នៅពេលអ្នកសញ្ជឹងគិតដល់ភេសជ្ជៈ ដែលល្អប្រសើរចំពោះសុខភាពរបស់អ្នក អ្នកនឹងគិតដល់ទឹកភ្លាមមួយរំពេច ប៉ុន្ដែក្រៅពីទឹក នៅមានភេសជ្ជៈប្រណីតដទៃទៀត មានគុណសម្បត្ដិអស្ចារ្យដែលអ្នកគួរដាក់បញ្ចូលទៅក្នុងរបបអាហាររបស់អ្នក។ លោកវេជ្ជបណ្ឌិត Dan Nadeau នាយកវេជ្ជសាស្រ្ដ នៃមន្ទីរពេទ្យ Exeter ស្ថិតក្នុងរដ្ឋ New Hampshire បំរើការនៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម អន្ដោបញ្ច័នវិជ្ជា(ការសិក្សាអំពីក្រពេញដែលផលិតសារធាតុក្នុងខ្លួន) និងអាហារូបត្ថម្ភបានមានប្រសាសន៍ថា”ភេសជ្ជៈមួយចំនួនផ្ដល់គុណប្រយោជន៍ចំពោះសុខភាពយ៉ាងមហាសាល រាប់តាំងពីការជួយឱ្យធូរស្បើយនូវអាការៈតូចតាចដូចជា វិបត្ដិរំលាយអាហារ រហូតដល់ប្រសិទ្ធភាពការពារប្រឆាំងនឹងវិបត្ដិធ្ងន់ធ្ងរដូចជា ជំងឺពុកឆ្អឹងជាដើម”។ ខាងក្រោមនេះ CamNews សូមណែនាំប្រិយមិត្ដនូវភេសជ្ជៈ ៤យ៉ាងដែលសម្បូរដោយសារធាតុប្រឆាំងនឹងជំងឺ និងងាយស្រួលក្នុងការទទួលទាន៖
តែបៃតង៖ ភេសជ្ជៈនេះមានប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺពុកឆ្អឹង ជំងឺមហារីក ជំងឺបេះដូង និងអាការៈធ្មេញប្រហោង។ តែបៃតងសម្បូរទៅដោយបណ្ដុំសារធាតុ Flavonoids និងសារធាតុ Polyphenols ជាអុកស៊ីដកម្មធម្មជាតិ ដែលអាចការពារកោសិកាពីសារធាតុបង្កជំងឺមហារីក(carcinogens) និងទប់ស្កាត់ការលូតលាស់ដុំគីសដោយការជួយកម្ចាត់ចោលសារធាតុ Free Radical នៅក្នុងរាងកាយ។ លើសពីនេះទៀត សារធាតុប្រឆាំងអុកស៊ីដកម្មរបស់តែបៃតង ជួយការពារជំងឺបេះដូង ដោយការធ្វើឱ្យសរសៃឈាមបានសម្រាក ទប់ស្កាត់ការកកើតនៃកំណកឈាម ដែលធ្វើឱ្យស្ទះ សរសៃឈាមបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល។ ម្យ៉ាងទៀត តែបៃតងក៏មានផ្ទុកនូវសារធាតុ ហ្វ្ល័រអឺរ៉ាយ ដែលធ្វើឱ្យធ្មេញឱ្យរឹងមាំ សារធាតុ Flavonoids អាចពង្រឹងឆ្អឹងឱ្យរឹងមាំ ព្រមទាំងកាត់បន្ថយនៃជំងឺពុកឆ្អឹង និងជំងឺពុកធ្មេញផងដែរ។
ទឹកដោះគោផ្ទុកជាតិខ្លាញ់ទាប៖ ទឹកដោះគោប្រភេទនេះជួយបំបាត់ការឃ្លានអាហារ និងជួយការពាប្រឆាំងនឹងជំងឺពុកឆ្អឹង។ គុណប្រយោជន៍នេះបានដោយសារវាមានផ្ទុកនូវសមាសធាតុ នៃអាហារបំប៉នសុខភាពមានជាអាទិ៍ ជាតិកាបូអ៊ីដ្រាដ ប្រូតេអ៊ីន និងជាតិខ្លាញ់បន្ដិចបន្ដួច ដែលរាងកាយរបស់អ្នកស្រូបយកវាសន្សឹមៗ ហើយវាធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ នេះបើតាមប្រសាសន៍ វេជ្ជបណ្ឌិត Molly Pelzer អ្នកអប់រំផ្នែកអហារូបត្ថម្ភនៅឯមន្ទីរពេទ្យ Tipton រដ្ឋ Iowa។ លើសពីនេះទៀត វាធ្វើឱ្យជាតិស្ករនៅក្នុងឈាមមានស្ថេរភាព ដែលជាហេតុធ្វើឱ្យអ្នកមិនងាយនឹងឃ្លានអាហារលឿនពេក។ ទឹកដោះគោគឺជាប្រភពដ៏ប្រសើរ នៃជាតិកាល់ស្យូម ពីព្រោះវាមានផ្ទុកនូវវីតាមីនD ដែលរាងកាយមនុស្សត្រូវការចាំបាច់សម្រាប់ការស្រូបយកជាតិកាល់ស្យូមជាអតិបរមា។ ម្យ៉ាងទៀត វាអាចជួយឱ្យរាងកាយរបស់អ្នកមានសមត្ថភាពបញ្ឈប់ការផ្ទុកជាតិខ្លាញ់។ នៅក្នុងការសិក្សាស្រាវជ្រាវថ្មីមួយឱ្យដឹងថា ស្រ្ដីដែលទទួលទានអាហារចម្រាញ់ពីទឹកដោះផ្ទុកជាតិខ្លាញ់ទាប ៣ ទៅ ៤ដងក្នុងមួយថ្ងៃស្រកទម្ងន់បានច្រើនរហូតដល់ជិត២ដង ដូចស្រ្ដីដែលទទួលទានក្នុងកម្រិតតិចផងដែរ។ វេជ្ជបណ្ឌិត Pelzer មានប្រសាសន៍ថា”ជាតិកាល់ស្យូមធ្វើឱ្យកោសិការាងកាយរបស់អ្នកដុតកម្ទេចជាតិខ្លាញ់ ជំនួសឱ្យការផ្ទុកវា។ កត្ដានេះធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការឈានដល់ និងរក្សាទម្ងន់រាងកាយ ដែលអ្នកចង់បាន។
