CamNews

តារា 

ណុប បាយ៉ារិទ្ធ ត្រូវគេបង្ហើបថា ចេះរៀបចំកូនក្រុម បានល្អជាងគេ

នំពេញ៖លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងកិច្ចសន្យា ប្រចាំផលិតកម្ម ហង្សមាស និងជាគ្រូបង្វឹក ក្នុងកម្មវិធីប្រឡងចម្រៀង ល្បីកម្រិតពិភពលោក The Voice Cambodia ធ្លាប់ធ្វើឲ្យទស្សនិកជនជាច្រើន ភ្ញាក់ផ្អើល ជាមួយការឲ្យដំបូន្មាន និងវិធីសាស្ត្រ ក្នុងការអូសទាញ អ្នកប្រឡងចម្រៀង ដែលមានសមត្ថភាព ពិតប្រាកដ ឲ្យក្លាយជាកូនក្រុម របស់លោក ដោយសារសម្ដីថ្វីមាត់ពូកែ ពិសេសពាក្យពេចន៍ ក្នុងការនិយាយមុតចំ បេះដូងអ្នកស្ដាប់ ។

ឈានជើងចូលមកកាន់ វគ្គ The battle ជាវគ្គតានតឹងបំផុត សម្រាប់គ្រូបង្វឹកទាំងបួន ត្រូវសម្រេចចិត្តភ្លាមៗ លើវេទិកាដើម្បីរើស យកកូនក្រុមតែម្នាក់ ទៅកាន់វគ្គផ្សាយផ្ទាល់ ។ ឆ្លងកាត់ការចាក់ផ្សាយ២សប្ដាហ៍ កន្លងមក គេសង្កេតឃើញថា កូនក្រុម ណុប បាយ៉ារិទ្ធ ហាក់មានសមត្ថភាព គួរឲ្យព្រឺខ្លាចជាងគេ ព្រោះគ្មានកូនក្រុមមួយណា ច្រៀងបទចម្រៀងងាយស្រួលទេ សុទ្ធតែបទស្រែកដល់កំពូល ខណៈដែលកូនក្រុមរបស់លោក សុទ្ធតែលេចធ្លោ តាំងពីវគ្គដំបូង។

ទស្សនិកជនជាច្រើន បានសរសើរ លោក ណុប បាយ៉ារិទ្ធថា មិនត្រឹមតែពូកែ ផ្នែកនិយាយស្ដី ចូលត្រចៀកចូលច្រមុះអ្នកស្ដាប់ទេ លោកពូកែក្នុង ការរៀបចំការស្លៀកពាក់ ឲ្យកូនក្រុម មើលទៅស្អាតបាត និងសមគ្នាជាមួយបទចម្រៀង ធ្វើឲ្យអត់ទ្រាំសរសើរមិនបាន បើប្រៀបធៀប ជាមួយក្រុមដទៃ អាចនឹងមានសំលេងខ្ពស់ៗដូចគ្នា តែការស្លៀកពាក់ តុបតែងខ្លួន មិនអាចប្រៀប ជាមួយក្រុម លោក ណុប បាយ៉ារិទ្ធ បានទេ ។

មហាជនជាច្រើន កំពុងតែរង់ចាំមើលបន្តទៀតថា តារាចម្រៀងល្បីមួយទស្សវត្សនេះ នឹងមានអ្វីប្លែក ក្នុងវគ្គនៃការផ្សាយផ្ទាល់ ព្រោះលោកបានធ្វើឲ្យ ទស្សនិកជនភ្ញាក់ផ្អើល ជានិច្ច លោកបានសាងរឿងរ៉ាវ ភ្ញាក់ផ្អើលជាច្រើន ដូចនេះមានតែ រង់ចាំមើលបន្តថា នឹងមានអ្វីប្លែកៗបន្តទៀត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh