(ភ្នំពេញ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Chen Po-liang របស់ក្រុមជម្រើសជាតិចិនតៃប៉ិ បានចេញសេចក្តីថ្លែងការណ៍ មួយ ឆ្លើយតបទៅនឹងអ្នកគាំទ្រនៅលើបណ្តាញសង្គម Facebook របស់កម្ពុជា ដែលគំរាមប្រឆាំងនឹងរូបគេវិញ ពេលមកប្រកួតជើងទី២ នៃវគ្គជម្រុះបឋម ពានរង្វាន់ប្រចាំទ្វីបអាស៊ី Asian Cup 2019 ថ្ងៃទី០៧ ខែមិថុនាខាងមុខ។
តាមរយៈសារព័ត៌មាន China Times ដែលបានដកស្រង់សេចក្តីថ្លែងការណ៍របស់កីឡាករវ័យ២៧ឆ្នាំ Po-liang ឲ្យដឹងថា «ខ្ញុំក៏ដូចអ្នកខ្លះបាននិយាយដែរ ខ្ញុំមិនបានប៉ះអ្នកទេ ក្រោកឡើងមក! តាមពិតបាល់ទាត់ វាតែងតែ មានការអធ្យាស្រ័យឲ្យគ្នាជានិច្ចនៅលើទីលាន ជាមួយនឹងលទ្ធផលឈ្នះ-ចាញ់ គ្រាន់តែជាលទ្ធផលគួរឲ្យ ត្រេកអរប៉ុណ្ណោះ»។
ក្នុងសេចក្តីថ្លែងការណ៍នោះដដែលបានបន្តថា «គ្រប់ការប្រកួត នរណាក៏ចង់ឈ្នះដែរ ប៉ុន្តែនោះគ្រាន់តែជាល្បែងមួយ ប៉ុណ្ណោះ ហើយក្រោយពេលបញ្ចប់ការប្រកួត ខ្ញុំក៏បាននិយាយ និងចាប់ដៃកីឡាករកម្ពុជាទៀតផង»។
ទន្ទឹមគ្នានោះដែរ Chen Po-liang ក៏បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រចិនតៃប៉ិ និងក្រុមអ្នកគាំទ្រកម្ពុជាផងដែរ ហើយក៏រំពឹងថា អ្នកគាំទ្រកម្ពុជា មិនយកគំនុំគុំគួនរូបលោក ពេលមកប្រកួតជើងទី២នៅពហុកីឡដ្ឋានជាតិ ថ្ងៃទី០៧ ខែមិថុនាខាងមុខឡើយ ដោយលោកបន្តពង្រឹងសមត្ថភាពខ្លាំងឡើង ដើម្បីជួយក្រុមចិនតៃប៉ិ បើទោះបីជាការប្រកួត នៅលើកឆាកអន្តរជាតិ ជារឿងដ៏គួរឲ្យចាប់អារម្មណ៍ និងស្វិតស្វាញបំផុតនៅលើទីលានក៏ដោយ។
សូមរំលឹកថា តាមរយៈវិដេអូផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV-News និង Fresh News TV បានឃើញ យ៉ាងច្បាស់ថា កីឡាករកម្ពុជា ឈិន ឈឿន បានដួលក្នុងប្រអប់គ្រោះថ្នាក់ ដែលជាការប៉ះទង្គិចគ្នាជាមួយ Chen Po-liang នៅនាទីទី៨០ ចុងម៉ោងក្នុងវគ្គទី២ និងពុំត្រូវបានពិន័យកាតអ្វីឡើយ ក្រៅពីលោកអាជ្ញាកណ្តាលហៅមក ព្រមានប៉ុណ្ណោះ ដោយអាចជាកំហុសដោយអចេតនារបស់គេ ក៏ថាបាន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង