CamNews

ព័ត៌មានអន្តរជាតិ 

បុរសម្នាក់ ត្រូវបានផ្ដន្ទាទោសប្រហារជីវិត ក្រោយប្រើ Facebook ជេរប្រមាថព្យាការីមូស្លីម

Taimoor Raza ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់រងការចោទប្រកាន់ថា បានបង្ហោះសារប្រមាថព្យាការីមហាម៉ាត់ ភរិយា និងគូកនរបស់គាត់ ក្នុង Comment លើបណ្ដាញ Facebook។

រដ្ឋអាជ្ញាទទួលបន្ទុករឿងក្ដីព្រហ្មទណ្ឌ ដែលធ្វើការចោទប្រកាន់នៅក្នុងរឿងក្ដីនេះ និយាយថា លោកជឿជាក់ថា នេះគឺជាទោសប្រហារជីវិតលើកទីមួយ ដែលត្រូវអនុវត្ដ នៅក្នុងរឿងក្ដី ដែលទាក់ទងទៅនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ។

ក្រុមអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះរឿងក្ដីនេះ។ ទាក់ទងនឹងករណីនេះ ក្រុមហ៊ុន Facebook ផ្ទាល់ មិនទាន់ធ្វើអត្ថាធិប្យាយឱ្យច្បាស់លាស់នៅឡើយទេ។

នាយករដ្ឋមន្ដ្រីប៉ាគីស្ថាន Nawaz Sharif បានចាត់ទុក ការពោលពាក្យប្រមាថ ព្យាការីព្រះជាម្ចាស់ថា ជា"បទល្មើស ដែលមិនអាចលើកលែងឱ្យបាន " ។



ការជជែកវែកញែកតាមផ្លូវសាសនា

រឿងក្ដីរបស់ Raza ត្រូវបានជំនុំជម្រះ ដោយតុលាការប្រឆាំងអំពើភេរវកម្ម នៅទីក្រុង Bahawalpur  ដែលមានចម្ងាយប្រហែល ៤៩៨គម ពីរដ្ឋធានី Islamabad ។

មេធាវីការពារក្តីរបស់គាត់បាននិយាយថា ជនជាប់ចោទវ័យ ៣០ ឆ្នាំរូបនេះ បានឈ្លោះគ្នាអំពី សាសនាអ៊ីស្លាម នៅលើបណ្តាញសង្គម ជាមួយមនុស្សម្នាក់ទៀត ដែលគេស្គាល់អត្ដសញ្ញាណថា ជាមន្រ្ដីទទួលបន្ទុកប្រឆាំងភេរវកម្ម។

រដ្ឋអាជ្ញាសាធារណៈ បាននិយាយថា ជនជាប់ចោទត្រូវបានចាប់ខ្លួន បន្ទាប់ពី ខាំម៉ិននូវពាក្យសម្អប់ និងប្រមាថ ចេញពីទូរស័ព្ទរបស់ខ្លួន នៅចំណតរថយន្ដក្រុងមួយ បន្ទាប់ស្មាតហ្វូន របស់គាត់ត្រូវបានរឹបអូស និងធ្វើការវិភាគ។

ជនជាប់ចោទ Raza អាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងទោសប្រហារជីវិត នៅតុលាការកំពូល នារដ្ឋធានី Lahore និងអាចប្ដឹងឧទ្ធរណ៍ទៅ តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថាន ប្រសិនបើមានការតម្រូវ។

សារព័ត៌មានក្នុងស្រុក The Express Tribune បានរាយការណ៍ថា សាលក្រមផ្ដន្ទាទោសប្រហារជីវិតនេះ ត្រូវបានប្រកាស រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីសាស្រ្តាចារ្យមហាវិទ្យាល័យម្នាក់ ត្រូវបានតុលាការបដិសេធមិនឱ្យនៅក្រៅឃុំ ក្នុងរឿងក្ដីមួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទពោលពាក្យប្រមាថ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងប្រទេសប៉ាគីស្ថាន។ អង្គការលើកលែងទោសអន្តរជាតិ បានចេញផ្សាយរបាយការណ៍សំខាន់មួយ នៃច្បាប់ស្ដីពីការពោលពាក្យប្រមាថរបស់ប្រទេសនេះ។

អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សរបស់ប្រទេសប៉ាគីស្ថាននាង Nadia Rahman បានអំពាវនាវឱ្យមានការដោះលែងលោក Raza ជាបន្ទាន់។ នាងបានប្រាប់ BBC ថា៖ «ការផ្តន្ទាទោស និងការកាត់ទោសប្រហារជីវិតនរណាម្នាក់ពីបទបង្ហោះពាក្យប្រមាថតាមអនឡាញ គឺជាការរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងជាគំរូដ៏គ្រោះថ្នាក់មួយ»។

នាងបន្ថែមថា៖ "គ្មាននរណាម្នាក់ត្រូវបាន បញ្ជូនទៅកាត់ទោស នៅចំពោះមុខតុលាការប្រឆាំងភេរវកម្ម ឬតុលាការណាមួយផ្សេងទៀតឡើយ សម្រាប់ការអនុវត្ដដោយសន្តិវិធីនូវសេរីភាពបញ្ចេញមតិ និងសេរីភាពខាងការគិត សតិសម្បជញ្ញៈ សាសនា ឬជំនឿលើបណ្តាញសង្គមនោះឡើយ" ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news