ពេជ្រ សោភា អំពាវនាវឲ្យសប្បុរសជន ជួយឧបត្ថម្ភតារាកំប្លែង នាយ ចេក
ភ្នំពេញ៖ ទស្សនិកជនធ្លាប់តែ បានឃើញការសម្តែងនិយាយកំប្លុកកំប្លែង សើចក្អាកក្អាយ ពីនាយ ចេក ដែលជាតារា កំប្លែងល្បីឈ្មោះមួយដួង ប្រចាំក្រុមនាយ កុយ យ៉ាងសប្បាយរីករាយ ជាពិសេសថ្ងៃចុងសប្ដាហ៍ នៅលើកញ្ចក់ ទូរទស្សន៍ ប៉ុន្តែទស្សនិកជន មិនបានដឹងទេថា ជីវិតឯកជន នៅពីក្រោយការកំប្លែង របស់លោកមានជីវិតកម្សត់កម្រ រស់នៅពិបាកតោកយ៉ាក កម្រិតណាឡើយ ។ នៅពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា ដែលបានដឹងពីប្រវត្តិកម្សត់ របស់តារាកំប្លែងរូបនេះ បានអំពាវនាវ សប្បុរសជនមេត្តា ជួយឧបត្ថម្ភតារារូបនេះ តាមសន្ដានចិត្ត ដើម្បីឲ្យគាត់បានរស់នៅសុខស្រួលផងចុះ ។
ជារៀងរាល់សប្តាហ៍ទស្សនិកជន តែងតែបានឃើញវត្តមាន តារាកំប្លែងនាយ ចេក បង្ហាញខ្លួន នៅស្ថានីយទូរទស្សន៍ មួយចំនួន ដៃកាន់ក្បាលមេក្រូ ខំប្រឹងរកពាក្យពេចន៍ និយាយកំប្លុកកំបែ្លង ធ្វើឲ្យ អ្នកទស្សនាផ្ទុះសំណើចសប្បាយ រីករាយ ពេលចុងសប្តាហ៍ ប៉ុន្តែនៅក្រោយ ភាពសប្បាយរីករាយនោះ ទស្សនិកជន មិនបានដឹងឡើយថា អ្នកសិល្បៈ រូបនេះមានជីវិតរស់នៅ ពិបាកយ៉ាងណា ។ ក្នុងជីវភាពរសនៅប្រចាំថ្ងៃ ក្រៅពីការសម្តែង តារាកំប្លែងរូបនេះ និងភរិយា តែងតែអូសរទេះ មានដូចជា ភេសជ្ជៈ និងសម្ភារកំប៉ិកកំប៉ុក មួយចំនួនយកទៅលក់ នៅមុខរោងចម្រមួយកន្លែង ស្ថិតនៅម្តុំ ផ្លូវជាតិលេខ២ ក្បែររង្វង់មូលគួរស្រូវ ប្រមាណ១០០ម៉ែត្រ ដើម្បីស្វែងរកប្រាក់ចំណូល បន្ថែមបន្តិចបន្តួច មកដោះស្រាយ ជីវភាពរស់នៅប្រចាំថ្ងៃ។
បើតាមតារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា បានសរសេរបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់ខ្លួនរបស់នាងថា «នេះជាជីវិតពិតរបស់គាត់ ខ្ញុំតែងតែព្យាយាមជួយគាត់ ដោយរើសគាត់មក ជាតួសម្តែង ក្នុងបទចម្រៀង របស់ខ្ញុំ ដែលមានឈុតឆាកកំប្លែង ដូចជា បទ "ម៉ាក់ដឹងម៉ាក់វ៉ៃ" បទ "ប៉ាដឹងប៉ាវ៉ៃ" បទ "កាហ្វេ១៥០០"និង បទ "No Money No Honey" ជាដើម ខ្ញុំព្យាយាមតាម ដែលអាចជួយបាន»។
នៅក្នុងសារនោះ នាងបានសរសេរបែបអំពាវនាវ ទៀតថា «សូមបងប្អូនជួយគាត់ផង ជួយគាត់ឲ្យរស់នៅរួច ផុតពីការលំបាក គាត់តស៊ូណាស់ ខ្មែរចេះជួយខ្មែរ ហើយម្យ៉ាងទៀត ខ្ញុំក៏ធ្លាប់ក្រ ខ្ញុំយល់អារម្មណ៍នេះ ហេតុនេះ ខ្ញុំព្យាយាមជួយគាត់ ហើយដូច្នេះ បងប្អូនសប្បុរសជន សុំមេត្តាជួយគាត់ផងចុះ»។
សូមបញ្ជាក់ថា តារាកំប្លែងនាយចេក បានហក់ចូលកំប្លែងក្នុងក្រុមនាង កុយ ជាច្រើនឆ្នាំមកហើយ ក្នុងនោះក្រៅពីកំប្លែងតាមឆាកតន្រ្តី នាយចេក ក៏មានទទួលកាត់សក់ ក្នុងពិធីមង្គលការ ដើម្បីបានកម្រៃខ្លះផ្គត់ផ្គង់គ្រួសារ ប៉ុន្តែរដូវវស្សាចូលដល់ ធ្វើឲ្យចំណូលពីការកាត់សក់តាមរោងការត្រូវខ្សត់ខ្សោយ ដូច្នេះនាយចេក និងប្រពន្ធ ក៏សម្រេចចិត្តអូសរទេះ ដាក់លក់ភេសជ្ជៈបន្តិចបន្ទួច គ្រាន់ដោះស្រាយមួយគ្រាៗ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល