(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានធ្វើការឃាត់ខ្លួនបុរសជនជាតិអ៉ីតាលីម្នាក់ ក្រោយដើរគំរាមវាយគេវាយឯងជារៀងរាល់ថ្ងៃ និងដើរស្រាតនៅតាមមាត់សមុទ្រ ដែលធ្វើឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ: និងសោភ័ណភាពទីក្រុង ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន ថា ជនបរទេសរូបនេះមានឈ្មោះ Askasi Jamshid អាយុ ៤៧ឆ្នាំ សញ្ជាតិអ៉ីតាលី កាន់លិខិតឆ្លងដែនលេខ YA4688368 ផុតសុពលភាពថ្ងៃទី១៧ មិថុនា ២០២៣ និងទិដ្ឋាការទេសចរណ៍លេខ TI10049887 ផុតសុពលភាពថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ។
តាមការសាកសួរជនបរទេសរូបនេះបានប្រាប់សមត្ថកិច្ចថា ខ្លួនបានឆ្លងដែនពីប្រទេសថៃ ចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នឹងបានបន្តមកស្នាក់នៅក្នុងខេត្តព្រះសីហនុ នៅផ្ទះសំណាក់ G.B.T 2 រហូតដល់ថ្ងៃឃាត់ខ្លួនតែម្តង ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ តាមការពិនិត្យជនបរទេសរូបនេះ ពិតជាបានបង្កនូវភាពអនាធិបតេយ្យ ដូចជាដើរស្រាតនៅតាមឆ្នេរអូរឈើទាល និងបានដើរគំរាមកំហែងបង្កអំពើហិង្សាលើអ្នកដទៃជារៀងរាល់ថ្ងៃ ហើយកន្លងទៅកម្លាំងនគរបាលក៏ធ្លាប់ចាប់ឃាត់ខ្លួន អស់រយៈពេល ១យប់រួច នឹងធ្វើកិច្ចសន្យាម្តងរួចមកហើយ តែជនបរទេសរូបនេះពុំរាងចាល និងនៅតែបង្កភាពអនាធិបតេយ្យដដែល។
ក្រោយបន្តសកម្មភាពដដែលនេះ កម្លាំងនគរបាលបានបន្តចាប់ខ្លួន ដើម្បីកសាងនីតិវិធី ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ត្រៀមបណ្តេញចេញពីកម្ពុជា ៕
ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី