ព័ត៌មានកីឡា៖ យោងតាមពាក្យសម្ដីរបស់លោក Neymar Sr ដែលត្រូវជាឪពុកកីឡាករ Neymar Jr បានថ្លែងពីគោលបំណងដែលនឹងសម្រេចចិត្ដចាកចេញពីក្លឹប Barcelona ហើយត្រូវតម្រង់ទិសដៅ ទៅកាន់កន្លែងថ្មីវិញ ដែលមុខសញ្ញាសំខាន់បំផុតគឺអាច Man United ក្នុងទឹកដីអង់គ្លេស នៅថ្ងៃអនាគត។
លោក Neymar Sr ថ្លែងប្រាប់អ្នកកាសែតទាំងអួលដើមក ថា ដោយស្ថិតក្នុងគំនាបសង្កត់ និងតំបន់គន់គយខ្លាំងលើកូនប្រុសរបស់គាត់ គាត់ប្រហែលសម្រេចចិត្ដទាំងបង្ខំដើម្បីចាកចេញពីក្លឹប នៅរយៈពេលផុតកុងត្រាខាងមុខនេះហើយ ។
ពាក្យសម្ដីរបស់លោក Neymar Sr បានថ្លែងថា » ពួកយើងបានចាប់ផ្ដើម ជជែគ្នាពីសេចក្ដីសម្រេចកុងត្រាថ្មីរួចទៅហើយ ប៉ុន្ដែមានបញ្ហាមួយយ៉ាងធំ ធ្វើឲ្យយើងព្រួយបារម្មណ៍ខ្លាំង ហើយក៏ទាមទារឲ្យមានការដោះស្រាយយ៉ាងឆាប់រហ័សផងដែរ ។ ចាប់តាំងពីយើងបានឈានចូលទឹកដីអេស្ប៉ាញកាលពីប៉ុន្មានឆ្នាំក្រោយមក ពួកយើងស្ថិតក្រោមគំនាបសង្កត់យ៉ាងខ្លាំង ហើយឈានដល់ក្រុមជម្រើសជាតិផងដែរ ។ បើគិតទៅអស់រយៈពេល ២ឆ្នាំកន្លះមកហើយ ដែលពួកយើងបានការពារ ខ្លួនឯងពីការចោទប្រកាន់ផ្សេងៗ ។ ពួកយើងបានគោរពនូវកិច្ចកុងត្រារបស់ Neymar ជាមួយក្លឹប Barcelona ប៉ុន្ដែក៏ត្រូវគិតដល់ទៅ ការពង្រឹងកិច្ចកុងត្រានោះដែរ ដោយត្រូវការដំណោះស្រាយមួយ ដ៏ស្ងប់ស្ងាត់ និងមិនប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារនិង ក្រុមហ៊ុន។ យើងគ្មានបំណងចាកចេញពី Barcelona នោះទេ ក៏ប៉ុន្ដែបទពិសោធន៍នៃ ប្រព័ន្ធពន្ធ នៅទីនោះ គឺមិនធ្លាប់ជួបទាល់តែសោះកន្លងមក ។ កូនប្រុសរបស់ខ្ញុំគេក៏មិនចង់ចាកចេញដែរ ប៉ុន្ដែគំនាបសង្កត់ មួយនេះបានធ្វើឲ្យយើងត្រូវបង្ខំចិត្ដជ្រើសរើស ផ្លូវដើរជាថ្មី។ ពួកយើងត្រូវរ៉ាប់រង ទាំងសងខាង ទាំងក្នុងនឹងក្រៅប្រទេស (អេស្ប៉ាញ និងប្រែស៊ីល) »។
បើផ្អែកលើពាក្យសម្ដីខាងលើ ខ្សែប្រយុទ្ធវ័យក្មេងដ៏មុតស្រួចរបស់ Barcelona អាចនឹងមិនបន្ដនៅទៀតបាននោះ ទេករណីដែល ក្លឹបមិនអាចតម្លើងប្រាក់ប្រចាំឆ្នាំ ដល់កីឡាករ ។ ហើយមុខសញ្ញាគោលដៅកន្លងមក របស់កីឡាករ ក៏មានទំនាក់ទំនងខ្លាំង ជាមួយក្លឹប Man United ផងដែរ តាំងតែពីរដូវកាលមុនមកម្ល៉េះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ punditarena