CamNews

ព័ត៌មានអន្តរជាតិ 

អតីតមន្ត្រីទូត​​កូរ៉េខាងជើង​​ព្រមាន​ថា «គោលដៅ​​ធ្វើ​ឃាត​បន្ទាប់ គឺ​កូន​ប្រុស​​លោក គីម ជុងណាំ!»

(សេអ៊ូល)៖ កូនប្រុសរបស់លោក គីម ជុងណាំ បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងក្លាយជាគោលដៅបន្ទាប់នៃការលួចធ្វើឃាត ដែលនេះវាស្របទៅតាមពាក្យស្លោកដែលថា «ជីកស្មៅត្រូវជីកទាំងឬស» នោះឯង។ នេះបើតាមអះអាងដោយអតីតមន្ត្រីទូតកូរ៉េខាងជើងលោក ថេ យ៉ុងហូ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

ការកត់សម្គាល់បែបនេះរបស់លោក ថេ យ៉ុងហូ ធ្វើឡើងបន្ទាប់ពីបុរសវ័យក្មេងម្នាក់ឈ្មោះគីម ហាន់សូល បានអះអាងនៅក្នុងវីដេអូមួយបង្ហោះលើ Youtube ថាខ្លួនជាកូនប្រុសលោក គីម ជុងណាំ។ លោក ថេ បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានជប៉ុន ក្នុងទីក្រុងសេអ៊ូលយ៉ាងដូច្នេះថា «នៅពីក្រោយអំពើឃាតកម្ម គឺលោក គីម ជុងអ៊ុន ចង់ពង្រឹងអំណាចស្របច្បាប់ ក្នុងនាមជាមេដឹកនាំនៅក្នុងបរិបទ ដែលលោកផ្ទាល់យល់ថា បងប្រុសម្ដាយទីទៃរបស់ខ្លួនគឺលោក គីម ជុងណាំ ជាឧបសគ្គដ៏ធំនៅថ្ងៃក្រោយ អាចនឹងរារាំងដល់ការកាន់អំណាចយូរអង្វែង នៅក្នុងសង្គមកូរ៉េខាងជើង ដោយហេតុថា លោក គីម ជុងណាំ ធ្លាប់បានផ្ដល់កិច្ចសម្ភាសន៍ជាច្រើន ឱ្យបណ្ដាប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលនេះអាចជាផ្នែកមួយ នៃការធ្វើបទបង្ហាញណែនំាខ្លួន ឱ្យប្រជាជនកូរ៉េខាងជើងស្គាល់រូបលោក។ ម្យ៉ាងវិញទៀត ដើម្បីរក្សាអំណាច លោក គីម ជុងអ៊ុន ក៏នឹងមិនលើកលែងឱ្យក្មួយឈ្មោះ គីម ហាន់សូល នោះដែរ (អាយុ ២២ឆ្នាំ ជាកូនប្រុស លោក គីម ជុងណាំ) ពោលគឺរូបគេអាចនឹងក្លាយជា គោលដៅធ្វើឃាតបន្ទាប់»

គួរបញ្ជាក់ថាបើតាមសម្តីលោក ថេ យ៉ុងហូ ដែលកំពុងរស់នៅជ្រកកោននៅកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន គឺជាអ្នកនៅពីក្រោយការសម្លាប់លោក គីម ជុងណាំ។ ក៏ប៉ុន្តែខណៈស្ថានភាពនៅឧបទ្វីបកូរ៉េ កំពុងតានតឹង លោកក៏បានបញ្ជាក់ដែរថា បើសិនជាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ប្រកាសសង្រ្គាមជាមួយកូរ៉េខាងជើងនោះ ចិនអាចនឹងចូលជួយទីក្រុងព្យុងយ៉ាង ដូចដែលមហាយក្សនោះធ្លាប់បានធ្វើ នៅអំឡុងសម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)៕



ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: International news