CamNews

ព័ត៌មានអន្តរជាតិ 

ព្យុះ Matthew នៅ Haiti សម្លាប់មនុស្សជាង ៨០០នាក់

ចំនួនមនុស្សស្លាប់ដោយសារព្យុះ Matthew នៅ Haiti កាលពីម្សិលមិញ បានកើនឡើងដល់ ជាង
៨០០នាក់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងទៅលើសេចក្ដីរាយការណ៍របស់អាជ្ញាធរ
មូលដ្ឋាន បានឱ្យដឹងថា ព្យុះខាងលើនេះបានសម្លាប់មនុស្សយ៉ាងតិច ៤៧៨នាក់ ប៉ុន្តែ មកដល់
ពេលនេះ ទំព័រ sky.com បានឱ្យដឹងថា អ្នកស្លាប់បានកើតដល់ជាង ៨០០នាក់ ក្រៅពីនេះ ក៏មាន
មនុស្សចំនួន ៦១.៥០០នាក់ផ្សេងទៀត កំពុងលាក់ខ្លួននៅទីសុវត្ថិភាព។

ព្យុះ Matthew បានបំផ្លាញផ្ទះចំនួន ៣.២០០ខ្នង។ Pilus Enor ដែលជាអភិបាលខណ្ឌ Camp
Perrin នៅភាគខាងត្បូងប្រទេស Haiti បានឱ្យដឹងថា “ការខូចខាត មាននៅគ្រប់ទីកន្លែង។ ផ្ទះ
ណាក៏ត្រូវបាត់ដំបូល។ កសិដ្ឋានទាំងអស់ ត្រូវបានបំផ្លាញ”។

លោក Pilus Enor បន្តថា “នេះគឺជាលើកដំបូងហើយ ដែលយើងខ្ញុំបានជួបហេតុការណ៍ដូច្នេះ”។
ព្យុះនេះក្រោយមក បានចុះខ្សោយបន្តិច ប៉ុន្តែ វានៅតែជាព្យុះដែលមានកម្លាំងលំដាប់ទីបី ជាមួយ
នឹងល្បឿនខ្យល់ឡើងដល់ ១៩៣គីឡូម៉ែត្រ/ម៉ោង កំពុងឆ្ពោះទៅក្បែរភាគខាងកើតសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិក Barack Obama បានប្រកាសអាសន្ននៅតាមបណ្ដារដ្ឋ Florida, Georgia,
South Carolina។

Rick Scott ដែលជាអភិបាលរដ្ឋ Florida បានហៅព្យុះនេះថា “សត្វសាហាវ” ហើយយល់ថា Matthew
អាចនឹងមានកម្លាំងខ្លាំង នៅពេលវាមកដល់អាមេរិក៕

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ Reuters/Sky


Tags: ព្យុះ Haiti Matthew