ទឹកសណ្ដែក៖ ទឹកសណ្ដែកមានប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺបេះដូង។ វាមានផ្ទុកនូវជាតិសរសៃហ្វាយប័រងាយរលាយ និងប្រូតេអ៊ីនសណ្ដែក ដែលអាចបញ្ចុះកម្រិតកូឡេស្ដេរ៉ូលមិនល្អ និង triglycerides ដោយកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺបេះដូង និងសរសៃឈាម។ ប្រសិនបើអ្នកទទួលទានវាជំនួសទឹកដោះគោ សូមជាវទឹកសណ្ដែក ដែលផ្សំជាមួយជាតិកាល់ស្យូម វីតាមីនA និងD។ សណ្ដែកមានផ្ទុកនូវសារធាតុ phytoestrogens ដែលអាចនាំទៅរកការកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺមហារីកសុដន់។ សូមប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក អំពីការទទួលទានទឹកសណ្ដែក ប្រសិនបើគ្រួសាររបស់អ្នកមានប្រវត្ដិធ្លាប់កើតជំងឺ ឬអ្នកធ្លាប់កើតខ្លួនឯង។
ទឹកប៉េងប៉ោះផ្ទុកសូដ្យូមទាប៖ ទឹកប៉េងប៉ោះមានប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទ។ ផលិតផលប៉េងប៉ោះវេចខ្ចប់ស្របតាមស្តង់ដា គឺជាប្រភពដ៏សម្បូរបែប នៃសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម Lycopene ដែលរួបរួមជាមួយនឹងការកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺមហារីកក្រពះ និងសួត ព្រមទាំងជំងឺមហារីកលំពែង ពោះវៀនធំ បំពង់អាហារ មាត់ និងជំងឺមហារីកកស្បូន។ ម្យ៉ាងទៀត សារធាតុ Lycopene ការពារសួត និងបេះដូងប្រឆាំងនឹងគ្រោះថ្នាក់ នៃអុកស៊ីដកម្ម ដោយការជួយបញ្ចៀសនូវជំងឺបេះដូង និងសរសៃឈាម។
ទឹកក្រូចពោធិ៍សាត់៖ ទឹកក្រូចពោធិ៍សាត់មានប្រសិទ្ធភាពអាចបញ្ចៀសនូវជំងឺបាយភ្នែក ជំងឺមហារីក និងភាពពិការអវយវៈពីកំណើតរបស់ទារក និងលើកកម្ពស់ភាពស៊ាំរបស់រាងកាយផងដែរ។ ក្រៅពីប្រភពដ៏ប្រសើរអស្ចារ្យ នៃវីតាមីនC ទឹកក្រូចពោធិ៍សាត់ក៏ជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏មានអំណាច ដែលអាចការពារប្រឆាំងនឹងជំងឺផ្សេងៗរួមទាំងជំងឺបាយភ្នែក និងជំងឺមហារីកសួតផងដែរ។ វីតាមីន C មានប្រសិទ្ធភាពបំផ្លាញអុកស៊ីដកម្ម ដែលអាចបណ្ដាលឱ្យកោសិកាប្រែក្លាយជាកោសិកាមហារីក ហើយវាបង្កើនមុខងារកោសិកាភាពស៊ាំ ដោយធ្វើឱ្យរាងកាយរបស់អ្នកមានសមត្ថភាពប្រឆាំងនឹងការឆ្លងមេរោគបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត វាក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីដ Folic ដែលការពារប្រឆាំងនឹងការបាត់បង់បំពង់ប្រសាទ នៃទារកក្នុងគភ៌ផងដែរ។ ដើម្បីទទួលបានគុណប្រយោជន៍បន្ថែម នៃការការពារឆ្អឹង សូមសាកល្បងទទួលទានទឹកក្រូចពោធិ៍សាត់ ដែលមានដាក់បន្ថែមជាតិកាល់ស្យូម៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ onlymyhealth