្ដនៅ Man United ។ Paul Pogba ទើបតែឈរជើងក្នុងទឹកដី Man Untied បានត្រឹមតែ ៣ រដូវកាលប៉ុណ្ណោះ ហើយក្លឹប ក៏គ្រោងនឹងសម្រេចកិច្ចកុងត្រាថ្មី ប៉ុន្ដែ បែជាលេចមុខ Mino Raiola មក ហើយក៏បញ្ចុះបញ្ចូល អូសទាញ យកទៅ ស្របពេលកិច្ចកុងត្រាត្រូវ ផុតកំណត់ទៀត ។ ភាពយឺតយ៉ាវនេះ បានធ្វើឲ្យគាត់យល់ថា Man United គ្មានឱកាសនឹងអាចអូសទាញ Paul Pogba យកមកវិញបានឡើយ ។ គាត់ធ្លាប់មានប្រវត្ដិបង្វឹកកីឡាករ ល្បីៗជាច្រើននាក់មកហើយ ប៉ុន្ដែក៏មិនស្មានដល់ដែរ នៅពេលនោះ ។
លោក Sir Alex Ferguson ទទួលរងការរិះគន់យ៉ាងចាស់ដៃ អំពីការសម្រេចចិត្ដផ្ទេរ Paul Pogba ទៅឲ្យ Juventus ខណៈពេលបច្ចុប្បន្ន មានការចង់បានជាខ្លាំងពីបណ្ដាក្លឹប នៅពិភពលោក ហើយហ៊ានទិញក្នុងតម្លៃខ្លួន មិនថោកជាង ៦០ លានផោនផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express